ព័ត៌មានជាតិ
បណ្ឌិត យង់ ពៅ អំពាវនាវឱ្យពលរដ្ឋចាត់ចែងសំរាមផ្ទាល់ខ្លួនឱ្យបានល្អ ចៀសវាងខូចកេរ្តិ៍ឈ្មោះរួម
ទោះបីជាបុណ្យចូលឆ្នាំខ្មែរត្រូវបានបញ្ចប់ទៅហើយក៏ពិតមែន ប៉ុន្តែ ការចោលសំរាមផ្តេសផ្តាស នៅតែជាបញ្ហាមួយដែលពិបាកនឹងដោះស្រាយ ព្រោះតែប្រជាជនមួយចំនួនមិនបានយកចិត្តទុកដាក់លើការចោលសំរាមរបស់ខ្លួនឲ្យបានត្រឹមត្រូវឡើយ។ ការចោលសំរាម នៅតែមានតាមទីកន្លែងកម្សាន្ត វត្តអារាម និងទីសាធារណៈនានាបន្ទាប់ពីចូលឆ្នាំខ្មែររួច។

(រូបភាពពី Facebook៖ Lat Visang)
ដូច្នេះហើយ តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ចេះគ្រប់គ្រងសំរាមផ្ទាល់ខ្លួនឱ្យបានល្អ ដើម្បីជាប្រយោជន៍ និងកេរិ៍្តឈ្មោះរួម។ លោកបានអំពាវនាវបែបនេះនៅព្រឹក ថ្ងៃទី១៨ ខែមេសា នេះ។

លោកបណ្ឌិត យង់ ពៅ បានលើកឡើងភ្ជាប់ជាមួយរូបភាពកែវជ័រផ្ទុកភេសជ្ជៈផឹកសល់ចោលនៅលើរបងវិហារក្នុងវត្តមួយកន្លែងថា៖ “ឥរិយាបថបែបនេះមិនល្អទេ សំណល់របស់អ្នក បានក្លាយជាសំរាម បង្អាប់កេរ្តិ៍ឈ្មោះអ្នក ប្រសិនបើអ្នកមិនចេះចាត់ចែងវេចខ្ចប់ឱ្យល្អទេនោះ។ ពលរដ្ឋយើងគួរចាប់ផ្តើមម្ចាស់ការ ចេះចាត់ចែងកាកសំណស់ផ្ទាល់ខ្លួនឱ្យបានស្អាតពីបុគ្គលម្នាក់ៗ…ចៀសវាងខូចកេរ្តិ៍រួម”។

(រូបភាព៖ និស្សិតប្លាស្ទិក)
ដោយឡែក បើក្រឡេកទៅមើលតំបន់កម្សាន្តធម្មជាតិ ដូចជា តំបន់ភ្នំ ឬ ទឹកធ្លាក់ផ្សេងៗវិញ ក៏ឃើញថា ប្រជាជនមួយចំនួននៅតែបោះចោលសំរាមពាសវាលពាសកាលធ្វើឱ្យប៉ះពាល់ដល់បរិស្ថានយ៉ាងខ្លាំង។ ក្រុមនិស្សិតប្លាស្ទិក ដែលជាក្រុមយុវជនដើរប្រមូលសំរាមប្លាស្ទិក ក៏បានបង្ហោះសារហួសចិត្ត ភ្ជាប់ជាមួយនឹងសំរាមនៅកន្លែងធម្មជាតិ នៅថ្ងៃទី១៨ ខែមេសា ផងដែរ។

(រូបភាព៖ និស្សិតប្លាស្ទិក)
ក្រុមនិស្សិតប្លាស្ទិកបានរៀបរាប់ថា៖ “ចប់ចូលឆ្នាំ ចប់ការសប្បាយ គេទៅវិញអស់ហើយ នៅឡើយតែសំរាម គេទុកចោលតាមទឹកជ្រោះធម្មជាតិ។ មនុស្សមួយចំនួនអើយ ហេតុអ្វីយករបស់របរទៅកើត តែជួយយកដាក់ក្នុងធុងសំរាមវិញមិនកើត?” ។ ជាមួយនឹងការហួសចិត្តនេះ ក្រុមនិស្សិតប្លាស្ទិក ក៏បាននាំគ្នាប្រមូល និងសម្អាតសំរាមទាំងអស់នោះ បានយ៉ាងល្អ។

(រូបភាព៖ និស្សិតប្លាស្ទិក)

(រូបភាព៖ និស្សិតប្លាស្ទិក)
គួរកត់សម្គាល់ថា នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ ជាពិសេស នៅតាមបណ្តាខេត្តដែលបានរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត គឺរដ្ឋបាលខេត្តទាំងអស់ បានយកចិត្តទុកដាក់អំពីការថែរក្សាបរិស្ថានយ៉ាងយកចិត្តទុកដាក់។ ក្នុងនោះ រដ្ឋបាលខេត្តផ្សេងៗ ក៏បានរៀបចំធុងសំរាមតាមទីកន្លែងសាធារណៈ និងអំពាវនាវឱ្យភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ទុកដាក់សំរាមរបស់ខ្លួនឱ្យបានល្អ និងបោះចោលក្នុងធុងសំរាម។

(ក្រុមយុវជនស្ម័គ្រចិត្តរើសសំរាមសង្ក្រាន្តស្វាយរៀង)

(ក្រុមយុវជនស្ម័គ្រចិត្តរើសសំរាមសង្ក្រាន្តស្វាយរៀង)
ជាក់ស្តែង ដូចជានៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត សង្រា្កន្តនៅខេត្តស្វាយរៀង បាត់ដំបង ខេត្តកណ្តាល និងខេត្តផ្សេងៗទៀត គឺបានរៀបចំក្រុមការងារយុវជនស្ម័គ្រផ្នែកបរិស្ថាន សម្អាត និងរើសសំរាមកំឡុងពេលដំណើរការកម្មវិធី និងក្រោយបញ្ចប់កម្មវិធី ដើម្បីធ្វើយ៉ាងណាឱ្យបរិវេណនៃការរៀបចំកម្មវីធីស្រស់ស្អាត គ្មានសំរាម និងបរិស្ថានស្អាត៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


