ព័ត៌មានជាតិ
ខេត្តកែប ជិតមានសាកលវិទ្យាល័យលើកដំបូង
រដ្ឋបាលខេត្តកែប ប្រកាសគម្រោងបង្កើតសាកលវិទ្យាល័យលើកដំបូងនៅក្នុងខេត្ត។ គម្រោងនេះបានបង្ហើបឡើងកាលពីពេលថ្មីៗនេះ នៅក្នុងសន្និសីទរបស់រដ្ឋបាលខេត្តដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល។

នៅក្នុងសន្និសីទជោគជ័យរយៈពេល ០៥ ឆ្នាំរបស់រដ្ឋបាលខេត្តកែបកាលពីថ្ងៃ ១១ ឧសភា ២០២៣ លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តបានបង្ហាញពីគម្រោងបង្កើតសាកលវិទ្យាល័យលើកដំបូងនៅក្នុងខេត្តកែប។
លោក សោម ពិសិដ្ឋបានបញ្ជាក់ថា សាកលវិទ្យាល័យដំបូងរបស់ខេត្តមានឈ្មោះថា សាកលវិទ្យាល័យតេជោ ចំការដូង។ យ៉ាងណាមិញ បើតាមលោកអភិបាលខេត្ត សាកលវិទ្យាល័យដែលគ្រោងបង្កើតឡើងនេះ បច្ចុប្បន្នមិនទាន់មានរចនាសម្ព័ន្ធរូបរាងជាសាកលវិទ្យាល័យនៅឡើយទេ មានតែអគារទើបតែសាងសង់រួចដែលមានជាង ៥០ បន្ទប់ជាអំណោយរបស់សម្តេចតេជោប្រមុខរដ្ឋាភិបាល។
«សាកលវិទ្យាល័យនេះមានតែអគារសិក្សាដែលបានសាងសង់រួចជាង ៥០ បន្ទប់ នៅមិនទាន់មានគណៈគ្រប់គ្រង ក្រុមប្រឹក្សាភិបាល។ យ៉ាងណារដ្ឋបាលខេត្តនឹងជំរុញឲ្យបើកដំណើរការឆាប់ៗ ដើម្បីទទួលកូនចៅពលរដ្ឋក្នុងខេត្តបានចូលសិក្សា»។
លោក ងួន ច័ន្ទសុជាតា ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តកែបបានឲ្យកម្ពុជាថ្មីដឹងថា បច្ចុប្បន្នខេត្តកែបមានត្រឹមថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យសម្រាប់បណ្តុះបណ្តាលការសិក្សាដល់កូនចៅប្រជាពលរដ្ឋទូទាំងខេត្ត។ ដោយឡែកទាក់ទងសាកលវិទ្យាល័យដំបូងដែលនឹងបង្កើតឡើងនៅក្នុងខេត្តកែប លោកប្រធានមន្ទីរមិនបានបញ្ជាក់មានសិក្សាជំនាញអ្វីខ្លះ ហើយគ្រោងបើកដំណើរការនៅពេលណានោះទេ។
គួរបញ្ជាក់ថា នៅខេត្តកែបបច្ចុប្បន្នមានត្រឹមថ្នាក់អនុវិទ្យាល័យនិងវិទ្យាល័យចំនួន ០៦ កន្លែងគ្របដណ្តប់ក្រុងស្រុកចំនួន ០២ គឺនៅក្រុងកែប និងស្រុកដំំណាក់ចង្អើរ។
នៅក្រុងកែប
-វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស
-អនុវិទ្យាល័យ ហ៊ុន សែន ក្រុងកែប
-អនុវិទ្យាល័យ សង្គមរាស្រ្តនិយម
ស្រុកដំណាក់ចង្អើរ
-វិទ្យាល័យ ហ៊ុន សែន ចំការដូង
-អនុវិទ្យាល័យ ពងទឹក
-អនុវិទ្យាល័យ ហ៊ុន សែន អង្កោល
បើតាមរបាយការណ៍របស់មន្ទីរអប់រំ យុវជននិងកីឡាខេត្តកែប វិស័យអប់រំខេត្តកែបមានគ្រឹះស្ថានសិក្សាសាធារណៈរបស់រដ្ឋ និងឯកជនគ្របដណ្តប់លើក្រុង ស្រុកចំនួន ០២ ឃុំ សង្កាត់ចំនួន០៥ និងភូមិទាំង ១៨ ដែលរួមមាន មត្តេយ្យសិក្សារដ្ឋក្នុងបឋមសិក្សា ២២ កន្លែង បឋមសិក្សាសាធារណៈ ២២ កន្លែង អនុវិទ្យាល័យ ០៤ កន្លែង វិទ្យាល័យចំនួន ០២ កន្លែង គ្រឹះស្ថានឧត្តមសិក្សា ០១ កន្លែង កំពុងត្រៀមដាក់ឱ្យដំណើរការនៅពេលខាងមុខ មត្តេយ្យសហគមន៍ ០៩ កន្លែង មត្តេយ្យសិក្សាឯកជន ០៣ កន្លែង និងបឋមសិក្សាឯកជន ០២ កន្លែង។ បុគ្គលិកអប់រំទូទាំងខេត្តកែបសរុបចំនួន ៦១៩នាក់ ស្រី ២៨៩ នាក់ (ស្មើនឹង៤៦,៦៨%) ដែលក្នុងនោះក្របខណ្ឌគ្រូបង្រៀនកម្រិតឧត្តមសរុបចំនួន ៨៧ នាក់ ស្រី ២៦ នាក់ ក្របខណ្ឌគ្រូបង្រៀនកម្រិតមូលដ្ឋានសរុបចំនួន ៤២៨ នាក់ ស្រី ១៩៧ នាក់ ក្របខណ្ឌគ្រូបង្រៀនបឋមសិក្សាសរុបចំនួន ៨២ នាក់ ស្រី ៤៥ នាក់ និងក្របខណ្ឌបង្រៀនមត្តេយ្យសិក្សាសរុប ២២ នាក់ ស្រី ២១ នាក់។ បុគ្គលិកបង្រៀន នៅតាមសាលាឯកជនសរុបចំនួន ៣៩ នាក់ ស្រី ២៦ នាក់៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


