Connect with us

ព័ត៌មានជាតិ

សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព​លោកតា​ឧបាសក ឌី បូ

បានផុស

នៅ

នៅ​រសៀល ថ្ងៃ​១០​កើត ខែចេត្រ ឆ្នាំខាល ចត្វា​ស័ក​ពុទ្ធសករាជ​២៥៦៦ ត្រូវ នឹង​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២៣ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព​លោកតា​ឧបាសក ឌី បូ ត្រូវជា​ឪពុកមា​បង្កើត​របស់​ស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​តម្កល់​ធ្វើបុណ្យ​ទ​ក្ខិ​ណា​នុប្ប​ទា​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា នៅ​គេហដ្ឋាន​លេខ​៤១-៤៣ ផ្លូវ​២៦៥ សង្កាត់​ទឹកល្អក​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅ​ចំពោះមុខ​រូបថត នៃ​ម​ជ្ឈូ​ស​តម្កល់សព សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​លំឱនកាយវាចា​ចិត្ត​ដោយ​សេចក្តី​គោរព​កតញ្ញូតាធម៌​ដ៏​ជ្រាលជ្រៅ​បំផុត ចំពោះ​វិញ្ញាណ​សព​លោកតា​ឧបាសក ឌី បូ ត្រូវជា​ឪពុកមា​ដែល​បានធ្វើ​កម្ម​កិរិយា​លាចាក​លោក​យើង​នេះ ទៅកាន់​លោក​ខាងមុខ ក្នុង​ជន្មាយុ ១០២​ឆ្នាំ ដោយ​ជរាពាធ​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ឧទ្ទិស​វិញ្ញាណក្ខន្ធ​សព​លោកតា​ឧបាសក ឌី បូ បាន​យោង​យិ​តទៅ​ចាប់បដិសន្ធិ​ក្នុងឋាន​បរមសុខ​និ​ពាន្ធ​កុំបី​ឃ្លាងឃ្លាត​ដោយ​ប្រការ​ណាមួយ​ឡើយ​។

​តាម​ជីវប្រវត្តិ​បាន​ឪ្យ​ដឹងថា លោកតា​ឧបាសក ឌី បូ ប្រសូត្រ​

​នៅ​ឆ្នាំច ថ្ងៃទី​៨ ខែមេសា ឆ្នាំ​១៩២១ នៅក្នុង​គ្រួសារ​កសិករ នៅ​ភូមិ​ពាម​ក្រៅ ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​។ លោកតា​មាន​ឳ​ពុក​នាម អ៊ុច ឌី និង​ម្តាយ​នាម អ៊ុយ ម៉ប់​។ លោកតា​ឧបាសក ឌី បូ ជា​កូន​ទី​៤ ក្នុងចំណោម​បងប្អូន ៨ នាក់ ដែល​រួមមាន​លោកយាយ​ឌី ប៉ែត លោកតា​ឌី សយ លោកយាយ​ឌី ប៉ុក លោកតា ឌី បូ លោកតា ឌី ថន លោកយាយ​ឌី ថូ លោកយាយ​ឌី ម៉ន និង​លោកតា​ឌី ផាន​។ លោកតា​ឧបាសក ឌី បូ ជា​ប្អូនប្រុស​បង្កើត​របស់​មហា​ឧបាសិកា ឌី ប៉ុក ដែលជា​ម្តាយបង្កើត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​។ កាលពី​កុមារភាព​លោកតា​ឧបាសក ឌី បូ ទទួលបាន​ការសិក្សា​ប​ន្តិ​ច​បន្តួច​នៅតាម​វត្ត​អា​រ៉ា​ម​និង​បាន​ប្រកបមុខរបរ​ជា​អ្នកធ្វើ​ស្រែចំការ និង​ជួញដូរ​។ លោកតា​មាន​ភរិយា​ឈ្មោះ ទិន សេង ដែល​បានទទួល​មរណភាព​នៅ​ឆ្នាំ ១៩៨៧ និង​មានកូន​ចំនួន ១២ នាក់ ក្នុងនោះ​មាន​ស្រី ៣​នាក់ និង​ប្រុស ៩​នាក់ និង​មាន​ចៅ​សរុប​ចំនួន ៤៣​នាក់ ចៅទួត​ចំនួន ៦២​នាក់ និង​ចៅលួត​ចំនួន ៤​នាក់​។ លោកតា​ឧបាសក ឌី បូ បាន​ឆ្លងកាត់​ជាច្រើន​សម័យកាល​តាំងពី​សម័យ​អាណានិគម​បារាំង រហូតដល់​សម័យ​ព្រះរាជាណាចក្រ​កម្ពុជា​បច្ចុប្បន្ន ដែល​សបញ្ជាក់​ថា​លោកតា ពិត​ជាមាន​ភាពវាងវៃ​ប្រកបដោយ​ការតស៊ូ​ខ្ពស់​។ ជាពិសេស​នៅ​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ (​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ​) លោកតា​ត្រូវបាន​គេ​បង្ខំ​ឱ្យធ្វើ​ការ​ជា​ទម្ងន់ បែកបាក់​ក្រុមគ្រួសារ កូនចៅ ដូច​ប្រជាជន​ទូទៅ​នៅក្នុង​ប្រទេស​ទាំងមូល​ដែរ​។ ជាក់ស្តែង​នាពេលនោះ លោកតា​បាន​បាត់បង់​កូនប្រុស ២​រូប គឺ​លោក ឌី គឹម​សួ និង​លោក ឌី សារ៉ុន ដោយ​បាត់​ដំណឹង​សូន្យឈឹង​រហូតដល់​ពេល​បច្ចុប្បន្ននេះ​។ លោកតា​ឧបាសក ឌី បូ ត្រូវបាន​បងប្អូន​កូនចៅ​ស្គាល់​ថា​ជា​បុគ្គល​ដែល​ប្រកាន់ខ្ជាប់​តែ​អំពើ​ល្អ មានចិត្ត​មេត្តាករុណា និង​រស់នៅក្នុង​គន្លង​ព្រះពុទ្ធ ព្រះធម៌ ព្រះ​ស​ង្ឈ​។ លោកតា​តែងតែ​ជួយ​ជ្រោមជ្រែង​សាច់ញាតិ​នៅពេល​ខ្វះខាត និង​អប់រំ​កូនចៅ​ឱ្យ​ដើរ​តាមផ្លូវ​សុចរិត​ភាព មិន​ថា​ស្ថិតក្នុង​កាលៈទេសៈ​ណាក៏ដោយ​។

​លោកតា​ឧបាសក ឌី បូ តែងតែ​ដឹកនាំ​កូនចៅ​ធ្វើបុណ្យ​សន្សំ​កុសល​ក្នុង​ផ្លូវ​ព្រះពុទ្ធសាសនា ដោយ​រួមចំណែក​កសាង​វត្ត​អា​រ៉ា​ម ទ្រទ្រង់​សាសនា​តាមរយៈ​ការធ្វើ​បុណ្យ​កថិនទាន កាន់​អង្គ បញ្ចុះសីមា និង​បុណ្យ​សាសនា​ជាច្រើន​ទៀត​។ លោកតា​ឧបាសក ឌី បូ មាន​សុខភាព​ល្អប្រសើរ​ទោះបី​មាន​ជន្មាយុ​ជាង ១០០ ឆ្នាំ​ហើយក៏​ដោយ​។ រហូតដល់​ថ្ងៃ​អង្គារ ១១ រោច ខែបុស្ស ឆ្នាំខាល ចត្វា​ស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២៣ ស្រាប់តែ​លោកតា​បាន​បាត់ស្មារតី និង​ត្រូវបាន​នាំមក​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។​

​បន្ទាប់ពី​ទទួលបាន​ការព្យាបាល​យ៉ាង​យកចិត្តទុកដាក់ នៅ​បន្ទប់សង្គ្រោះបន្ទាន់​បាន​រយៈពេល ៥​ថ្ងៃ វេជ្ជបណ្ឌិត​បាន​ណែនាំ​ឱ្យ​កូនចៅ​នាំ​លោកតា​មក​ផ្ទះ ដោយសារតែ​លោកតា​មាន​អាក្កា​រៈ​ផ្លូវកាយ​ប្រសើរឡើង​ហើយ ប៉ុន្តែ​លោកតា​នៅតែមាន​ស្មារតី​មិន​នឹងនរ​។ ដោយ​មានការ​មើលថែ​យ៉ាង​យកចិត្តទុកដាក់​ពី​កូនចៅ លោកតា​បានចាប់ផ្តើម​មាន​កម្លាំង​កំ ហែង​ឡើងវិញ​។ អស់​រយៈពេល​ជាង​២​ខែ ដែល​លោកតា​មាន​សុខភាព​ធូរស្រាល ប៉ុន្តែ​ជា​អកុសល លោកតា​បានទទួល​អនិច្ចកម្ម​ភ្លាមៗ នៅ​ថ្ងៃ​ព្រហស្បតិ៍ ៩​កើត ខែចេត្រ ឆ្នាំខាល ចត្វា​ស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២៣ វេលា​ម៉ោង ១១:៤៥ នាទី​ថ្ងៃត្រង់ ក្នុង​ជន្មាយុ ១០២ ឆ្នាំ​ដោយ​ជរាពាធ នៅ​ខ្វះ​តែ ៩​ថ្ងៃ​គត់ ឈានចូល​ជន្មាយុ​គម្រប់ ១០៣​ឆ្នាំ​។

​ការទទួល​អនិច្ចកម្ម​របស់​លោកតា​ឧបាសក ឌី បូ ជាការ​បាត់បង់​ដ៏​ធំធេង​នូវ​អ្នកមានគុណ ត្រូវជា ឳ​ពុក ជីតា ជីតា​ទួត ជីតា​លួត និង​សាច់ញាតិ ប្រកបដោយ​ព្រហ្ម​វិហារធម៌​ដ៏​ខ្ពង់​ខ្ពស់បំផុត​ចំពោះ​កូនចៅ​។ សូម​វិញាណក្ខន្ធ​លោកតា​ឧបាសក ឌី បូ ទៅដល់​ទីឋាន​បរមសុខ​ក្នុង​សុគតិភព​ឱ្យបាន​ស្ងប់​សុខ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។ សព​លោកតា​ឧបាសក ឌី បូ ត្រូវបាន​កូនចៅ ចៅទួត ញាតិមិត្ត​ជិត​ឆ្ងាយ​ទាំងអស់ ប្រារព្វ​ពិធី​តម្កល់​ធ្វើបុណ្យ​ទ​ក្ខិ​ណា​នុប្ប​ទា ៣​យប់​៤​ថ្ងៃ ដោយ​គ្រោង​និង​ទៅ​បូជា​នៅ​ថ្ងៃអាទិត្យ​ទី​២ ខែមេសា ឆ្នាំ​២០២៣ នៅ​ទី​អារាម​វត្ត​ហានជ័យ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម