Connect with us

ព័ត៌មានជាតិ

សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួប​ប្រជុំ​ប្រចាំ​ឆ្នាំ​ជាមួយ​ប្រព័ន្ធ​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​

បានផុស

នៅ

នៅ​វិមាន​សន្តិភាព នា​រសៀល​ថ្ងៃទី ២៨ ខែមីនា ២០២៣​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះ រាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ជួបប្រជុំ​ប្រចាំឆ្នាំ​ជាមួយ​ប្រព័ន្ធ​អង្គការសហប្រជាជាតិ ប្រចាំ​នៅ​កម្ពុជា ដឹកនាំ​ដោយ​លោក ចូ​សែ​ហ្វ សូ​យ័រ (Joseph Scheuer ) អ្នកសម្របសម្រួល​អង្គ​ការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ឲ្យ​ដឹង​ពី​ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្ដេច​តេ​ជោ បានឱ្យដឹងថា ជំនួប​ប្រជុំ​នេះ បាន​យកចិត្តទុកដាក់​ទៅលើ​ប្រធានបទ​ចំនួន​០២ ដែល​ប្រធានបទ​ទី​១​គឺ​ការពង្រឹង​ប្រព័ន្ធ​សុខាភិបាល​ប្រកបដោយ​ភាព​ធន់​ឆ្ពោះទៅ​ការ​គ្របដណ្តប់​សុខភាព​ជាស​កល ដែល​បែង​ចែកចេញជា​ពីរ គឺ​១-​ទិសដៅ​អាទិភាព​រាជរដ្ឋាភិបាល​ក្នុងការ​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​ប្រកបដោយ​ភាព​ធន់ ដើម្បី​ឈាន​ឆ្ពោះទៅ​ការ​គ្របដណ្តប់​សុខភាព​ជាស​កល និង​២- ការគាំទ្រ​របស់​អង្គការសហប្រជាជាតិ​ដល់​ទិសដៅ​អាទិភាព​របស់​រាជរដ្ឋាភិបាល​ក្នុងការ​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​ប្រកបដោយ​ភាព​ធន់​ដើម្បី​ឈានឆ្ពោះ​ទៅ​ការ​គ្របដណ្តប់​សុខភាព​ជាស​កល ។ ប្រធានបទ​ទី​២ គឺ​ការ​ប្រព័ន្ធ​គាំពារ​សង្គម ក៏មាន​ការបែងចែក​ជា​ពីរ​ចំណុច​ដែរ គឺ​១- ទិសដៅ​អាទិភាព​របស់​រាជរដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍ និង​ការពង្រីក​ការ​គ្របដណ្តប់​ប្រព័ន្ធ​គាំពារ​សង្គម​ដែល​គាំពារ​ប្រជាពលរដ្ឋ​គ្រប់រូប​នៅ​កម្ពុជា ជាពិសេស​ប្រជាពលរដ្ឋ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​ដែលមាន​ហានិភ័យ និង​វិបត្តិ​ផ្សេងៗ និង​២- ការគាំទ្រ​របស់​អង្គការសហប្រជាជាតិ​ដល់​ទិសដៅ​អាទិភាព​របស់​រាជរដ្ឋាភិបាល​ដើម្បី​អភិវឌ្ឍ​បន្ថែមទៀត នូវ​ប្រព័ន្ធ​គាំពារ​សង្គម​។

ពាក់ព័ន្ធ​ទៅនឹង​កិច្ចពិភាក្សា​ទាំងពីរ​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បានធ្វើការ​សន្និដ្ឋានថា ប្រព័ន្ធ​អង្គការសហប្រជាជាតិ បាន​ប្រកាន់​ភ្ជាប់​នូវ​ភាពទន់ភ្លន់ និង​បត់បែន​តាម​សភាពការណ៍​ក្នុងការ​អនុវត្ត​យូ​អ៉ិ​ន​ដាស្ស (UNDAF) តាមរយៈ​ដាក់​ឲ្យ​អនុវត្ត​ក្របខណ្ឌ​ឆ្លើយតប​សង្គម​សេដ្ឋកិច្ច និង​ពិនិត្យ​កែសម្រួល​មូលធន និង​គោលដៅ​អន្តរាគមន៍​ឡើងវិញ សំដៅ​គាំទ្រ​រាជរដ្ឋាភិបាល ក្នុងការ​កាត់បន្ថយ​ផលប៉ះពាល់ នៃ​ជំងឺ​រាតត្បាត​មកលើ​ក្រុម​ងាយ​រងគ្រោះ​បំផុត​។​

​ទន្ទឹមនឹងនេះ ក៏បាន​កៀរគរ​ធនធាន​ថ្មី​បន្ថែម​សម្រាប់​គាំទ្រ​រាជរដ្ឋាភិបាល​ក្នុងការ​ឆ្លើយតប​នឹង​តម្រូវការ​ផ្នែក​សុខភាព និង​ការស្តារ​សង្គម​សេដ្ឋកិច្ច​ឡើងវិញ អ្វីដែល​គួរ​ឲ្យ​អបអរសាទរ និង​កោតសរសើរ គឺ​ការសម្រេចបាន​វឌ្ឍនភាព​វិជ្ជមាន​លើ​លទ្ធផល​រំពឹងទុក​លើ​យុទ្ធសាស្ត្រ​ទាំង​ប្រាំ​របស់ យូ អិន ដាស្ស (UNDAF) នៅក្នុង​កាលៈទេសៈ​ដ៏​សែន​លំបាក ទាំងនេះ​អាច​បញ្ជាក់បាន​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​អនុវត្ត​រួមគ្នា​របស់​ភ្នាក់ងារ​ទាំងអស់​របស់​អង្គការសហប្រជាជាតិ និង​កិច្ច​សហ​ប្រតិបត្តិការ​យ៉ាង​ល្អ​ប្រពៃ​ក្នុង​ភាពជា​ដៃគូ​ដ៏​រឹងមាំ និង​យូរអង្វែង​ជាមួយនឹង​ក្រសួង​ស្ថាប័ន នៃ​រាជរដ្ឋាភិបាល ។​

​ទាក់ទង​ទៅនឹង​ការរៀបចំ​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ ការអនុវត្ត​ប្រកបដោយ​ចីរភាព នៃ​ប្រព័ន្ធ​អង្គការ​សហ​ប្រជាជាតិ ២០២៤-២០២៨ ក៏មាន​វឌ្ឍនភាព​ល្អប្រសើ​រ តាមរយៈ​កិច្ច​ពិគ្រោះ​យោបល់​ក្នុង​ភាពជា​ដៃគូ​ប្រកបដោយ​បរិ​យា​ប័ន្ន។

សម្តេច ក៏បាន​លើកទឹកចិត្ត​ឲ្យ​ភាគី​ពាក់ព័ន្ធ​បន្ត​កិច្ចសហការ​ដើម្បី​ឈានទៅ​បញ្ចប់​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​ប្រកបដោយ​ចីរភាព នៃ​ប្រព័ន្ធ​អង្គការសហប្រជាជាតិ​នេះ​តាម​ការគ្រោងទុក​នៅ​ខែឧសភា ឆ្នាំ​២០២៣​។​

​សម្រាប់​ជា​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​សំខាន់​រយៈពេល​ប្រាំ​ឆ្នាំ​ខាងមុខ ឆ្នាំ​២០២៤ – ២០២៨ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ស្នើ​ឲ្យ​ភ្នាក់ងារ​ពាក់ព័ន្ធ នៃ​ប្រព័ន្ធ​អង្គការសហប្រជាជាតិ​បន្ត​រៀបចំ​តាម​យន្តការ​កិច្ច​ពិគ្រោះ​យោបល់​ដែលមាន​ស្រាប់ ដោយ​រាជរដ្ឋាភិបាល​ផ្តល់​ការគាំទ្រ​ជា​ផ្លូវការ​លើ​ឯកសារ​ទាំងនេះ សម្រាប់​ជា​មូលដ្ឋាន​ក្នុងការ​ពិនិត្យ និង​អនុម័ត​ក្នុង​អង្គប្រជុំ​របស់​ក្រុមប្រឹក្សា​ប្រតិបត្តិ។

ចំពោះ​ប្រធានបទ ស្ដីពី​ការពង្រឹង​សុខាភិបាល​ប្រកបដោយ​ភាព​ធន់​ឆ្ពោះទៅ​ការ​គ្របដណ្តប់​សុខភាព​ជាស​កល និង​ពង្រីក​ប្រព័ន្ធ​គាំពារ​សង្គម កិច្ចពិភាក្សា បាន​បង្កើន​ការយល់ដឹង​រួមគ្នា​អំពី​វឌ្ឍនភាព​អំពី​បញ្ហា​ប្រឈម គោលដៅ​ជា​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ក្នុង​វិស័យ​អាទិភាព​ទាំងពីរ​នេះ ដែលជា​មូលដ្ឋាន​ស្នូល នៃ​ការអភិវឌ្ឍ​ធនធានមនុស្ស​ដែល​នឹងត្រូវ​រំលេច​ចេញ​លម្អិត​ក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​សម្ដែង​ក្ដី​រីករាយ​ចំពោះ​ការប្ដេជ្ញាចិត្ត​របស់​ប្រព័ន្ធ​អង្គការសហប្រជាជាតិ​ដែល​គាំទ្រ​រាជរដ្ឋាភិបាល​ក្នុងការ​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​ប្រកបដោយ​ភាព​ធន់ ឆ្ពោះ​ទៅ​ការ​គ្របដណ្តប់​សុខភាព​ជាស​កល និង​ពង្រីក​ប្រព័ន្ធ​គាំពារ​សង្គម ក្នុង​គោលដៅ​បន្ត​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ចកម្ពុជា ប្រកបដោយ​ភាព​ធន់ ចីរភាព និង​បរិ​យា​ប័ន្ន។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជំរុញ​លើកទឹកចិត្ត​ឲ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នានា នៃ​រាជរដ្ឋាភិបាល​បន្តធ្វើ​កា​រងារ​នេះ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត​ជាមួយនឹង​ភ្នាក់ងារ​ប្រព័ន្ធ​អង្គការសហប្រជាជាតិ​ដើម្បី​ប្រែក្លាយ​ការប្ដេជ្ញាចិត្ត និង​ការគាំទ្រ​ទាំងនេះ​ឲ្យ​ទៅជា​សកម្មភាព​ជាក់ស្ដែង ។ សម្តេច​តេ​ជោ​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការគាំទ្រ​ទាំងឡាយ​ដែល​ប្រព័ន្ធ​អង្គការសហប្រជាជាតិ​បានផ្តល់​កន្លងមក​សម្រាប់​រួមចំណែក​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ចកម្ពុជា​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម