Connect with us

ព័ត៌មានជាតិ

ស៊ីហ្គេមសម្រេចយកបទ”ស្រឡាញ់អ្វីដែលខ្មែរមាន” សម្ដែងឈុតធំជាផ្លូវការ មានអ្នកសម្ដែង​ជាង១,០០០នាក់ ជូនថ្នាក់ដឹកនាំ​អាស៊ានទស្សនា ក្នុងពិធីបិទព្រឹត្តិការណ៍ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម

បានផុស

នៅ

បទ”ស្រឡាញ់អ្វីដែលខ្មែរមាន”ឬ CAMBODIAN PRIDE  ត្រៀមឈុតធំអ្នករាំជាង 1000នាក់ក្នុងកម្មវិធីបិទ​របស់ផលិតកម្ម Galaxy Navatra ដែលជាបទចម្រៀងមួយមានអ្នកទស្សនាច្រើនជាងគេ មិនធ្លាប់មាននៅកម្ពុជា ត្រូវបានគណៈកម្មការ រៀបចំការប្រកួតកីឡាស៊ីហ្គេម ២០២៣ សម្រេចយកទៅច្រៀងបទការប្រកួត ដែលកម្មវិធីគ្រោង​ធ្វើនៅថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយផលិតកម្ម Galaxy Navatra បានកំពុងតែធ្វើការជាមួយគ្នាយ៉ាង​ញាប់ដៃញាប់ជើង ដើម្បីធ្វើ កិច្ចការងារនេះឲ្យល្អប្រសើរបំផុត ។ ក្រុម អ្នករាំខ្ទង់1000 នាក់ ដែលសុទ្ធតែជាស្ត្រី ស្លៀកសំលៀកបំពាក់ខ្វាស៊េដែលបានថតក្នុងMV មិនត្រូវយកមកប្រើឡើយ ពោលដើម្បីឲ្យត្រូវទម្រង់វប្បធម៌ជាតិ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ  ជ្រើសរើសក្រុមអ្នកជំនាញរាំមកពីសិស្សសាលាវិចិត្រសិល្បៈ រៀមច្បមបង្ហាត់​រាំឲ្យកាន់តែស្ទាត់ជំនាញ ជាមួយការគ្រងសំលៀកបំពាក់ប្រពៃណីយ៉ាងស្រស់ស្អាត។

ទាក់ទងនឹងការចំណាយលើការងារ ហាត់សម និងសំលៀកបំពាក់ នៃបទចម្រៀង មួយបទនេះ ត្រូវបានគេដឹងថា គ្រោងចំណាយថវិកាយ៉ាងច្រើន ។ ដើម្បីបុព្វហេតុជាតិ មាតុភូមិ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ផលិតកម្ម Galaxy Navatra  បានរៀបចំផលិតឡើងយ៉ាងយកចិត្តទុកដាក់បំផុត ក្រោមការចុះដឹកនាំផ្ទាល់ពីសំណាក់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។

បទ”ស្រឡាញ់អ្វីដែលខ្មែរមាន”ឬ”CAMBODIAN PRIDE”    បានធ្វើការផ្សព្វផ្សាយតំបន់ទេសចរណ៍ ការអភិវឌ្ឍន៍ និងភាព រីកចម្រើនរបស់កម្ពុជា ក៏ដូចជាការថែរក្សាសិល្បៈវប្បធម៌ បេតិកភណ្ឌជាតិ ក្រោមការដឹកនាំ ប្រកបដោយ​គតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។

កំពូលតារា ៤ដួង ត្រូវបានជ្រើសរើសឲ្យច្រៀងបទចម្រៀងនេះ រួមមានកំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀង លោក ខេម និងកំពូលតារាចម្រៀងស្រី កញ្ញា តន់ ចន្ទសីម៉ា។ បទចម្រៀងមួយបទនេះ និពន្ធដោយអ្នកនិពន្ធល្បីៗ មានដូចជា លោក សុខ ជំនោរ -លោក ខាំ ភូរិ -ឯកឧត្តម ហ៊ឹម នភា -ឧកញ៉ា យឹម តាស្រង់និង ឯកឧត្តម ខេមរៈ ភារុណ។

ជាមួយនឹងស្នាដៃធំអស្ចារ្យមួយនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរជាខ្លាំង ចំពោះការផលិតបទ «ស្រឡាញ់អ្វីដែលខ្មែរមាន» របស់ផលិតកម្មហ្គាឡាក់ស៊ី របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រាផងដែរ។  មហាជនក៏ដូច​ជាថ្នាក់ដឹកនាំគ្រប់ស្ថាប័នក្រសួងនានា ពិសេសេ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ បានចេញលិខិតថ្លែងអំណរគុណ និង កោតសរសើរ

ដោយស្មោះអស់ពីដួងចិត្ត ជូនចំពោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ព្រមទាំងអ្នកនិពន្ធ សិល្បករ សិល្បការិនី និងក្រុមការងារទាំងអស់ ដែលបានចូលរួមផលិតបទ​ចម្រៀង​”ស្រឡាញ់អ្វីដែលខ្មែរមាន” ឬ (Cambodian Pride) ។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានចាត់ទុកថា ការផលិតបទចម្រៀង បទ”ស្រឡាញ់អ្វីដែលខ្មែរមាន”ឬ (Cambodian Pride) ដែលបង្កប់នូវសិល្បៈវប្បធម៌ ប្រពៃណី និងការអភិវឌ្ឍសង្គមកម្ពុជា គឺជាការរួមចំណែក​ដ៏សំខាន់របស់វិស័យឯកជន ក្នុងការផ្សព្វផ្សាយពីកត្តាសុខសន្តិភាព ស្ថេរភាពសង្គម និងបានលើកកម្ពស់កិត្យា​នុភាពជាតិលើឆាកអន្តរជាតិ ជាពិសេស បានរួមចំណែកធ្វើឲ្យព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ាន​ប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ កាន់តែកក្រើក និងអធិកអធមដើម្បីបន្សល់ទុកអនុស្សាវរីយ៍​ចងចាំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នេះដល់កូនខ្មែរគ្រប់ជំនាន់។

ជាមោទនភាពជាតិ ត្រឹមរយៈពេលជាង២សប្ដាហ៍ប៉ុណ្ណោះបទ”ស្រឡាញ់អ្វីដែលខ្មែរមាន” ឬ CAMBODIAN PRIDE  របស់ផលិតកម្ម Galaxy Navatra មានអ្នកចូលទស្សនារហូតដល់ 63លានដងឯណោះ នៅលើYoutube ផ្លូវការ Galaxy Navatra មានឈ្មោះថា Cam-Pop Galaxy Navatra ដែលចំនួននេះ អាចនិយាយបានថា សម្រាប់បទចម្រៀងនៅប្រទេសកម្ពុជា មិនធ្លាប់មានឡើយនា ពេលកន្លងមក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម