ព័ត៌មានជាតិ
មន្ទីរធនធានទឹកខេត្តបាត់ដំបង មិនមានវិធានការលើម្ចាស់រីសត ដែលចាក់ដីចូលក្នុងស្ទឹងសង្កែ
អាចម៍ដីដ៏ច្រើនសន្ធឹកសន្ធាប់ ដែលគេបានចាក់បំពានចូលទៅក្នុងស្ទឹងសង្កែ ដើម្បីកសាងរីសតនៅលើដីចំណីស្ទឹង កំពុងរារាំងចរន្តលំហូរនៃខ្សែទឹក ដោយគេមិនបានកាយចេញវិញឡើង ខណ:ដែលរីសតបានកសាងយ៉ាងស្ងៀមស្ងាត់ និងរួចរាល់ជាស្ថាពរទៅហើយនោះ។

សំណង់រីសតមួយកន្លែងដែលគេដឹងថា ជារបស់អ្នកមានឥទ្ធិពលមួយរូបកំពុងត្រូវបានរងការរិះគន់យ៉ាងខ្លាំងពីសំណាក់មជ្ឈដ្ឋានជាច្រើន ដោយសារតែទីតាំងខាងលើនេះបានបំពានទៅលើដីចំណីស្ទឹងយ៉ាងស្ងៀមស្ងាត់ ដែលផ្ទុយពីច្បាប់របស់រាជរដ្ឋាភិបាល ដែលបានហាមឃាត់ដាច់ខាតការសាងសង់បំពានលើដីចំណីព្រែក បឹង ទន្លេ ស្ទឹង ។ល។
ទីតាំងសំណង់រីសតនេះ ស្តិតនៅប្របមាត់ស្ទឹងសង្កែ ត្រើយខាងកើត ក្នុងភូមិបោះពោធិ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ដែលគេបានសាងសង់ឡើងយ៉ាងប្រណិត ហើយបានប្រើប្រាស់គ្រឿងចក្រដើម្បីកាយ និងចាក់អាចម៍ដីបន្ថែមបំពានទៅលើមាត់ស្ទឹងសង្កែ ក្រោមលេសថា ចាក់ធ្វើជើងទេដើម្បីកុំអោយបាក់ច្រាំងស្ទឹងតែប៉ុណ្ណោះ ។

ជុំវិញបញ្ហាទីតាំងរបស់រីសតខាងលើនេះ លោក សេក ផានិត ហៅបាវ មេឃុំអូរដំបង១ បាននិយាយថា រឿងនេះលោកមិនបានដឹងអោយសុីជម្រៅនោះទេ សុំអោយសួរទៅខាងលើទៅ។ តាមពិតភាសារបស់លោកមេឃុំដែលនិយាយរបៀបអេះអុញ គឺមានន័យថា ឋាន:លោកតូចទាប មិនហ៊ានបកស្រាយទេ ។
ជួបតាមរយ:ទូរស័ព្ទ ជាមួយកម្ពុជាថ្មី នាពេលកន្លងមក លោកឧត្តមសេនីយ៍ត្រី មៀន ឡាយ ស្នងការរងទទួលផែនសន្តិសុខ ដែលជាអ្នកមើលការខុសត្រូវនៅក្នុងទីតាំងនេះ បានបញ្ជាក់ថា ការចាក់ដីលើមាត់ច្រាំងនេះ គឺសម្រាប់ធ្វើជើងទេកុំអោយបាក់តែប៉ុណ្ណោះ ហើយការស្ថាបនាជើងទេនេះ មិនមែនធ្វើតែកន្លែងរីសតប៉ុណ្ណោះទេ គឺត្រូវធ្វើតាមចណ្តោយដងស្ទឹងសង្កែទៅប៉ែកខាងក្រោមរហូតដល់ក្បាលស្ពានវត្តគរឯណោះ បើគិតជាចម្ងាយជិត២គីឡូម៉ែត្រ ហើយទីតាំងខាងលើនេះជារបស់លោក កែវ បេងវឌ្ឍន៍ អគ្គនាយក នៃអគ្គនាយកដ្ឋាន ថវិកាថ្នាក់ក្រោមជាតិ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
ជុំវិញការបកស្រាយបែបនេះ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក៏ធ្លាប់បានអះអាងប្រាប់កម្ពុជាថ្មីថា ការស្ថាបនាច្រាំងស្ទឹងសង្កែ ប៉ែកខាងលើស្ពានវត្តគរ គឺក្នុងគម្រោងមានតែប្រវែង១៥០ម៉ែត្រនៃក្បាលស្ពានវត្តគរតែប៉ុណ្ណោះ គឺមិនមានស្ថាបនាកន្លែងណាផ្សេងទៀតឡើយ។ នៅក្នុងការលើកឡើងរបស់លោក មៀន ឡាយ ដែលឆ្លើយយ៉ាងធូរខ្សុយនេះ បានធ្វើអោយប្រភពជាច្រើនមិនពេញចិត្តទាល់តែសោះ ព្រោះជាការបកស្រាយដើម្បីការពារកន្លែងរីសតតែប៉ុណ្ណោះ។

កម្ពុជាថ្មី បានព្យាយាមជួបតាមរយ:ទូរស័ព្ទ ជាមួយលោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយម កាលពីរសៀលថ្ងៃទី១២ ខែមិថុនា នេះដើម្បីសុំការបំភ្លឺជុំវិញការចាក់ដីចូលក្នុងស្ទឹងសង្កែនេះដែរ គឺលោកបានលើកឡើងថា ក្រុមការងាររបស់លោកបានចុះទៅទីតាំងខាងលើរួចមកហើយ ដើម្បីបញ្ជាអោយកាយអាចម៍ដីចេញអោយអស់ពីក្នុងស្ទឹង ប៉ុន្តែបានជួបត្រឹមតែអ្នកយាមរីសតតែប៉ុណ្ណោះ ហើយបញ្ហានេះ គឺក្រុមហ៊ុនលោកឧកញ៉ា ទុយ គី ជាអ្នកស្ថាបនា ដូច្នេះការកាយអាចម៍ដីក៏ត្រូវតែក្រុមហ៊ុន លោក ទុយ គី ជាអ្នកទទួលខុសត្រូវដែរ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៧ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៦ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


