ព័ត៌មានជាតិ
កម្ពុជា មានមនុស្ស គ-ថ្លង់ ជិត ១០ ម៉ឺននាក់ ស្មើនឹង ៦.៨% នៃជនមានពិការភាពនៅទូទាំងប្រទេស
មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឲ្យដឹងថា បច្ចុប្បន្ននេះ កម្ពុជា មានមនុស្សគ-ថ្លង់ ប្រមាណជិត ១០ ម៉ឺននាក់ ស្មើនឹង ៦.៨% នៃជនមានពិការភាពទូទាំងប្រទេស។

ថ្លែងក្នុងទិវាមនុស្សគ-ថ្លង់កម្ពុជា លើកទី ១១ និងអន្តរជាតិ លើកទី ៦៦ ឆ្នាំ ២០២៣ នៅទីស្ដីការក្រសួង នៅថ្ងៃទី ១៧ កញ្ញា លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានមានប្រសាសន៍ថា យោងតាមរបាយការណ៍ នៃការអង្កេតប្រជាសាស្ត្រ និងសុខភាពរបស់វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការឆ្នាំ ២០២១-២០២២ បានបង្ហាញថា ក្នុងចំណោមប្រជាជនដែលមានអាយុចាប់ពី ៥ ឆ្នាំឡើង មានចំនួនសរុប ១៤ ១០២ ០៥២ នាក់ ក្នុងនោះជនមានពិការភាពសរុបមានចំនួន ៣ ៤៤០ ៩០១ នាក់ ស្មើនឹង ២៤.៤%។ ក្នុងចំណោមនោះ មនុស្សគ-ថ្លង់ កម្ពុជាមានចំនួនសរុប ៩៥៨ ៩៣៨ នាក់ ស្មើនឹង ៦.៨% នៃជនមានពិការភាពសរុប។

លោករដ្ឋលេខាធិការ បានបន្តថា មានមូលហេតុជាច្រើនដែលបណ្ដាលឲ្យកើតមានបញ្ហាគ-ថ្លង់ រួមមាន ការកើតមានជំងឺមុន និងក្រោយសម្រាល កំឡុងពេលមានផ្ទៃពោះ ការបង្ករោគ ការប្រើប្រាស់ឱសថមិនបានត្រឹមត្រូវ កង្វះអុកស៊ីសែននៅពេលសម្រាល ឬមានការរបួសប្រព័ន្ធសោតវិញ្ញាណ ឬប្រព័ន្ធបញ្ជានិយាយដោយសារគ្រោះថ្នាក់ផ្សេងៗ ការប្រើប្រាស់ឧបករណ៍បំពងសំឡេងខ្លាំងហួស មានគភ៌ពេលអាយុកាន់តែចាស់។

លោករដ្ឋលេខាធិការ បានបន្តទៀតថា មនុស្សគ-ថ្លង់ អាចចំណាយជីវិតដ៏មានន័យរបស់ពួកគេបានដោយសារប្រើប្រាស់ភាសាសញ្ញានេះឯង សម្រាប់ទទួលបានការអប់រំ ការងារ ការចូលរួមក្នុងនយោបាយ និងនៅគ្រប់សកម្មភាពផ្សេងៗទៀត នៃជីវិតប្រចាំរបស់ពួកគេ។ ប៉ុន្តែតាមការស្រាវជ្រាវ ភាសាសញ្ញា គឺត្រូវបានប្រើប្រាស់តាមប្រទេសនីមួយៗដោយខ្លួនឯងពោលគឺត្រូវពុំបានទទួលស្គាល់ជាភាសាសកលនៅឡើយ។

លោករដ្ឋលេខាធិការ បានបន្ថែមថា «មនុស្សគ-ថ្លង់មួយចំនួនធំ រស់នៅក្នុងពិភពលោក មិនសុទ្ធតែមានឱកាសទទួលបានការសិក្សារៀនសូត្រ និងប្រើប្រាស់ភាសាសញ្ញានៅគ្រប់ដំណាក់កាល នៃជីវិតរបស់ពួកគេឡើយ ប៉ុន្តែការប្រើកាយវិការទំនាក់ទំនងត្រូវបានប្រើប្រាស់ក្នុងចំណោមមនុស្សគ-ថ្លង់ យល់លឿនជាងភាសាសញ្ញា»។
លោករដ្ឋលេខាធិការ បានរំលឹកថា នៅឆ្នាំសិក្សា ២០២១-២០២២ កន្លងមកនេះ សិស្សគ-ថ្លង់ចំនួន ១២ នាក់ (ស្រី ០៦ នាក់) បានទទួលជោគជ័យក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ប្រការនេះ បានបង្ហាញអំពីវឌ្ឍនភាព និងសមត្ថភាព របស់សិស្សគ-ថ្លង់ ដែលមានសិទ្ធិទទួលបានការអប់រំស្មើគ្នា ប្រកួតប្រជែងដូចគ្នា ដូចសិស្សមិនមានពិការភាពផងដែរ។ កុមារ គ -ថ្លង់ មានចំនួន ៥៧៧ នាក់ (ស្រី ២៤២ នាក់) បាននិងកំពុងសិក្សានៅថ្នាក់សមាហរណកម្ម និងកម្រិតបឋមសិក្សា។ នៅថ្នាក់មហាវិទ្យាល័យមាននិស្សិត គ-ថ្លង់ ចំនួន ៤២ នាក់ កំពុងសិក្សា ហើយបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ចំនួន ១៧ រូប (ស្រី ៣ នាក់)។ ទន្ទឹមនេះសិស្សគ-ថ្លង់ក៏បាននិងកំពុងបម្រើការងារនៅតាមភោជនីយដ្ឋាន និងវិស័យឯកជននានាប្រមាណ ១៨០ នាក់ (ស្រី ៧២ នាក់)។
លោករដ្ឋលេខាធិការ បានបញ្ជាក់ថា «ក្នុងបរិការណ៍ និងកាលៈទេសៈរបៀបនេះ ជាចាំបាច់ណាស់ឲ្យយើងទាំងអស់គ្នារួមគ្នាគិត រួមគ្នាធ្វើ និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធប្រកបដោយឆន្ទៈ និងការទទួលខុសត្រូវខ្ពស់។ ការលើកកម្ពស់ និងពង្រឹងសិទ្ធិជាមូលដ្ឋានរបស់ជនមានពិការភាពជាគោលដៅអាទិភាព នៃគោលនយោបាយសង្គមកិច្ចរបស់រាជរដ្ឋាភិបាល»។
លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សូមអំពាវនាវដល់គ្រប់ភាគីទាំងអស់ បន្តយកចិត្តទុកដាក់ លើកស្ទួយសុខុមាលភាពជនមានពិការភាព ពិសេសមនុស្សគ-ថ្លង់នៅកម្ពុជា ដោយប្រែក្លាយផែនការយុទ្ធសាស្ត្រជាតិស្ដីពីពិការភាព និងឯកសារគតិយុត្តិ ទាំងឡាយពាក់ព័ន្ធនឹងពិការភាពឲ្យក្លាយជាការពិត។
លោករដ្ឋមន្ត្រី បានបន្តថា «ជារួមការវិនិយោគជាមួយជនមានពិការភាពលើការអប់រំ បណ្ដុះបណ្ដាល ជំនាញ គឺជាទុនដ៏សំខាន់សម្រាប់ផ្តល់ធនធានមនុស្ស ការលើកកម្ពស់ និងជំរុញឲ្យជនមានពិការភាពមានលទ្ធភាពទទួលបានការងារ មុខរបរ មានប្រាក់កម្រៃកាន់តែប្រសើរឡើង ពិសេសគឺអាចរស់នៅបានដោយឯករាជ្យប្រកបដោយភាពសុខដុមរមនា»៕
អត្ថបទ ៖ សំអឿន
-
កីឡា២៤ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


