ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក ស ថេត បញ្ជាឲ្យផ្អាកសកម្មភាពចាប់ម៉ូតូ មានបំពង់ស៊ីម៉ាំងឮខ្លាំងបណ្តោះអាសន្នសិន
បន្ទាប់ពីមានការមន្ត្រីនគរបាលមួយចំនួន អនុវត្តលើសតាមបទបញ្ជាធ្វើឲ្យមានប្រជាពលរដ្ឋខ្លះ មានការថ្នាំងថ្នាក់នោះ ឧត្តមសេនីយ៍ឯក ស ថេត បញ្ជាឲ្យនគរបាលរាជធានីភ្នំពេញ ផ្អាកសកម្មភាពចាប់ម៉ូតូ ដែលមានបំពង់ស៊ីម៉ាំងឮខ្លាំងជាបណ្តោះអាសន្នសិន។

ក្នុងសារសំឡេងផ្ញើទៅកាន់នគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក ស ថេត បានថ្លែងបញ្ជាក់ថា កងកម្លាំងនគរបាលទាំង១៤ខណ្ឌក្នុងរាជធានីភ្នំពេញ ត្រូវផ្អាកសកម្មភាពចាប់ម៉ូតូធំ ដែលមានបំពង់ស៊ីម៉ាំងឮខ្លាំង បង្កការរំខានដល់ប្រជាពលរដ្ឋជាបណ្ដោះអាសន្នសិន រង់ចាំទទួលបញ្ជាថ្មីពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដើម្បីចៀសវាងនូវការថ្នាំងថ្នាក់ជាមួយប្រជាពលរដ្ឋ ព្រោះម៉ូតូខ្លះមិនបានកែច្នៃនោះទេ ពោលមានសំណុំដើមមកពីរោងចក្រតែម្ដង។ ក្រោយមានបទបញ្ជាពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ឲ្យចាប់ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងឮខ្លាំងបង្កការរំខាននោះ មានមន្ដ្រីមួយចំនួនបានអនុវត្តលើសពីការណែនាំ ហើយមានរូបភាពខ្លះ ចូលចាប់ដល់ក្នុងផ្ទះតែម្ដង ដែលជាការខុសពីបទបញ្ជា ខណៈឯកឧត្ដមក៏បានមិនបានបញ្ជាឲ្យអនុវត្តបែបនេះនោះដែរ។

គួរបញ្ជាក់ថា ការចេញបទបញ្ជាឲ្យ កម្លាំងនគរបាល បើកស្រាវជ្រាវកំណត់អត្តសញ្ញាណម៉ូតូធំ ដែលបង្កសំឡេងរំខានដល់ប្រជាពលរដ្ឋរបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី៨ ខែមករាកន្លងទៅ និង ការចេញបទឲ្យផ្អាកសកម្មភាពចាប់ម៉ូតូ ដែលមានបំពង់ស៊ីម៉ាំងឮខ្លាំងនេះ ធ្វើឡើង បន្ទាប់ពី មានករណីក្មេងទំនើងមួយចំនួនជិះម៉ូតូធំ កែច្នៃបំពង់ស៊ីម៉ាំង ខុសលក្ខណៈបច្ចេកទេសនៃទ្រង់ទ្រាយដើម ហើយមានសំឡេងឮខ្លាំងបង្កការរំខានដល់ប្រជាពលរដ្ឋ ពិសេសថ្នាក់ដឹកនាំជាន់របស់រាជរដ្ឋាភិបាល ដោយសំឡេងបំពង់ស៊ីម៉ាំងនេះ ផងដែរ។

លោក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃនេះ សមត្ថកិច្ចគនរបាលរាជធានីភ្នំពេញ បានចាប់ឃាត់ម៉ូតូកែច្នៃស៊ីម៉ាំង ឬម៉ូតូដែលមានសំឡេងបំពងខុសលក្ខណៈបច្ចេកទេស បង្កការរំខានដល់ដំណេករបស់ប្រជាពលរដ្ឋចំនួន៦៤ គ្រឿង ដើម្បីធ្វើការណែនាំ និងអប់រំ។ លោក បានបន្តថា នេះមិនមែនជាយុទ្ធនាការថ្មីនោះទេ ពីព្រោះសកម្មភាពនេះ សមត្ថកិច្ចរាជធានីភ្នំពេញ បានធ្វើជាបន្តបន្ទាប់យូរហើយ ប៉ុន្តែចំនួន៦៤គ្រឿងនេះ គឺយើងគិតចាប់ពីថ្ងៃ ដែលសម្ដេចក្រឡាហោម ស ខេង បានអំពាវនាវជាថ្មីកាលពីប៉ុន្មានថ្ងៃមុននេះ។ លោកបញ្ជាក់ថា ម៉ូតូទាំងអស់ដែលបានចាប់ឃាត់នោះ ត្រូវបានរក្សាទុកនៅតាមខណ្ឌ ដែលជាអ្នកបង្ក្រាបនោះ ហើយហៅម្ចាស់មកណែនាំអប់រំ។ ប្រសិនបើម៉ូតូទាំងនោះ ជាម៉ូតូច្នៃបំពង់ស៊ីម៉ាំង គឺត្រូវឲ្យដោះចេញ ហើយយកបំពង់ស៊ីម៉ាំងដើមមកដាក់វិញ។


លោក សាន សុខសីហា បានបញ្ជាក់ដែរថា កន្លងមកសមត្ថកិច្ចមិនបានធ្វើការពិន័យអ្វីនោះទេ គឺគ្រាន់តែចាប់ឃាត់ និងធ្វើការណែនាំអប់រំ ហើយយកបំពង់ស៊ីមុំាងអូរីជីណល (Original) នោះ យកមកដាក់វិញប៉ុណ្ណោះ រួចហើយហៅឪពុកម្ដាយឲ្យមកធ្វើការធានា ដើម្បីយកត្រឡប់ទៅវិញ។ លោកអះអាងថា កន្លងមកបើទោះបីជាមិនមានការពិន័យធ្ងន់ធ្ងរអ្វីក៏ដោយ ក្រោយពីមានសកម្មភាពរបស់សមត្ថកិច្ចលើបញ្ហានេះ ក៏មានការកាត់បន្ថយច្រើនដែរ ទាក់ទងទៅនឹងក្មេងទំនើង ដែលតែងតែកែច្នៃម៉ូតូ បង្កការរំខានដល់ប្រជាពលរដ្ឋនោះ ដូច្នេះវាមានប្រសិទ្ធភាពច្រើនដែរ មិនបានរំខានទៅដល់ប្រជាពលរដ្ឋដែលសម្រាកនៅពេលយប់ និងថ្ងៃ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ