ព័ត៌មានជាតិ
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
ចាប់តាំងពីឆ្នាំ១៩៩៣ រហូតមកដល់ឆ្នាំ ២០២៣នេះ មានឥស្សរជនចំនួន១៤រូប ដែលពោរពេញដោយចំណេះដឹង សមត្ថភាពបំពេញការងារ ព្រមទាំងបានលះបង់កម្លាំងកាយ ប្ដូរជីវិត ដើម្បីបុព្វហេតុសន្តិសុខ សុវត្ថិភាព ស្ថិរភាព សន្តិភាព ការអភិវឌ្ឍជាតិ ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ទ្រង់ប្រទានគោរមងារជា “សម្ដេច”។
“កម្ពុជាថ្មី” សូមជម្រាបជូនអំពីឥស្សរជនចំនួន១៤រូប ដែលទទួលបានគោរមងារជា សម្ដេច ដូចតទៅ៖
១/ សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា
នៅឆ្នាំ២០០៧ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ទ្រង់ប្រទានគោរមងារជូនដល់សម្ដេច ជា ស៊ីមកូនអ្នកស្រុករមាសហែកខេត្តស្វាយរៀង ជា «សម្ដេចអគ្គមហាធម្មពោធិសាល»។ សម្ដេច ជា ស៊ីម បានទទួលមរណភាពនៅថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០១៥ ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយជរាពាធ។

២/សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន អតីតប្រធានរដ្ឋសភា
សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ទ្រង់ប្រទានគោរមងារជូនដល់សម្ដេច ហេង សំរិន កូនអ្នកខេត្តព្រៃវែងជា «សម្ដេចអគ្គមហាពញាចក្រី» នៅខែតុលាឆ្នាំ ២០០៧។

៣/សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា
កើតចេញពីគ្រួសារ ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅថ្ងៃទី ១២ តុលា ឆ្នាំ ២០០៧ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ប្រទានគោរមងារជា «សម្តេចអគ្គមហាសេនាបតីតេជោ »។

៤/សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គា គង់ សំអុល រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង

៥/សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា
ភរិយារបស់សម្ដេចតេជោហ៊ុន សែន ត្រូវបានព្រះមហាក្សត្រប្រទានគោរម្យជា «សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៣ ចំថ្ងៃដែលកាកបាទក្រហមកម្ពុជា បានប្រារព្ធទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ខួបលើកទី១៥០។

៦/សម្ដេច វិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា
ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានប្រទានគោរមងារដល់ សម្ដេច សាយ ឈុំ កូនអ្នកខេត្តកំពង់ចាម ជា «សម្ដេច វិបុលសេនាភក្ដី» នៅថ្ងៃទី១៤ខែមិថុនាឆ្នាំ ២០១៥។

៧/សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានប្រទានគោរមងារដល់ សម្ដេច ស ខេង ជា «សម្ដេចក្រឡាហោម» នៅថ្ងៃទី១៤ខែមិថុនាឆ្នាំ ២០១៥ ក្នុងថ្ងៃដំណាលគ្នាជាមួយ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ។

៨/សម្ដេច វិបុលបញ្ញា សុខ អាន អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី
មានដើមកំណើតនៅស្រុកគិរីវង់ ខេត្តតាកែវ សម្ដេចសុខ អាន ត្រូវបាន ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ប្រទានគោរមងារដល់ សម្ដេច សុខ អាន ជា «សម្ដេច វិបុលបញ្ញា» នៅថ្ងៃទី១៣ខែមិនាឆ្នាំ ២០១៧។ យ៉ាងណាក្រោយទទួលបានគោរមងារនេះ បានតែពីរថ្ងៃប៉ុណ្ណោះ សម្ដេចវិបុលបញ្ញាសុខអាន បានទទួលមរណៈភាព ដោយរោគាពាធ នៅលើទឹកដីនៃទីក្រុងប៉េកាំង ប្រទេសចិន។

៩/សម្ដេចពិជ័យ សេនា ទៀ បាញ់ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ
ជាកូនកសិករក្រីក្រ កើតនៅស្រុកកោះកុង ខេត្តកោះកុង សម្ដេច ទៀ បាញ់ ត្រូវបានព្រះមហាក្សត្រប្រទានគោរមងារជា «សម្ដេចពិជ័យសេនា» នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧។

១០/សម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ភរិយា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន
ព្រះមហាក្សត្រនៃកម្ពុជានៅថ្ងៃទី២៣ខែមករាឆ្នាំ២០២០ ទ្រង់ប្រទានគោរម្យជា «សម្ដេចធម្មវិសុទ្ធវង្សា» ជូនដល់ សម្ដេច សៅ ទី ហេងសំរិន ។

១១/សម្ដេចឧត្ដមទេពញាណ ហ៊ុន ណេង
បងប្រុសរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ទ្រង់ប្រទានគោរម្យជា «សម្ដេចឧត្ដមទេព ញាណ» នៅថ្ងៃទី ០៧ខែឧសភាឆ្នាំ២០២២។ ព្រះមហាក្សត្រទ្រង់ប្រទានគោរមងារជា សម្ដេចឧត្ដមទេពញាណ នេះ ក្រោយពេលសម្ដេច ហ៊ុន ណេង ទទួលមរណភាពបានចំនួន២ថ្ងៃ(សម្ដេច ហ៊ុន ណេង ទទួលមរណភាពថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២៣)។

១២/សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច
កើតនៅឃុំសំបួរ ស្រុកសំបូរ ខេត្តក្រចេះ សម្ដេច ម៉ែន សំអន ត្រូវបាន សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ប្រទានគោរមងារជា «សម្ដេចកិត្តិសង្គហបណ្ឌិត» នៅថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០២៣។

១៣/សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នីតិកាលទី៧
ព្រះមហាក្សត្រ ទ្រង់ប្រទាន គោរមងារជា «សម្ដេចមហារដ្ឋសភាធិការធិបតី» ដល់សម្ដេច ឃួន សុដារី នៅថ្ងៃទី២ខែកញ្ញាឆ្នាំ ២០២៣។

១៤/សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាអណត្តិទី៧
សម្ដេច ហ៊ុន ម៉ាណែត ត្រូវបានសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ប្រទានគោរមងារជា «សម្ដេចមហាបវរធិបតី» នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ ២០២៣ ពោលគឺក្នុងថ្ងៃតំណាលគ្នាជាមួយនឹង សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី៕
អត្ថបទដោយ៖ ង៉ិល ណារ៉ាត់

-
ចរាចរណ៍១ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់
-
កីឡា១ សប្តាហ៍ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា


