ព័ត៌មានជាតិ
ភ្នំច្រកល្អៀងមានប្រវត្តិ ជំនាន់បារាំងដេញចាប់អ្នកតាសច្ចំចេះមន្តអាគមនៅខេត្តពោធិ៍សាត់
រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀងជារមណីយដ្ឋានធម្មជាតិស្ថិតនៅក្នុងឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានចម្ងាយ ៧៣គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់និង ៤១គីឡូម៉ែត្រពីទីរួមស្រុកក្រគរ។
កាលដើមឡើយ ច្រកល្អៀងពុំមែនជារមណីយដ្ឋានឬជាកន្លែងសម្រាប់គោរពបូជានោះទេ។ ស្ថានកន្លែងនោះជាតំបន់ធម្មជាតិស្រស់ត្រកាលកប់នៅកណ្តាលព្រៃជ្រៅ និងជាទីជម្រកសត្វព្រៃចម្រុះរស់នៅ និងកម្រមានមនុស្សទៅដល់ណាស់ ទើបនាឆ្នាំ២០០២ ក្រោយពេលប្រទេសជាតិទទួលបានសន្តិភាពពេញលេញ វិស័យទេសចរណ៍មានការរីកចម្រើន អ្នកទេសចរជាតិ និងអន្តរជាតិ ចូលចិត្តដើរកម្សាន្តតាមតំបន់ធម្មជាតិ ទើបមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់សហការជាមួយអាជ្ញាធរដែនដី បានរៀបចំតំបន់នេះឱ្យក្លាយទៅជារមណីយដ្ឋានធម្មជាតិមួយសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិចូលកម្សាន្ត ។

បើតាមមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់បានបង្ហាញប្រវត្តិបន្ថែមពីឈ្មោះរមណីយដ្ឋានទេសចរណ៍នេះថា តាមការតំណាលតៗគ្នានាសម័យអាណានិគមនិយមបារាំង ចលនាប្រឆាំងនឹងការជិះជាន់របស់បារាំងបានរីករាលដាលស្ទើរពេញផ្ទៃប្រទេស ក្នុងចលនាទាំងនោះមានជាអាទិ៍អាចារ្យស្វា ពោធិ៍កំបោរ ហែមជាវ ដែលត្រូវពួកបារាំងធ្វើការបង្ក្រាបយ៉ាងសាហាវបំផុត។
ដោយឡែកនៅភូមិបំណក់ មានលោកតាម្នាក់ឈ្មោះ ប៉ូវ អៀង ជាចាស់ព្រឹទ្ធាចារ្យនៅក្នុងភូមិ និងចេះវិជ្ជាមន្តអាគមគាថាផ្សេងៗ ដូចជាវិជ្ជា ឆ្អឹងដែក ស្បែកស្ពាន់ ដែលអ្នកស្រុកអ្នកភូមិតែងតែទៅពឹងពាក់គាត់ ដើម្បីឱ្យជួយចារជាយ័ន្តការពារខ្លួនឬប្រើប្រាស់ក្នុងផ្នែកប្រកបរបរទទួលទានផ្សេង។ ម្យ៉ាងទៀតលោកតា ប៉ូវ អៀង មានរូបសំណាកមន្តអាគមមួយបែបឈ្មោះថា អថ័ន (ខ្លះថា អថ័ននេះជារូបសំណាកមនុស្សស្រាត មានចលនា និងអាចជួយមនុស្សបំបាំងខ្លួនបាន ) ដែលនៅពេលមានអាសន្ន លោកតា ប៉ូវ អៀង តែងតែគេចផុតពីគ្រោះថ្នាក់ជានិច្ច។ លោកតាជាមនុស្សមានប្រជាប្រិយភាពនៅក្នុងភូមិក៏ដូចជាឃុំឈើតុំទាំងមូល ឱ្យតែលោកតាដឹកនាំ ឬផ្តើមគំនិតធ្វើអ្វីមួយ អ្នកភូមិតែងធ្វើតាមនិងគោរពគាត់ជានិច្ច។
ក្នុងជំនាន់នោះ ចលនាប្រឆាំងពួកអាណានិគមបារាំងបានរីករាលដាលពេញផ្ទៃប្រទេសស្របនឹងការដេញបង្រ្កាប និងសម្លាប់យ៉ាងឃោរឃៅពីសំណាក់ពួកអាណានិគមន៍បារាំង។ បារាំងបានដឹងថា នៅភូមិបំណក់ ឃុំឈើតុំនេះមានអ្នកខ្លាំងពូកែខាងមន្តអាគម គឺលោកតា ប៉ូវ អៀង ជាចាស់ព្រឹទ្ធាចារ្យម្នាក់ដែលអាចនឹងនាំគ្រោះថ្នាក់ដល់ពួកខ្លួនទើបពួកបារាំងកំណត់រូបគាត់ជាមុខសញ្ញាមួយដែលត្រូវតែកម្ចាត់ឱ្យបាន។ បន្ទាប់ពីដឹងដំណឹងនេះ ដោយព្រហ្មវិហារធម៌លោកតាគិតថា មិនចង់ឱ្យអ្នកភូមិមានគ្រោះថ្នាក់ដោយការដឹកនាំប្រឆាំងតបតនឹងពួកបារាំង ទើបលោកតាសុខចិត្តភៀសខ្លួនតែម្នាក់ឯងទៅលាក់ខ្លួននៅឯតំបន់ព្រៃភ្នំមួយកន្លែង ដោយនាំទាំងក្បួនខ្នាត គាថាផ្សេងៗ រួមទាំងអថ័នទៅជាមួយផង។ ពួកបារាំងបានតាមមករកចាប់ខ្លួនលោកតាដល់លំនៅដ្ឋានរបស់លោកតាតែម្តង តែពួកបារាំងមើលមិនឃើញ ដោយគេបានឃើញគាត់ចុះពីលើផ្ទះយួរបង្វិចឥវ៉ាន់ដើរពីមុខពួកបារាំង រួចក៏ឡើងជិះសេះផាយចូលព្រៃបាត់ទៅ។
ការធ្វើដំណើររបស់ លោកតា ប៉ូវ អៀង គឺឆ្ពោះទៅកាន់តំបន់ព្រៃភ្នំក្រាស់ៗដែលអាចលាក់ខ្លួនបាន គឺមកដល់ច្រកភ្នំមួយដែលមានទឹកហូរ ចេញពីភ្នំត្រជាក់ថ្លាយង់ និងមានសភាពស្ងាត់ជ្រងំពុំមានមនុស្សទៅដល់ លោកតាគិតថា កន្លែងនេះអាចលាក់បំពួនខ្លួនគាត់ពីការតាមចាប់របស់បារាំង ទើបបានលោកតាសម្រេចចិត្តស្នាក់នៅក្នុងល្អាងមួយ។

ក្រោយមកពួកបារាំងបានដឹងថាលោកតា ប៉ូវ អៀង បានគេចមកពួននៅភ្នំមួយ ពួកវាក៏តាមរុករកគាត់ជាប្រចាំ តែមិនអាចរកគាត់ឃើញសោះ។ កន្លែងដែលបារាំងតាមរកគាត់ហើយបានបោះទីតាំងសម្រាកនោះ បានជាប់ឈ្មោះថាជាដំណាក់បារាំងរហូត ដល់បច្ចុប្បន្ន។ រីឯលោកតា ប៉ូវ អៀង បានស្នាក់នៅក្នុងល្អាងព្រៃភ្នំនោះ អស់រយៈពេលជាច្រើនឆ្នាំរហូតដល់អស់ អាយុនៅទីនោះទៅ។
កន្លែងដែលលោកតា ប៉ូវ អៀង បានស្នាក់នៅនោះអ្នកស្រុកឲ្យឈ្មោះថា ភ្នំលោកតាប៉ូវ អៀង លុះក្រោយមកបានក្លាយមកជាភ្នំតាអៀង ក្រោយមកទៀតឈ្មោះថា ភ្នំល្អៀង លុះមកដល់ជំនាន់ក្រោយមកគេក៏បានកំណត់ភ្នំនេះឈ្មោះថា ភ្នំច្រកល្អៀង ព្រោះភ្នំនេះមានច្រកចូលមួយតាមចង្កេះភ្នំ មានសណ្ឋានផ្អៀងបន្តិចរហូតមក។
រមណីយដ្ឋាននេះជារមណីយដ្ឋានដែលមាន សម្រស់ស្រស់ស្អាតបែបធម្មជាតិ មានទឹកថ្លាឈ្វេងលើផ្ទាំងថ្ម ធំៗលាយនឹងអាកាសធាតុត្រជាក់ មានដើមរុក្ខជាតិតូចធំចម្រុះគួរឱ្យគយគន់ និងទីជំរកនៃសត្វព្រៃ គួរជាទីមនោរម្យសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលម្ហែកម្សាន្ត៕


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ