ព័ត៌មានជាតិ
អគារ ប.ស.ស កម្ពស់ ២១ជាន់ តម្លៃជាង ៤៣លានដុល្លារ ដាក់ដំណើរការជាផ្លូវការ
អគារស្នាក់ការកណ្តាល បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ដ៏ថ្មីស្រឡាងកម្ពស់ ២១ជាន់ តម្លៃជាង ៤៣លានដុល្លារបានដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ ដែលនឹងផ្តល់សេវាប្រកបដោយគុណភាពប្រសិទ្ធភាពជូនកម្មករនិយោជិតកាន់តែប្រសើរថែមទៀត។

ថ្លែងនៅក្នុងពិធីបើកសម្ពោធជាផ្លូវការនេះ លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា អគារស្នាក់ការកណ្តាល ប.ស.ស នេះមានកម្ពស់ ២១ជាន់ មានទំហំ ៥៤ ០០៣ម៉ែត្រក្រឡា នៅលើទីតាំងដីមានផ្ទៃក្រឡាសរុប ៣០ ៣១៣ម៉ែត្រក្រឡា ស្ថិតនៅក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោករដ្ឋមន្ត្រីបានបន្តថា ការដាក់ឱ្យដំណើរការអគារថ្មីស្រឡាងនេះដើម្បីឱ្យស្របតាមកំណើនទំហំការងារចំនួនមន្ត្រី និងបុគ្គលិកនាពេលបច្ចុប្បន្ន និងទៅអនាគតព្រមទាំងអាចធានាបាននូវប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងការផ្តល់សេវាជូនសមាជិកខ្លួន។

លោករដ្ឋមន្ត្រីបានបន្តទៀតថា អគារនេះត្រូវបានបំពាក់ដោយប្រព័ន្ធសុវត្តិភាពអគ្គិភ័យ ប្រព័ន្ធគ្រប់គ្រងអគារប្រព័ន្ធត្រជាក់ប្រព័ន្ធគ្រប់គ្រងទឹកអគ្គិសនី ប្រព័ន្ធគ្រប់គ្រងសាលប្រជុំប្រព័ន្ធគ្រប់គ្រងទិន្នន័យ គ្រឿងសង្ហារឹម និងហេដ្ឋារចនាសម្ព័ន្ធជុំវិញអគារ សួនរុក្ខជាតិ ព្រមទាំងផ្លូវបេតុងខាងមុខប្រវែង ១ ០៤០ម៉ែត្រ ដោយចំណាយថវិការប្រមាណជាង ៤៣លានដុល្លារអាមេរិក ជាថវិកាបានមកពីការសន្សំរបស់អង្គភាពផ្ទាល់។

លោករដ្ឋមន្ត្រីចាត់ទុកថា អគារដ៏ស្គឹមស្គៃនេះជាសមិទ្ធិផលថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបង្ហាញពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យសន្តិសុខសង្គមកាន់តែរឹងមាំទូលំទូលាយប្រកបដោយនិរន្តរភាព ដើម្បីជាប្រយោជន៍ដល់កម្មករនិយោជិតទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធរួមទាំងប្រជាពលរដ្ឋដែលស្ថិតក្នុងវិសាលភាព នៃច្បាប់ ស្តីពី របបសន្តិសុខសង្គម ហើយអគារដ៏ល្អនេះជាកេរ្តិ៍ដំណែល នៃសម័យតេជោ សម្រាប់មនុស្សជំនាន់ក្រោយប្រើប្រាស់ និងអភិវឌ្ឍបន្ត។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអបអរសាទរចំពោះ ប.ស.ស នៃក្រសួងការងារ និងបណ្ដុះបណ្ដាលជីវៈដែលទទួលបាននូវសំណង់អគារដ៏ស្គឹមស្កៃមានកម្ពស់ ២១ជាន់ បំពាក់ទៅដោយប្រព័ន្ធគ្រប់គ្រងអគារបែបទំនើបក្នុងការបម្រើទៅដល់ការអនុវត្តការងារប្រចាំថ្ងៃ ជាពិសេសការផ្តល់សេវាជូនសមាជិករបស់ខ្លួនប្រកបដោយប្រសិទ្ធភាពក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។

លោកឧបនាយករដ្ឋមន្ត្រីបានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក នៃ ប.ស.ស ដែលខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការបំពេញការងារបម្រើសេវាសាធារណៈជូនសមាជិករបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ ហើយសូមវាយតម្លៃខ្ពស់ក្រសួងស្ថាបនពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ទាំងអស់ដែលតែងតែសហការ និងគាំទ្រដល់ការអនុវត្តការងារចុះ ប.ស.ស ដែលធ្វើឱ្យអង្គភាពមួយនេះទទួលបាននូវភាពជោគជ័យ និងសម្រេចសមិទ្ធផលជូនសង្គមជាតិដូចពេលនេះ។
លោកឧបនាយករដ្ឋមន្ត្រី សូមលើកទឹកចិត្តឱ្យគ្រប់ក្រសួងស្ថាប័ន ដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមបន្តគាំទ្រ ប.ស.ស តាមផ្នែកផ្សេងៗ និងហិរញ្ញវត្ថុដើម្បីអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គមកម្ពុជា ក្លាយជាប្រព័ន្ធមួយដែលមានសុខភាពចីរភាពសមធម៌ និងបរិយាបន្ន៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


