ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងអប់រំលើកទឹកចិត្តឱ្យសិស្សធ្លាក់បាក់ឌុបត្រូវបន្តក្តីសង្ឃឹមដើម្បីសម្រេចគោលបំណងជីវិត
អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានលើកទឹកចិត្តឱ្យសិស្សធ្លាក់បាក់ឌុបត្រូវបន្តក្តីសង្ឃឹមដើម្បីសម្រេចគោលបំណងជីវិត ព្រោះថាលទ្ធផលបាក់ឌុបមិនគួរជាទីបញ្ចប់នៃការសិក្សានោះទេ។
ការលើកឡើងរបស់អ្នកនាំពាក្យនេះបានធ្វើឡើងបន្ទាប់ពីក្រសួងអប់រំយុវជននិងកីឡាបានប្រកាសលទ្ធផលប្រឡងបាក់ឌុបថ្ងៃទី៥ធ្នូ ឆ្នាំ២០២២ដោយមានបេក្ខជនប្រឡងជាប់ចំនួន៩០៩៥០នាក់ត្រូវជា៧២,៣៣%នៃបេក្ខជនមកប្រឡងចំនួន១២៥៧៣៥នាក់បេក្ខជនប្រឡងធ្លាក់ចំនួន៣៤៧៨៥នាក់។ក្នុងនោះ មានបេក្ខជនជាប់និទ្ទេសAចំនួន១០៤៩នាក់និទ្ទេសB ចំនួន៧២៣២នាក់និទ្ទេស C ចំនួន១៩០៥៣នាក់និទ្ទេស Dចំនួន៣១១៦៦នាក់និងនិទ្ទេសEមានចំនួន៣២៤៥០នាក់។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៣ធ្នូ នេះថា «សម្រាប់ប្អូនៗដែលប្រឡងបាក់ឌុបធ្លាក់គួររៀនថ្នាក់ទី១២ម្តងទៀត រឺគួររៀនជំនាញ គឺអាស្រ័យលើគោលបំណងនិងឧបនិស្ស័យរៀងៗខ្លួន។ ជារួមខ្ញុំសូមផ្ដាំទៅប្អូនៗថា យើងត្រូវដឹងពីតម្រូវការនិងអាទិភាពជីវិតរបស់យើងឲ្យច្បាស់។ យើងត្រូវដឹងថាយើងចង់បានអ្វីនៅក្នុងជីវិត»។

លោកបានបន្តថា លទ្ធផលបាក់ឌុបគឺជាចំណុចចាប់ផ្ដើមថ្មីមួយសម្រាប់អ្នកសិក្សាគ្រប់រូបហើយលទ្ធផលបាក់ឌុបក៏មិនគួរជាទីបញ្ចប់នៃការសិក្សានោះដែរ។ការសិក្សាជាដំណើរប្រព្រឹត្តទៅពេញមួយជីវិត។ អ្នកសិក្សាគ្រប់រូប ត្រូវបន្តមានក្តីសង្ឃឹមដើម្បីសម្រេចគោលបំណងជីវិត។ លោកបានបន្តទៀតថា «ខ្ញុំសូមលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យយល់ថានៅក្នុងជីវិតរបស់យើងតែងជួបជោគជ័យ និងបទពិសោធន៍ផ្សេងៗ។ យើងត្រូវយកបទពិសោធន៍ទាំងឡាយជាមេរៀនជីវិតដើម្បីកសាងអនាគត។ យើងមិនអាចកែប្រែអតីតកាលបានទេ។ អ្វីដែលសំខាន់គឺយើងត្រូវប្រឹងប្រែងឲ្យអស់ពីលទ្ធភាពហើយហ៊ានទទួលយកលទ្ធផលក្រោយការព្យាយាមអស់ពីចិត្តដើម្បីរៀបចំអនាគតឱ្យរឹតតែប្រសើរ។
ធ្វើដូចនេះទើបយើងគ្មានវិប្បដិសារី»។

លោកបានបន្តទៀតថា ការសម្រេចចិត្តរបស់មនុស្សយើងត្រូវឈរលើគោលបំណងជីវិតបុគ្គល។ យើងត្រូវដឹងថាយើងចង់បានអ្វីនៅក្នុងជីវិតរបស់យើង។ លោកបានបន្ថែមថា ការរៀនជំនាញមិនគួរជាជម្រើសទីពីរ របស់មនុស្សទេ។ មានន័យថា មនុស្សគ្រប់រូបអាចជ្រើសរើសរៀនជំនាញទោះជាប្រឡងបាក់ឌុបជាប់ឬធ្លាក់ក៏ដោយ។ ប្រសិនបើបុគ្គលម្នាក់ស្រឡាញ់ជំនាញណាមួយគាត់អាចជ្រើសរើសរៀនជំនាញនោះបានក្រោយប្រឡងបាក់ឌុបជាប់។ អ្នកជាប់បាក់ឌុបក៏អាចជ្រើសរើសរៀនបន្តនៅកម្រិតឧត្ដមសិក្សាទៅតាមគោលបំណងជីវិត និងឧបនិស្ស័យរៀងៗខ្លួន។

លោក រស់ សុវាចា បានអះអាងទៀតថា ការជ្រើសរើសមុខវិជ្ជាសម្រាប់រៀនសូត្រនៅកម្រិតឧត្តមសិក្សា និងជំនាញ គឺជាជម្រើសបុគ្គលនិងគ្រួសារដោយផ្សារភ្ជាប់រវាងចំណង់ចំណូលចិត្តនិងឧបនិស្ស័យផ្ទាល់ខ្លួននិងទីផ្សារការងារ។ លោកបានបញ្ជាក់ថា កត្តារៀនសូត្របន្តអាស្រ័យលើការពិចារណារបស់សាម៉ីខ្លួនដោយឈរលើមូលដ្ឋានចំនួនបួន៖ ១-ការយល់ដឹងច្បាស់ពីមុខជំនាញ២-ឧបនិស្ស័យបុគ្គល៣-ការពិនិត្យមើលលទ្ធភាពផ្ទាល់ខ្លួន និង ៤-តម្រូវការទីផ្សារការងារ។ លោកបានបន្ថែមទៀតថា នាយកដ្ឋានជំនាញរបស់ក្រសួងអប់រំ យុវជននិងកីឡាចំនួនបី រួមមាននាយកដ្ឋានឧត្តមសិក្សា, នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ និងនាយកដ្ឋានយុវជនដោយមានការរួមចំណែកពីក្រុមប្រឹក្សាយុវជនកម្ពុជាបានចុះយុទ្ធនាការក្នុងការពន្យល់តម្រង់ទិសមុខជំនាញដល់សិស្សថ្នាក់ទី១២ នៅទូទាំងប្រទេសដើម្បីបង្កើនការយល់ដឹងក្នុងការចាប់យកមុខជំនាញ អភិវឌ្ឍសង្គមសេដ្ឋកិច្ច។

លោក រស់ សុវាចា បានបញ្ជាក់បន្ថែមថា គុណភាពអប់រំជាផលិតផលនៃកត្តាធម្មជាតិ និងកត្តាសង្គម។ កត្តាធម្មជាតិសំដៅដល់កំណើតកើតជារបស់បុគ្គល។ កតា្តសង្គមសំដៅដល់សង្គមសាលារៀន សង្គមគ្រួសារ សង្គមមិត្តភក្តិជាដើម។
ដូចនេះ គុណភាពអប់រំអាស្រ័យលើការចូលរួមពីអ្នកសិក្សាផ្ទាល់ និងគ្រប់ភាគីពាក់ព័ន្ធ។
លោកបានសង្កត់ធ្ងន់ថា ក្នុងន័យនេះ ក្រសួងអប់រំ ជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់គុណភាពអប់រំតាមរយ:គ្រប់រូបភាព អមដោយកិច្ចសហការវិជ្ជមានជាមួយក្រសួង ស្ថាប័ន ដៃគូរអភិវឌ្ឍន៍វិស័យឯកជន និងគ្រប់តួអង្គពាក់ព័ន្ធ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


