ព័ត៌មានជាតិ
លោកស្រី ជា សិរី៖ ប្រាក់រៀលបានចរាចរណ៍កើនឡើងក្នុងអត្រាកំណើនប្រចាំឆ្នាំ១៦,៦% ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះ
លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានលើកឡើងថា នៅក្នុងរយៈពេល២៥ឆ្នាំចុង
ក្រោយនេះ ប្រាក់រៀលបានធ្វើចរាចរណ៍កើនឡើងជាលំដាប់ក្នុងអត្រាកំណើនប្រចាំឆ្នាំ១៦,៦% ។ ទន្ទឹមនេះ អត្រាប្តូរប្រាក់រៀលត្រូវបានរក្សាឱ្យមានស្ថិរភាពយ៉ាងល្អប្រសើរទាំងនៅក្នុងអំឡុងវិបត្តិហិរញ្ញវត្ថុសកលនិងវិបត្តិកូវីដ-១៩ ។

ថ្លែងក្នុងឱកាសខួបលើកទី៤៣ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញកាលពីថ្ងៃទី៣ ខែមេសា នៅខេត្តកំពង់ស្ពឺ លោកស្រីបណ្ឌិតបានបន្តថា ក្រោយពីដាក់ឱ្យប្រាក់រៀលចរាចរឡើងវិញ នៅថ្ងៃ២០ ខែមីនា ឆ្នាំ១៩៨០ ប្រជាពលរដ្ឋគ្រប់រូប បានសាទរជាខ្លាំង និងចាប់ផ្តើមដើរតួនាទីមួយចំនួននៅក្នុងប្រតិបត្តិការដោះដូរទន្ទឹមនឹងការប្រើប្រាស់វត្ថុមានតម្លៃមួយចំនួនទៀត ជាពិសេស មាស និងអង្ករជាដើម ដែលជាមធ្យោបាយទូទាត់ដ៏សំខាន់ក្នុងឆ្នាំ១៩៧៩ និងក្នុងទសវត្សរ៍ឆ្នាំ១៩៨០។

លោកស្រីបណ្ឌិតបានបន្តទៀតថា ការហូរចូលប្រាក់ដុល្លារអាមេរិកមកក្នុងសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ១៩៩២-១៩៩៣តាមរយៈអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNTAC) ដើម្បីរៀបចំការបោះឆ្នោតជាលើកដំបូង បានធ្វើឱ្យប្រជាជនក៏ដូចជាវិស័យឯកជនទទួលយក និងប្រើប្រាស់ប្រាក់ដុល្លារអាមេរិកដោយផ្ទាល់យ៉ាងឆាប់រហ័ស
ដែលជាចំណុចចាប់ផ្តើមនៃដុល្លារូបនីយកម្មនៅកម្ពុជារហូតដល់បច្ចុប្បន្ន។ លោកស្រីទេសាភិបាលរង បានបន្ថែមថា ក្រោយកម្ពុជាទទួលបានសុខសន្តិភាពពេញលេញនៅចុងឆ្នាំ១៩៩៨ បានធ្វើស្ថិរកម្មម៉ាក្រូសេដ្ឋកិច្ចនិងសង្គម និងបានដាក់ចេញនយោបាយអភិវឌ្ឍជាតិនៅគ្រប់វិស័យដែលក្នុងនោះក៏មានការជំរុញការប្រើប្រាស់ប្រាក់រៀលផងដែរ។ ជាលទ្ធផលប្រាក់រៀលបានចរាចរណ៍កើនឡើងជាលំដាប់ក្នុងអត្រាកំណើនប្រចាំឆ្នាំ ១៦,៦% ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយ។ ទន្ទឹមនេះអត្រាប្តូរប្រាក់រៀលត្រូវបានរក្សាឱ្យមានស្ថិរភាពយ៉ាងល្អប្រសើរទាំងនៅក្នុងអំឡុងវិបត្តិហិរញ្ញវត្ថុសកលនិងវិបត្តិកូវីដ-១៩ ។
លោកស្រីបណ្ឌិតបញ្ជាក់ថា ដោយឡែកសម្រាប់ខេត្តកំពង់ស្ពឺយោងតាមទិន្នន័យអង្កេត កាលពីឆ្នាំ២០១៧ ប្រជាពលរដ្ឋចំនួន ៦៧%មានប្រាក់ចំណូលចម្បងជាប្រាក់រៀល ស្របពេលដែល ៦២%បានប្រើប្រាស់លុយរៀលច្រើនជាង ៨០% នៅក្នុងការចំណាយប្រចាំថ្ងៃ។

នៅឆ្នាំ២០២២កន្លងទៅ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅខេត្តកំពង់ស្ពឺបានបើកសាច់ប្រាក់ជាលុយរៀល ពីសាខាធនាគារជាតិនៃកម្ពុជាប្រមាណ ៥៦% នៃការបើកសាច់ប្រាក់សរុប ដែលបានកើនពីប្រមាណ ៥០% កាលពីឆ្នាំ២០២១។
ការកើនឡើងនេះបង្ហាញពីកំណើនតម្រូវការប្រាក់រៀលច្រើនជាងមុននៅក្នុងខេត្ត។ លោកស្រីបណ្ឌិតបានបញ្ជាក់បន្ថែមថាការកើនឡើងការចរាចរណ៍ប្រាក់រៀលក៏ជាការចូលរួមពីប្រព័ន្ធទូទាត់អេឡិចត្រូនិកនៅកម្ពុជាដែរខណៈបច្ចុប្បន្ន ប្រព័ន្ធទូទាត់អេឡិចត្រូនិកត្រូវបានធ្វើទំនើបកម្មជាបន្តបន្ទាប់ធ្វើឱ្យការប្រើប្រាស់ប្រាក់រៀលកាន់តែមានភាពងាយស្រួលមិនថាក្នុងទំហំទឹកប្រាក់តិច ឬច្រើននោះទេ។ ប្រព័ន្ធទូទាត់បាគងដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយ“ប្លុកឆែន” និងស្តង់ដារ KHQR Code បានសម្រួលដល់ការបង្វែរនិងការទូទាត់ឆ្លងគ្រឹះស្ថានជាមួយនឹងការទទួលបានទឹកប្រាក់ភ្លាមៗ ងាយស្រួល និងសុវត្ថិភាពបំផុត។

លោកស្រីបណ្ឌិតបានឱ្យដឹងទៀតថាការអភិវឌ្ឍប្រព័ន្ធទូទាត់នានាបានពង្រឹងប្រសិទ្ធភាពនិងសុវត្ថិភាពនៃប្រតិបត្តិការទូទាត់ក្នុងស្រុក និងបានផ្តល់លទ្ធភាពដល់ការតភ្ជាប់ជាមួយប្រព័ន្ធទូទាត់នៃបណ្តាប្រទេសក្នុងតំបន់ជាច្រើនដែលបានរួមចំណែកលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រតិបត្តិការទូទាត់ឆ្លងប្រទេស។
លោក កង វណ្ណារ៉ូ អភិបាលរងខេត្តកំពង់ស្ពឺ បានលើកឡើងថា ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និយាយជារួម និងសេដ្ឋកិច្ចតំបន់ ឬខេត្តកំពង់ស្ពឺនិយាយដោយឡែក មិនអាចប្រព្រឹត្តទៅដោយរលូននោះទេប្រសិនបើមិនមានរូបិយវត្ថុជាតិ ដែលដើរតួនាទីប្រៀបបាននឹងប្រេងរំអិលក្នុងការសម្រួលដល់សកម្មភាពវិនិយោគ ផលិតកម្ម និងពាណិជ្ជកម្មឱ្យមានភាពរស់រវើក។

លោកអភិបាលរងខេត្តបានបន្តទៀតថាមិនត្រឹមតែប៉ុណ្ណោះប្រទេសនីមួយៗតែងតែមានរូបិយវត្ថុជាតិរបស់ខ្លួនដែលតំណាងឱ្យអត្តសញ្ញាណជាតិ។ ដូចនេះ ការប្រើប្រាស់ទូលំទូលាយនូវប្រាក់រៀលប្រៀបបាននឹងការរក្សា និងចែករំលែកនូវចំណេះដឹងពីប្រវត្តិសាស្ត្រនិងវប្បធម៌កម្ពុជាដល់អ្នកជំនាន់ក្រោយនិងភ្ញៀវទេសចរបរទេសហើយអាចពង្រឹងនូវស្មារតីបង្រួបបង្រួមជាតិក្នុងនាមជាប្រជាជននៅក្នុងសង្គមជាតិតែមួយ៕
អត្ថបទ៖ សំអឿន
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


