Connect with us

ព័ត៌មានជាតិ

លោក ជា សុផារ៉ា ៖ ការរីកចម្រើនរបស់កម្ពុជា ពិតជាមិនអាចកាត់ផ្ដាច់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិនដ៏ស្អិតរមួត ឡើយ

បានផុស

នៅ

លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ការរីកចម្រើនរបស់កម្ពុជា ពិតជាមិនអាចកាត់ផ្ដាច់ពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិនដ៏ស្អិតរមួត ជាពិសេសជំនួយនានាពីរដ្ឋាភិបាលចិនឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ គ្រាដែលលោក ជា សុផារ៉ា តំណាងសម្ដេចតេជោនាយរកដ្ឋមន្ត្រី រួមជាមួយលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួលគម្រោងជួសជុល និងអភិរក្សប្រាសាទតាកែវ នៃរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ នៅក្រុងសៀមរាប កាលពីព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ។

នៅក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា តំណាងសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការរីកចម្រើន និងការវិវត្តន៍ឈានឡើងរបស់កម្ពុជា ពិតជាមិនអាចកាត់ផ្ដាច់ពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជាចិនដ៏ស្អិតរមួត ជាពិសេសជំនួយហិរញ្ញប្បទានឥតសំណង ឥណទានឥតការប្រាក់ និងឥណទានសម្បទាន ក្នុងវិស័យសំខាន់ៗជាច្រើន រួមនិងការផ្ដល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ផងដែរ។

លើសពីនេះទៀត រដ្ឋាភិបាលចិន ក៏បានជួយកម្ពុជាក្នុងការថែរក្សាសិល្បៈវប្បធម៌ និងអត្តសញ្ញាណជាតិរបស់ខ្លួន តាមរយៈកម្មវិធី និងគម្រោងអភិរក្សជួសជុលស្រាវជ្រាវបណ្ដុះបណ្ដាល និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនូវសម្បត្តិវប្បធម៌ និងអរិយធម៌នៅរមណីយដ្ឋានអង្គរតាំងពីឆ្នាំ ១៩៩៣ រហូតដល់បច្ចុប្បន្ន។

ជាក់ស្ដែងប្រាសាទតាកែវ ត្រូវបានចាប់ផ្ដើមជួសជុលក្នុងឆ្នាំ ២០១១ និងបញ្ចប់នៅឆ្នាំ ២០១៨ ដោយប្រើប្រាស់ថវិកាចំនួន ៤០លានយន់, ប្រាសាទចៅសាយទេវតា ត្រូវបានចាប់ផ្ដើមជួសជុលក្នុងឆ្នាំ ២០០០ និងបញ្ចប់ក្នុងឆ្នាំ ២០០៨ ប្រើប្រាស់ថវិកាចំនួន ១៤លានយន់ ហើយបច្ចុប្បន្នកំពុងសិក្សាគម្រោង​ជួសជុលព្រះបរមរាជវាំងអង្គរធំ ដែលគ្រោងនឹងចំណាយរយៈពេល ១០ឆ្នាំពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៩ ប្រើប្រាស់ថវិកា ៩០លានយន់។

ថ្មីៗនេះអាជ្ញាធរជាតិអប្សរាទៀត ក៏ទើបទទួលបានមូលនិធិពិសេសចំនួន ៣៧៩,៤០០ដុល្លារអាមេរិក ពីគម្រោងកិច្ចសហប្រតិបត្តិការមេគង្គឡានឆាង សម្រាប់រយៈពេល ២ឆ្នាំ ដែលនឹងត្រូវអនុវត្តនៅចុងឆ្នាំ ២០២២នេះ ដើម្បីអភិរក្ស និងជួសជុលស្ពានហាលខាងកើត នៃប្រាសាទបេងមាលា។ ក្រៅពីនេះប្រទេសចិន ក៏ជាសហប្រធានជាមួយប្រទេសឥណ្ឌានៃ ICC-ព្រះវិហារ ដោយការសិក្សានៃគម្រោងអភិរក្សនិងជួសជុលគោបុរះទី ១ ទី ២ និងទី ៣ ដែលភាគីចិនកំពុងសិក្សាយ៉ាងល្អិតល្អន់ ដើម្បីរួមចំណែកក្នុងការរក្សាការពារប្រាង្គប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកមួយទៀត បន្ទាប់ពីរមណីយដ្ឋានអង្គរ។

ក្រៅពីកិច្ចការអភិរក្សទាំងអស់នេះ ស្ថាប័នសាធារណៈ និងឯកជនចិនផ្សេងទៀត ក៏បានរួមចំណែកក្នុងការងារអភិរក្សផ្សព្វផ្សាយ និងលើកតម្លៃបេតិកភណ្ឌវប្បធម៌កម្ពុជា ផងដែរ។ ដោយឡែកពិធីប្រគល់ទទួលគម្រោងជួសជុល និងអភិរក្សប្រាសាទតាកែវនាពេលនេះ គឺជាសក្ខីភាពដ៏ជាក់ស្ដែង និងជាលទ្ធផល នៃកិច្ចសហប្រតិបត្តិការអមតៈរវាងប្រជាជាតិ នៃប្រទេសទាំងពីរកម្ពុជា-ចិន។

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានបង្ហាញពីគោលជំហរថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តប្រកាន់​ខ្ជាប់ដោយឥតលក្ខខណ្ឌ និងគ្មានភាពស្រពេចស្រពិលនូវ “នយោបាយចិនតែមួយ” ក៏ដូចជាគាំទ្រយ៉ាងពេញទំហឹងនូវ “គំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវ” របស់រដ្ឋាភិបាលចិន នៅលើគ្រប់វេទិកាតំបន់និងអន្តរជាតិ ពិសេសរួមគ្នាកសាង “សហគមន៍តែមួយ ជោគវាសនាតែមួយដើម្បីមនុស្សជាតិ”។

ចំណែកលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន បានលើកឡើងថា មិត្តភាពប្រពៃណី រវាងចិន និងកម្ពុជាគឺមានមូលដ្ឋានគ្រឹះដ៏រឹងមាំ ដោយប្រជាជននៃប្រទេសទាំងពីរ មានការផ្លាស់ប្ដូរវប្បធម៌យ៉ាងជិតស្និទ្ធបំផុត ដែលនេះជាមូលដ្ឋានដ៏មានអត្ថន័យ សម្រាប់កិច្ចសហប្រតិបត្តិការ និងចំណងមេត្រីភាពរវាងប្រទេសទាំងពីរ។

លោកបន្តថា ចិន និងកម្ពុជា គឺសុទ្ធតែជាប្រទេសដែលមានអរិយធម៌រុងរឿងតាំងពីយូរលង់ណាស់មកហើយ ហើយកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរនាពេលនេះ គឺអាស្រ័យលើប្រជាជននៃប្រទេសទាំងពីរ មានការផ្លាស់ប្ដូរវប្បធម៌ភាសាគ្នាទៅវិញទៅមក ក្នុងបរិយាកាសដែលបច្ចុប្បន្នពិភពលោកកំពុងមានសេដ្ឋកិច្ច និងសភាពការណ៍ស្មុគស្មាញ ហើយសង្វាក់ផលិតកម្ម គឺត្រូវមានការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ទើបទាមទារឲ្យមានការគាំទ្រពីប្រជាជននៃប្រទេសទាំងពីរ។

លោកនាយករដ្ឋមន្ត្រី លី ខឺឈាង បានបញ្ជាក់ថា ដោយមើលឃើញថា រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរបង្ហាញឲ្យឃើញពីភាពរុងរឿងដ៏អស្ចារ្យ ក៏ដូចជាមោទនភាពរបស់ប្រជាជាតិកម្ពុជានោះ។ ដូច្នេះហើយទើបពេលនេះប្រទេសចិន ក៏បានជួយជួសជុលប្រាសាទតាកែវ នៃរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ដែលនេះជាលើកទី ២ ក្រោមក្របខណ្ឌ UNESCO បានជួយដល់ប្រទេសកម្ពុជា ហើយលោកយល់ឃើញថា គម្រោងជួសជុល និងអភិរក្សប្រាសាទតាកែវ នឹងផ្ដល់ផលប្រយោជន៍ដល់កម្ពុជា ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា ព្រមទាំងការផ្លាស់ប្ដូរវប្បធម៌អរិយធម៌ រវាងបណ្ដាប្រទេសនីមួយៗនៅលើពិភពលោក ផងដែរ។

លោកសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា នឹងរួមចំណែកធ្វើឲ្យរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គ រក៏ដូចជាជួយជំរុញដល់ប្រជាជននៃប្រទេសទាំងពីរ បានស្វែងយល់កាន់តែស៊ីជម្រៅបន្ថែមទៀត អំពីវប្បធម៌នៃប្រទេសទាំងពីរកម្ពុជា-ចិន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម