Connect with us

ព័ត៌មានជាតិ

អភិបាល​ខេត្ត​បាត់ដំបង អំពាវនាវ​ពលរដ្ឋ​រស់​នៅ​តាម​ដង​ផ្លូវ​ជាតិលេខ៥​ ដាក់​ទង់​ជាតិ​តាម​មុខ​ផ្ទះ​ដើម្បី​ត្រៀម​អបអរសាទរ​ព្រឹត្តិការណ៍​ទទួល​ព្រះ​អគ្គី​កីឡា

បានផុស

នៅ

បាត់ដំបង ៖ លោក សុខ លូ​ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​ ដើម្បីត្រៀមលក្ខណៈក្នុងការរៀប​ចំ​ទទួល​ព្រះ​អគ្គីកីឡា ក្នុង​ព្រឹត្តិការណ៍ស៊ីហ្គេម​ និង​អាស៊ាន​ប៉ារ៉ាហ្គេម ដែល​នឹងធ្វើ​ដំណើរ​មកដល់​ទឹកដី​ជំ​រុក​ស្រូវ ខេត្តបាត់ដំបង នៅ​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២៣ ខាងមុខនេះ និង​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​រស់​នៅ​តាម​ដង​វិថី​នៃ​ផ្លូវជាតិ​លេខ ៥ ដូចជា​វិថី​ដែល​ពាក់ព័ន្ធ​នឹង​ក្បួន​ដង្ហែ សូម​មេត្តា​ជួយ​សម្អាត​ប​រិ​ស្ថាន​នៅតាម​ដងផ្លូវ នឹង​ដាក់​ទង់ជាតិ​នៅតាម​មុខផ្ទះ​រៀងៗ​ខ្លួន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានប្រសាសន៍ នា រសៀល​ថ្ងៃ​អង្គារ ១៣​រោច ខែចេត្រ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៣ លោក សុខ លូ អភិបាល​បាន​លើកឡើងថា ខេត្តបាត់ដំបង នឹង​ប្រារព្ធ​ពិធី​ទទួល​នូវ​ព្រះ​អគ្គី​កីឡា​ដែល​នឹង​ដង្ហែ​មកដល់​ត្រង់ចំណុច​ព្រំប្រទល់​ខេត្តបាត់ដំបង និង​ខេត្តពោធិ៍សាត់ ត្រង់​ម្ដុំ​ឃុំ​ស្វាយដូនកែវ នា​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២៣ រួច​នឹងធ្វើ​ការបន្ត​ដង្ហែ​ព្រះ​អគ្គី​កីឡា ដោយមាន​ក្បួន​ដង្ហែ​អមដោយ ក្រុម​កីឡាករ កីឡាការិនី​ប្រចាំខេត្ត​បាត់ដំបង ក្រុម​កង់​ប្រចាំ​ខេត្តបាត់ដំបង រហូតមកដល់ វ​ង្វ​ង់​មូល​ព្រាប​ពណ៌​ស រួច​បន្ត​ក្បួន​ដង្ហែរ​នេះ​ឆ្ពោះទៅកាន់ រង្វង់​មូល​លោកតា​ដំបងក្រញូង ហើយ​បន្តដំណើរ​ទៅ​វេទិកា​នៃ​ទី​រួម​ខេត្តបាត់ដំបង​ដើម្បី​ធ្វើ​ពិធី​ទទួល​ព្រះ​អគ្គី​កីឡា មុននឹង​បន្តធ្វើ​ដំណើរ​ដង្ហែ​ព្រះ​អគ្គី​ទៅ​តម្កល់​នៅក្នុង​វត្ត​ពោធិ៍​វាល ក្នុង​ក្រុង​បាត់ដំបង ដើម្បី​ឲ្យ​ព្រះសង្ឃ​ធ្វើ​កិច្ច​ពិធី​សាសនា​តាមបែប​ព្រះពុទ្ធសាសនា ដើម្បី​ផ្ដល់​ជា​ជ័យ​មង្គល​ជូន​ប្រជាជន​ទាំងអស់​ដែល​រស់នៅក្នុង​ដែន​សមត្ថកិច្ច​នៃ​ខេត្តបាត់ដំបង​។

លោក​មានប្រសាសន៍​ណែនាំ​ដល់​រដ្ឋបាល​ស្រុក​ដែល​ពាក់ព័ន្ធ និង​ក្រុមការងារ​ពាក់ព័ន្ធ​ទាំងអស់​សូម​ត្រៀម​រៀបចំ​នៅតាម​ដងផ្លូវ ដើម្បី​ត្រៀម​ទទួល​នៅ​ភ្លើង​ព្រះ​អគ្គី​កីឡា​ក៏ដូចជា​គណៈប្រតិភូ​ដែល​បាន​ចូលរួម​ទាំងអស់ ក្នុងនោះ​លោក​បាន​ណែនាំ​ដល់​រដ្ឋបាល​ស្រុក​ពាក់ព័ន្ធ រៀបចំ​ឱ្យមាន​ការចូលរួម​ពី​សំណាក់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សាស្ត្រាចារ្យ លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស និស្សិត ក៏ដូចជា​ប្រជាពលរដ្ឋ ឱ្យបាន​ច្រើន​កុះករ ដើម្បី​ចូលរួម​ទាំងអស់​គ្នា​ក្នុង​ព្រឹត្តិការណ៍​ទទួល​នូវ​ព្រះ​អគ្គី​កីឡា ដែល​ដង្ហែ​ចូលមកក្នុង​ខេត្តបាត់ដំបង​នេះ និង​ចូលរួម​អបអរសាទរ​ក្នុង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នេះ ដែល​កម្ពុជា​បានធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​៣២ ខាងមុខនេះ។

លោក​ក៏​អំពាវនាវ​បន្ថែម សូម​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​ដង​វិថី​នៃ​ផ្លូវជាតិ​លេខ ៥ ដូចជា​វិថី​ដែល​ពាក់ព័ន្ធ​នឹង​ក្បួន​ដង្ហែ សូម​មេត្តា​ជួយ​សម្អាត​ប​រិ​ស្ថាន​នៅតាម​ដងផ្លូវ នឹង​ដាក់​ទង់ជាតិ​នៅតាម​មុខផ្ទះ​រៀងៗ​ខ្លួន​ ដើម្បី​ត្រៀមខ្លួន​ក្នុងការ​ទទួល​អបអរ​នូវ​ព្រះ​អគ្គី​កីឡា​ឲ្យ​មាន​ភាព​ឱឡារិក​អធិក​អធម្ម ដើម្បី​ផ្ដល់នូវ​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម​មួយ ដែល​មិនអាច​កាត់ថ្លៃ​បានដែ​លអាច​ចារ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ខេត្តបាត់ដំបង​យើង​នេះ​ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម