ព័ត៌មានជាតិ
ឥស្សរជនជាន់ខ្ពស់ ៣រូប ជាសេនាធិការឱ្យរាជរដ្ឋាភិបាលលើការធានាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម
សេនាធិការនៃរាជរដ្ឋាភិបាលបន្តវេនរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងអាណត្តិទី៧នេះ សុទ្ធសឹងជាធនធានមនុស្សមានសក្តានុពលពោរពេញដោយសមត្ថភាព ចំណេះដឹង និងប្រកបដោយបទពិសោធន៍ការងារ។ ទាក់ទងនឹងវិស័យសន្តិសុខជាតិ មានឥស្សរជនជាន់ខ្ពស់ ៣រូប ក្លាយជាសេនាធិការលើការដឹកនាំ គ្រប់គ្រង និងធានាដល់ការថែរក្សា ការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម។

លោក នេត សាវឿន ជាឧបនាយករដ្ឋមន្ត្រី ដែលទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្តីទី នៅពេលសម្ដេចនាយករដ្ឋមន្ត្រីអវត្តមាន។ ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ត្រូវបានសម្ដេចនាយករដ្ឋមន្ត្រីប្រគល់ភារកិច្ចទទួលខុសត្រូវលើវិស័យសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈក្នុងក្របខណ្ឌអន្តរក្រសួង តាមរយៈការសម្របសម្រួលដឹកនាំកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីធានាដល់សន្តិសុខជាតិ សណ្ដាប់ធ្នាប់សង្គម ព្រមទាំងមានសិទ្ធិបញ្ជាដល់កងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរក្នុងពេលនាយករដ្ឋមន្ត្រីអវត្ដមាន។

រីឯ លោក ស សុខា ដែលជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវទទួលបន្ទុកដឹកនាំផ្ទាល់ក្រសួងមហាផ្ទៃ ជួយដឹកនាំសម្របសម្រួលការងារកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ការជួញដូរមនុស្ស ការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ការបំផ្លាញចោលអាវុធ និងជាសេនាធិការលើការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព។
ក្នុងនាមជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ត្រូវមានភារកិច្ចដឹកនាំ គ្រប់គ្រងរដ្ឋបាលដែនដីគ្រប់ជាន់ថ្នាក់ ដឹកនាំ គ្រប់គ្រង និងបញ្ជាកងកម្លាំងនគរបាលជាតិ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ព្រមទាំងសហការសម្របសម្រួលជាមួយសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត ក្នុងការថែរក្សា ការពារសន្តិសុខជាតិ ពង្រឹងសណ្តាប់ធ្នាប់សាធារណៈ និងធានាសុវត្ថិភាពសង្គម។ លើសពីនេះ បញ្ជា ដឹកនាំកម្លាំងមានសមត្ថកិច្ចក្នុងការគ្រប់គ្រងការងារអត្តសញ្ញាណកម្ម ការងារសញ្ជាតិ ការងារអន្តោប្រវេសន៍ ការផ្តល់សេវារដ្ឋបាលចាំបាច់ដល់ប្រជាពលរដ្ឋ និងភារកិច្ចសំខាន់ៗជាច្រើនទៀត។

ចំណែក លោក ស ថេត ក្នុងនាមជាអគ្គស្នងការនគរបាលជាតិ មានតួនាទីជាសេនាធិការឱ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលត្រូវអនុវត្តការងាររក្សាសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ជាអគ្គស្នងការនគរបាលជាតិកម្ពុជា ត្រូវមានកាតព្វកិច្ចការពារអាយុជីវិត សិទ្ធិសេរីភាព កិត្តិយស សេចក្ដីថ្លៃថ្នូរ ទ្រព្យសម្បត្តិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ ការពារសុវត្ថិភាពថ្វាយព្រះមហាក្សត្រ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ការពារស្ថាប័នរបស់ជាតិ សម្បត្តិវប្បធម៌ បេតិកភណ្ឌជាតិ ទ្រព្យសម្បត្តិសាធារណៈ។
ទន្ទឹមនេះ ក្នុងតួនាទីជាអគ្គស្នងការនគរបាលជាតិ លោក ស ថេត ត្រូវគ្រប់គ្រង ដឹកនាំ បញ្ហា និងចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពជួញដូរមនុស្ស អាជីវកម្មផ្លូវភេទ បទល្មើសគ្រឿងញៀន បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន អំពើចោរកម្ម និងបទល្មើសផ្សេងៗទៀតដែលប្រឆាំងនឹងសន្តិសុខ សណ្ដាប់ធ្នាប់សង្គម៕

-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


