ព័ត៌មានជាតិ
ក្រសួងសុខាភិបាល គ្រោងបង្កើតនាយកដ្ឋានគ្រប់គ្រងព័ត៌មានអ្នកជំងឺ ទូទាំងប្រទេស
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល មានប្រសាសន៍ថា ក្រសួងគ្រោងនឹងបង្កើតនាយកដ្ឋានថ្មីមួយនាពេលខាងមុខនេះ ដើម្បីគ្រប់គ្រងព័ត៌មាន និងទិន្នន័យរបស់អ្នកជំងឺនៅតាមមន្ទីរពេទ្យនៅទូទាំងប្រទេស។

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល មានប្រសាសន៍ថា នាយកដ្ឋានដែលគ្រោងនឹងបង្កើតថ្មីនាពេលខាងមុខនេះមានឈ្មោះថា នាយកដ្ឋានគ្រប់គ្រងប្រព័ន្ធឌីជីថលសម្រាប់សុខភាព ដែលនាយកដ្ឋានេះស្ថិតក្រោមក្រសួងសុខាភិបាល សហការរៀបចំបង្កើតគ្រប់គ្រងផ្ទាល់ដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងសហការជាមួយក្រុមការងារក៏ដូចជា គណៈកម្មាធិការរបស់ជាតិជាច្រើនទៀត។
ថ្លែងបើកពិព័រណ៍បរិក្ខារវេជ្ជសាស្ត្រសាធារណរដ្ឋឆែក នៅមន្ទីរពេទ្យកុមារជាតិ នាពេលថ្មីៗនេះ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ សង្ឃឹមនៅពេលក្រសួងសុខាភិបាលបង្កើតនាយកដ្ឋានថ្មីនេះហើយ ថ្ងៃក្រោយការគ្រប់គ្រងអ្នកជំងឺនៅតាមមន្ទីរពេទ្យកាន់តែមានភាពងាយស្រួលបន្ថែមទៀត ខណៈបច្ចុប្បន្ននេះក្រសួងរៀបចំប្រព័ន្ធមួយសម្រាប់គ្រប់គ្រងព័ត៌មាន និងទិន្នន័យរបស់អ្នកជំងឺនៅតាមមន្ទីរពេទ្យ ហើយនឹងសាកល្បងនៅមន្ទីរពេទ្យជាតិណាមួយ ទើបពង្រីកបន្ថែមទៅកាន់មន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យតាមស្រុកនានា។

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ មានប្រសាសន៍បន្តថា ភាគីឆែកក៏មានបំណងបង្កើត អេប (App) ថ្មីមួយនៅមន្ទីរពេទ្យកុមារជាតិ ហើយ អេប នេះនឹងប្រើប្រាស់នៅលើទូរស័ព្ទស្មាតហ្វូន ថេមប្លែក និងទូរស័ព្ទធម្មតាក៏អាចប្រើប្រាស់បាន។
លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ បានបង្ហាញការគាំទ្រការបង្កើត អេបថ្មីនេះ ប៉ុន្តែត្រូវភ្ជាប់បញ្ចូលគ្នាជាមួយ អេបដែលមានស្រាប់ ព្រោះបច្ចុប្បន្ន ក្រសួងមានប្រព័ន្ធជាច្រើនកំពុងប្រើប្រាស់នតាមមន្ទីរពេទ្យថ្នាក់ជាតិ និងឯកជនដោយប្រើប្រព័ន្ធសូហ្វវ័រខុសៗគ្នា សម្រាប់គ្រប់គ្រងទិន្នន័យនិងព័ត៌មានអ្នកជំងឺនៅតាមមន្ទីរពេទ្យរៀងៗខ្លួន។ ដូចនេះដើម្បីគ្រប់គ្រងទិន្នន័យអ្នកជំងឺបានល្អប្រសើរ ក្រសួងនឹងបង្កើតនាយកដ្ឋានគ្រប់គ្រងប្រព័ន្ធឌីជីថលសម្រាប់សុខភាព នាពេលខាងមុខ។

សាស្ត្រាចារ្យ ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ មានប្រសាសន៍ថា អេបថ្មីដែលឆែកនឹងប្រើប្រាស់នៅមន្ទីរពេទ្យកុមារជាតិ នឹងជួយលើកម្ពស់សុខភាពមាតា និងទារកនៅប្រទេសកម្ពុជាកាន់តែល្អប្រសើរឡើងថែមទៀត ព្រោះអេបនេះងាយស្រួលប្រើប្រាស់ និងអាចប្រើបានគ្រប់ទីកន្លែង មិនថាមាន ឬមិនមានសេវាអ៊ិនធឺណេត។ ជាងនេះទៀតនៅក្នុងអេបមានកត់ត្រាទាក់ទិននឹងប្រវត្តិសុខភាពរបស់ស្ត្រីមានផ្ទៃពោះ ការព្យាបាល របៀបថែរក្សាទារកឱ្យបានល្អ ប្រាប់ពីកន្លែងព្យាបាល និងទៅជួបគ្រូពេទ្យនៅពេលស្ត្រីមានបញ្ហាគភ៌ និងប្រាប់ពីរោគសញ្ញាអ្វីខ្លះពេលដែលស្ត្រីមានបញ្ហាគភ៌ផងដែរ។
លោកសាស្ត្រាចារ្យ ញឹប អង្គាបុស្ស មានប្រសាសន៍បន្តថា មិនត្រឹមតែស្ត្រីមានផ្ទៃពោះទទួលបានផលប្រយោជន៍ពីអេបនេះទេ សូម្បីតែគ្រូពេទ្យព្យាបាលក៏ទទួលបានអត្ថប្រយជន៍ពីអេបនេះដែរ ដោយគាត់អាចដឹងពីប្រវត្តិរបស់អ្នកជំងឺបានច្បាស់លាស់ ងាយស្រួលព្យាបាល និងអាចបញ្ចូលព័ត៌មានថ្មីៗបន្ថែមទៀតក្នុងអេបបាន ពេលពិនិត្យអ្នកជំងឺរួចរាល់ហើយថ្ងៃក្រោយស្ត្រីមានផ្ទៃពោះអាចទៅជួបគ្រូពេទ្យនៅកន្លែងណាក៏បាន ឱ្យតែមានភ្ជាប់អេបនេះ។

លោកសាស្ត្រាចារ្យ ញឹប អង្គាបុស្ស មានប្រសាសន៍បន្ថែមថា អេបថ្មីនេះបានអភិវឌ្ឍរួចរាល់ហើយ នៅសល់តែការត្រួតពិនិត្យពាក្យពេចន៍បច្ចេកទេសខ្លះ ព្រោះត្រូវបកប្រែពីភាសាឆេកមកភាសាខ្មែរ និងពិនិត្យមើលខ្លឹមសារអប់រំនៅក្នុងមាតិកា ថាតើឆ្លើយតបទៅនឹងខ្លឹមសាររបស់ក្រសួងសុខាភិបាល ឬទេ។
លោកសាស្ត្រាចារ្យបានបញ្ជាក់ថា តាមផែនការ អេបនេះគ្រោងនឹងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៤ ដែលជំហានដំបូង មន្ទីរពេទ្យកុមារជាតិនឹងអនុវត្តសាកល្បងជាមុនសិនដើម្បីឱ្យដឹងពីគុណភាព និងប្រសិទ្ធភាពនៃការប្រើអេបនេះ មុននឹងស្នើក្រសួងសុខាភិបាលដាក់បញ្ចូលប្រើប្រាស់នៅទូទាំងប្រទេស៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៤ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


