ព័ត៌មានជាតិ
ក្រសួងឧស្សាហកម្ម នឹងបញ្ជ្រាបបច្ចេកវិទ្យាចូលក្នុងវិស័យកាត់ដេរ ដើម្បីជំរុញកំណើនផលិតភាព
ក្រសួងឧស្សាហកម្ម នឹងបញ្រ្ជាបបច្ចេកវិទ្យាចូលក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ដើម្បីជំរុញកំណើនផលិតភាពការងារ។

លោក ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ជាក់ថា វិស័យឧស្សាហកម្ម ត្រូវការជាចាំបាច់ក្នុងកិច្ចសហការគ្នា តាមរយៈការបញ្ជ្រាបប្រព័ន្ធបច្ចេកវិទ្យាទៅក្នុងបណ្តារោងចក្រទាំងអស់ ដើម្បីបង្កើនផលិតភាពការងារ។ លោកថ្លែងបន្តដូច្នេះថា«បើយើងប្រើដៃសុទ្ធ ឧទាហរណ៍ថា មួយថ្ងៃយើងដេរអាវបាន ១០ឬ ១៥អាវ… តែនៅពេលដែលយើងប្រើបច្ចេកវិទ្យា វាអាចឈានដល់ ២០ទៅ ៣០អាវ ដូច្នេះវាជួយបង្កើនផលិតភាពបានច្រើន»។
បើតាមលោក ហេង សុខគង់ រាជរដ្ឋាភិបាល មានផែនការចក្ខុវិស័យច្បាស់លាស់ នៅក្នុងការជំរុញវិស័យបច្ចេកវិទ្យានៅកម្ពុជា។ យើងបានរៀបចំគោនយោបាយសម្រាប់អភិវឌ្ឍវិស័យបច្ចេកវិទ្យាឆ្នាំ ២០២៣-២០៣០ តាមរយៈផែនទីបង្ហាញផ្លូវសម្រាប់វិស័យបច្ចេកវិទ្យា នវានុវត្តន៍ និងគោលនយោបាយផ្សេងៗទៀត លើវិស័យសង្គមឌីជីថលកម្ពុជា ដែលទាំងនេះ គឺជាភាពទាក់ទាញបណ្តាវិនិយោគិនឱ្យមើលឃើញពីលក្ខណៈរបស់កម្ពុជា។
លើសពីនេះទៀត លោក ហេង សុខគង់ បានលើកឡើងថា កម្ពុជា បានចុះ MOU កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរ FTA ជាមួយបណ្តាប្រទេសសំខាន់ៗមួយចំនួនទៀត ដូចជា ប្រទេសចិន កូរ៉េខាងត្បូង និងទៅអនាគតជាមួយប្រទេសអារ៉ាប់ និងជប៉ុន ជាដើម ខណៈដែលកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប-RCEP) ជាអនុស្សរណៈដ៏ធំជាងគេនៅលើពិភពលោក កម្ពុជាបានចុះរួចហើយ។
មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម បានគូសបញ្ជាក់ថា ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ពង្រឹងទៅលើកិច្ចការទាំងអស់នេះ ដើម្បីបង្ហាញទៅវិនិយោគិនបរទេសអំពីការអភិវឌ្ឍដ៏ខ្លាំងក្លាទៅលើបច្ចេកវិទ្យា ដែលជាផ្នែកមួយទាក់ទាញអ្នកវិនិយោគ។
ជាងនេះទៀត កម្ពុជា លើកទឹកចិត្តដល់ក្រុមហ៊ុន ដែលវិនិយោគទៅលើផ្នែកបច្ចេកវិទ្យានេះផងដែរ។ ទន្ទឹមគ្នានេះ ស្របជាមួយផែនទីបង្ហាញផ្លូវឆ្នាំ ២០២៣-២០៣០ តាមផែនការរាជរដ្ឋាភិបាល នឹងជំរុញបង្កើតសួនតំបន់វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដូចបណ្តាប្រទេសធំៗមួយចំនួន ដែលផែនការនេះ បាននិងកំពុងចាប់ផ្តើមហើយ និងមានប្រទេសមួយចំនួនកំពុងចែចង់ មានដូចជា ចិន ឥណ្ឌា និងកូរ៉េ បានត្រៀមខ្លួនសហការជាមួយកម្ពុជា។
លោក ហេង សុខគង់ បានសង្កត់ធ្ងន់ថា ផែនការនេះ នឹងរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចជាតិយ៉ាងសំខាន់ ដែលជាបរិបទថ្មីនៃការវិវត្តន៍ទៅលើផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាកម្ពុជា៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


