Connect with us

ព័ត៌មានជាតិ

ស្វែង​យល់ពី​​តួនាទី ភារកិច្ច និង​រចនាសម្ព័ន្ធ​នៅ​ក្រសួង​យុត្តិធម៌

បានផុស

នៅ

ក្រសួងយុត្តិធម៌ មាន​សមត្ថកិច្ច​ដឹកនាំនិង​គ្រប់គ្រង​វិស័យយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ 

ក្រសួងយុត្តិធម៌មានលោក កើត​ រិទ្ធិ ជា​រដ្ឋមន្រ្តី ដែលលោកបានចូលទៅ​ដឹកនាំនៅក្រសួង​យុត្តិធម៌​បន្ត​ពី​លោក អង្គ វង្សវឌ្ឍានា។

តើក្រសួងយុត្តិធម៌មាន​មុខងារ ភារកិច្ច និង​រចនាសម្ព័ន្ធ​យ៉ាងណាខ្លះ?

ក្រសួងយុត្តិធម៌ មានតួនាទីនិងភារកិច្ចដូចតទៅ៖

– ចូលរួមការពារឯករាជ្យរបស់​ចៅក្រម​ក្នុងការ​បំពេញ​មុខងារ​
-ធានា​ឱ្យ​មាន​យុត្តិធម៌ និង​សមភាព​សម្រាប់​បុគ្គល​គ្រប់រូប​ចំពោះ​មុខច្បាប់
-រៀបចំ និងត្រួតពិនិត្យ​ដំណើរការ​រដ្ឋបាល​នៃអង្គការតុលាការ និង​អង្គការអយ្យការ
-រៀបចំ ដឹកនាំ គ្រប់គ្រង និងត្រួតពិនិត្យអង្គការអយ្យការ
– ធានាការប្រព្រឹត្តទៅ​ល្អរបស់អង្គការតុលាការ
-ធានាឱ្យមាន​ការអនុវត្តច្បាប់ និង​សេចក្តីសម្រេច​ទាំងឡាយ​របស់អង្គការ​តុលាការ និងអង្គការអយ្យការ
-តាមដាន ត្រួតពិនិត្យការអនុវត្តច្បាប់ និងសេចក្តីសម្រេចទាំងឡាយរបស់អង្គការតុលាការ និង អង្គការអយ្យការ
-រៀបចំ គ្រប់គ្រង និងចងក្រងសេចក្តីសម្រេចរបស់អង្គការតុលាការ
-ធ្វើអធិការកិច្ចក្នុងករណីមានបណ្ដឹងសុំអន្តរាគមន៍ពីរូបវន្តបុគ្គល ឬនីតិបុគ្គលដែលកើតឡើងនៅតាមអង្គការតុលាការ និងអង្គការអយ្យការ និងតាមតម្រូវការចាំបាច់
-ធានាការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
|-ត្រួតពិនិត្យមន្ទីរឃុំឃាំង និងពន្ធនាគារក្នុងការអនុវត្តច្បាប់
-កសាងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗនៅក្នុងវិស័យយុត្តិធម៌
-ទទួលពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងនិងសា្ថប័ននានា
-រៀបចំ និងតាក់តែងសេចក្តីណែនាំនានា ក្នុងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងវិស័យយុត្តិធម៌ ដឹកនាំ និងគ្រប់គ្រងរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ
-ដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍសន្ធានកម្ម និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គ្រប់គ្រង និងសម្របសម្រួលការងារពាក់ព័ន្ធនឹងការផ្ដល់ជំនួយផ្នែកច្បាប់ និងសិទ្ធិទទួលបានយុត្តិធម៌
-ដឹកនាំ និងគ្រប់គ្រងលើអ្នកជំនួយយុត្តិធម៌ និងអ្នកដែលបម្រើការងារពាក់ព័ន្ធនឹងវិស័យយុត្តិធម៌
-រៀបចំ ដឹកនាំ គ្រប់គ្រង និងត្រួតពិនិត្យវត្ថុតាង វត្ថុចាប់យក និងផលនៃបទល្មើស
-ស្រាវជ្រាវ និងស៊ើបអង្កេតចំពោះបទល្មើសប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ និងបទល្មើសផ្សេងទៀត ដែលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងសង្គម តាមការប្រគល់ភារកិច្ចរបស់រាជរដ្ឋាភិបាល
-ស្រាវជ្រាវ បណ្តុះបណ្តាល អប់រំ និងផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យយុត្តិធម៌
-ត្រួតពិនិត្យការបណ្តុះបណ្តាល អប់រំ និងផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យយុត្តិធម៌
-ធ្វើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យច្បាប់ និងយុត្តិធម៌ដែលពាក់ព័ន្ធ
-គ្រប់គ្រង និងចេញសម្រង់លិខិតថ្កោលទោស
-ទទួល និងរៀបចំចាត់ចែងការអនុគ្រោះទោសទៅតាមបែបបទដែលច្បាប់កំណត់
-ទទួល និងរៀបចំចាត់ចែងលើសំណើសុំដោះលែងដោយមានលក្ខខណ្ឌ ទៅតាមបែបបទដែលច្បាប់កំណត់
-គ្រប់គ្រងមន្ត្រីរាជការទាំងអស់ដែលបម្រើការងារចំណុះក្រសួង
-គ្រប់គ្រងមន្ត្រីយុត្តិធម៌ និងអ្នកប្រកបវិជ្ជាជីវៈផ្សេងទៀតពាក់ព័ន្ធនឹងវិស័យយុត្តិធម៌
-គ្រប់គ្រងថវិកាក្រសួងយុត្តិធម៌ អង្គការតុលាការ អង្គការអយ្យការ និងឧត្តមក្រុមប្រឹក្សា​នៃអង្គចៅក្រម
-ធ្វើរបាយការណ៍សកម្មភាពការងារប្រចាំខែ ត្រីមាស ឆមាស នព្វមាស និង​ប្រចាំឆ្នាំ​ជូន​រាជរដ្ឋាភិបាល
-អនុវត្តភារកិច្ចផ្សេងៗទៀត ដែលរាជរដ្ឋាភិបាលប្រគល់ឱ្យ។

ក្រសួងយុត្តិធម៌ មានរចនាសម្ព័ន្ធដូចតទៅ៖

-ខុទ្ទកាល័យរដ្ឋមន្ត្រី
-អគ្គលេខាធិការដ្ឋាន
-អគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ
-អគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី
-អគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ
-អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ
-អគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌
-អគ្គាធិការដ្ឋានកិច្ចការតុលាការ
-នាយកដ្ឋានសវនកម្មផ្ទៃក្នុង
-អង្គភាពព័ត៌មាន។

អគ្គលេខាធិការដ្ឋាន ដឹកនាំ​ដោយអគ្គលេខាធិការ​មួយរូប មាន​ឋានៈស្មើអគ្គនាយក និង​អម​ដោយ អគ្គលេខាធិការរង​មួយចំនួន មានឋានៈស្មើអគ្គនាយករងជាជំនួយការ។

អគ្គនាយកដ្ឋាន ដឹកនាំដោយអគ្គនាយកមួយរូប និងអមដោយអគ្គនាយករងមួយចំនួន ជា​ជំនួយ​ការ។ អគ្គាធិការដ្ឋាន​កិច្ចការតុលាការ ដឹកនាំ​ដោយអគ្គាធិការមួយរូប មានឋានៈ​ស្មើអគ្គនាយក និង​អម​ដោយអគ្គាធិការរងមួយចំនួន មានឋានៈស្មើអគ្គនាយករង ជាជំនួយការ។

ខុទ្ទកាល័យរដ្ឋមន្តី

ខុទ្ទកាល័យរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មទាំងឡាយដែល​មានកំណត់ដោយអនុក្រឹត្យ​ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ស្តីពី​ការរៀបចំ និងការប្រព្រឹត្តទៅរបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការជាប្រធានស្ថាប័ន និង​បទប្បញ្ញត្តិ​ជា​ធរមាន។

អគ្គលេខាធិការដា្ឋន

អគ្គលេខាធិការដ្ឋាន មានតួនាទីជាសេនាធិការឱ្យក្រសួងលើការងារ​ផ្តល់សេវាគាំទ្រ សម្រាប់ធានាប្រក្រតីភាពនៃដំណើរការរបស់ក្រសួងយុត្តិធម៌ និង​គ្រប់គ្រងលើកិច្ចការរដ្ឋបាល បុគ្គលិក ហិរញ្ញវត្ថុ និង​ការងារ ផែនការ ស្ថិតិ បណ្ណសារ ព័ត៌មានវិទ្យា និងបរិវត្តកម្មឌីជីថលរបស់ក្រសួង និង​អង្គភាព​នានាចំណុះក្រសួងយុត្តិធម៌។

អគ្គលេខាធិការដ្ឋាន មាននាយកដ្ឋានក្រោមឱវាទចំនួន ៤៖

– នាយកដ្ឋានកិច្ចការបុគ្គលិក
– នាយកដ្ឋានកិច្ចការហិរញ្ញវត្ថុ
– នាយកដ្ឋានកិច្ចការរដ្ឋបាល
-នាយកដ្ឋានព័ត៌មានវិទ្យា និងបរិវត្តកម្មឌីជីថល។

អគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ

អគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ មានតួនាទីជាសេនាធិការឱ្យក្រសួង​លើការងារ​សម្របសម្រួល គ្រប់គ្រង និង​ត្រួតពិនិត្យអង្គភាព​រដ្ឋបាល​របស់អង្គការតុលាការ និងអង្គការអយ្យការ រួមទាំងកិច្ចការ​សាធារណៈរដ្ឋបាល​នីតិវិធី កិច្ចការហិរញ្ញវត្ថុ កិច្ចការគ្រប់គ្រងធនធានមនុស្ស កិច្ចការ​អាជ្ញាសាលា កិច្ចការក្រឡាបញ្ជី និង​កិច្ចការ​តម្កល់និងផ្ញើ និង​ការជំរុញការប្រើប្រាស់​បច្ចេកវិទ្យា​ជាឧបករណ៍​ជំនួយឱ្យការងារ​រដ្ឋបាល ការចុះបញ្ជី និង​ការគ្រប់គ្រងសំណុំរឿង ក្នុង​គោលបំណង​លើកកម្ពស់ និងធានា​នូវដំណើរការ​ល្អ​នៃ​យុត្តិធម៌។

អគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ មាននាយកដ្ឋានក្រោមឱវាទចំនួន ៦៖

-នាយកដ្ឋានកិច្ចការបច្ចេកទេស និងទំនើបកម្មរដ្ឋបាលតុលាការ
– នាយកដ្ឋានកិច្ចការហិរញ្ញវត្ថុនៃសាលាជម្រះក្តី
-នាយកដ្ឋានគ្រប់គ្រងធនធានមនុស្សនៃរដ្ឋបាលតុលាការ
-នាយកដ្ឋានអាជ្ញាសាលា
– នាយកដ្ឋានក្រឡាបញ្ជី
-នាយកដ្ឋានកិច្ចការតម្កល់ និងផ្ញើ។

អគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវណី

អគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី មានតួនាទីជាសេនាធិការឱ្យក្រសួងលើការងារសម្របសម្រួលនិង​គ្រប់គ្រងកិច្ចការ​រដ្ឋប្បវេណី កិច្ចការគ្រួសារ កិច្ចការចុះបញ្ជីទ្រព្យសម្បត្តិប្ដីប្រពន្ធ កិច្ចការ​ចុះបញ្ជី​នីតិបុគ្គល ដែលកំណត់តាមច្បាប់ កិច្ចការពាណិជ្ជកម្ម ការងារ និងអន្តរវិស័យ កិច្ចការក្ស័យធន អភិបាល​បណ្តោះអាសន្ន និងជម្រះបញ្ជី កិច្ចការអនុវត្តសេចក្តីសម្រេចផ្នែករដ្ឋប្បវេណី ការ​ដោះស្រាយ​វិវាទក្រៅ​ប្រព័ន្ធតុលាការ និង ជំនួយផ្នែកច្បាប់ កិច្ចការសារការី ព្រមទាំង​រៀបចំយុទ្ធសាស្ត្រ​សម្រាប់​អភិវឌ្ឍការងារបច្ចេកទេសលើវិស័យ រដ្ឋប្បវេណី។

អគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី មាននាយកដ្ឋានក្រោមឱវាទចំនួន ៥៖

– នាយកដ្ឋានកិច្ចការច្បាប់រដ្ឋប្បវេណី និងអន្តរវិស័យ
-នាយកដ្ឋានកិច្ចការក្ស័យធន អភិបាលបណ្តោះអាសន្ន និងអ្នកជម្រះបញ្ជី
– នាយកដ្ឋានកិច្ចការអនុវត្តសេចក្តីសម្រេចផ្នែករដ្ឋប្បវេណី
-នាយកដ្ឋានដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងជំនួយផ្នែកច្បាប់
-នាយកដ្ឋានសារការី។

អគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ

អគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ មានតួនាទីជាសេនាធិការឱ្យក្រសួង​លើការងារ សម្របសម្រួល គ្រប់គ្រង និងត្រួតពិនិត្យកិច្ចការ​អយ្យការ កិច្ចការព្រហ្មទណ្ឌ កិច្ចការស្រាវជ្រាវ និង​ស៊ើបអង្កេត និងការងារគ្រប់គ្រងវត្ថុតាង និង​ផល​នៃបទល្មើស ព្រមទាំង​រៀបចំយុទ្ធសាស្ត្រ​សម្រាប់​អភិវឌ្ឍ​ការងារបច្ចេកទេស នៃវិស័យយុត្តិធម៌ព្រហ្មទណ្ឌ។

អគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ មាននាយកដ្ឋានក្រោមឱវាទចំនួន ៥៖

– នាយកដ្ឋានកិច្ចការអយ្យការ
-នាយកដ្ឋានកិច្ចការយុត្តិធម៌ព្រហ្មទណ្ឌ និងនគរបាលយុត្តិធម៌
– នាយកដ្ឋានកិច្ចការច្បាប់ព្រហ្មទណ្ឌ
-នាយកដ្ឋានស្រាវជ្រាវ និងស៊ើបអង្កេត
– នាយកដ្ឋានគ្រប់គ្រងវត្ថុតាង និងផលនៃបទល្មើស។

អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ

អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ មាន​តួនាទីជាសេនាធិការ​ឱ្យក្រសួងលើកិច្ចការថ្កោលទោស កិច្ចការ​អនុគ្រោះទោស កិច្ចការអនុវត្តទោស និងការដោះលែងដោយមានលក្ខខណ្ឌ។

អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ មាននាយកដ្ឋានក្រោមឱវាទចំនួន ៣៖

-នាយកដ្ឋានកិច្ចការថ្កោលទោស
-នាយកដ្ឋានកិច្ចការអនុគ្រោះទោស
– នាយកដ្ឋានកិច្ចការអនុវត្តទោស និងការដោះលែងដោយមានលក្ខខណ្ឌ។

អគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌

អគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ មានតួនាទីជាសេនាធិការឱ្យក្រសួងលើ​កិច្ចការ​ទំនាក់ទំនង​អន្តរជាតិ កិច្ចការ​ច្បាប់អាស៊ាន កិច្ចការ​ជា​អាជ្ញាធរ​កណ្ដាល​សម្រាប់​កិច្ច​សហប្រតិបត្តិការ ផ្នែក​ច្បាប់​ក្នុងវិស័យព្រហ្មទណ្ឌ​និង​វិស័យរដ្ឋប្បវេណី ការគ្រប់គ្រង​អ្នកបកប្រែ​និង​អ្នក​ជំនាញក្នុង​វិស័យច្បាប់ និង​យុត្តិធម៌ កិច្ចការផ្សព្វផ្សាយនិងបណ្តុះបណ្តាលច្បាប់ ព្រមទាំង​កិច្ចការ​ស្រាវជ្រាវ និងផែនការដើម្បី​លើកកម្ពស់ និងអភិវឌ្ឍវិស័យយុត្តិធម៌ឱ្យកាន់តែមានភាពរឹងមាំ និង​មាន​ប្រសិទ្ធភាព។

អគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ មាននាយកដ្ឋានក្រោមឱវាទចំនួន ៥៖

– នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងសហប្រតិបត្តិការផ្នែកច្បាប់
– នាយកដ្ឋានកិច្ចការច្បាប់ និងកិច្ចសហប្រតិបត្តិការអាស៊ាន
-នាយកដ្ឋានអ្នកបកប្រែ និងអ្នកជំនាញក្នុងវិស័យច្បាប់ និងយុត្តិធម៌
– នាយកដ្ឋានផ្សព្វផ្សាយ និងបណ្តុះបណ្តាលច្បាប់
-នាយកដ្ឋានស្រាវជ្រាវ និងផែនការ។

អគ្គាធិការដ្ឋានកិច្ចការតុលាការ

អគ្គាធិការដ្ឋានកិច្ចការតុលាការ មានតួនាទីជាសេនាធិការឱ្យក្រសួងលើការងារដូចតទៅ៖

-ធ្វើអធិការកិច្ចជាប្រចាំលើការប្រព្រឹត្តទៅរបស់អង្គភាពនានាដែលចំណុះផ្ទាល់ឱ្យក្រសួងយុត្តិធម៌
-ធ្វើអធិការកិច្ចជាប្រចាំលើការប្រព្រឹត្តទៅរបស់សាលាជម្រះក្តីគ្រប់ជាន់ថ្នាក់
-ធ្វើអធិការកិច្ចក្នុងករណីមានពាក្យសុំអន្តរាគមន៍ពីរូបវន្តបុគ្គល ឬនីតិបុគ្គល ដែលកើតឡើង នៅតាមសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់ រួចធ្វើរបាយការណ៍ជូនរដ្ឋមន្ត្រី
-ធ្វើរបាយការណ៍ជូនរដ្ឋមន្ត្រីអំពីការអនុវត្តច្បាប់របស់សាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ និងអង្គភាពនានា ចំណុះក្រសួងយុត្តិធម៌ ដែលត្រូវបានធ្វើអធិការកិច្ចរួច ព្រមទាំងលើកអនុសាសន៍ និងវិធានការ នានាជូនរដ្ឋមន្ត្រី ដើម្បីឱ្យការប្រព្រឹត្តទៅនៃអង្គភាពទាំងនោះបានល្អប្រសើរ
-តាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការអនុវត្តនូវវិធានការកែលម្អ សម្រាប់អង្គភាពដែល ត្រូវបានធ្វើអធិការកិច្ចរួច
-ពិនិត្យសម្រុះសម្រួលវិវាទរដ្ឋបាលដែលពាក់ព័ន្ធនឹងមន្ត្រី និងបុគ្គលិករបស់ក្រសួងយុត្តិធម៌
– ចូលរួមពិនិត្យ និងផ្តល់យោបល់លើបញ្ហានានាពាក់ព័ន្ធនឹងចៅក្រម ក្រឡាបញ្ជី និងអាជ្ញាសាលា និងធ្វើអធិការកិច្ចក្នុងករណីចាំបាច់
– ពិនិត្យ និងផ្តល់យោបល់លើពាក្យបណ្តឹងពាក់ព័ន្ធនឹងវិន័យចៅក្រម ក្រឡាបញ្ជី និងអាជ្ញាសាលានិងធ្វើអធិការកិច្ចក្នុងករណីចាំបាច់
– សម្របសម្រួល និងទំនាក់ទំនងជាមួយអង្គភាព និងស្ថាប័ននានា ព្រមទាំងអាចស្នើសុំកិច្ចសហការ ពីបុគ្គលនានា ដើម្បីធានាប្រសិទ្ធភាពការងារអធិការកិច្ច
-ប្រមូលផ្តុំព័ត៌មាន និងធ្វើរបាយការណ៍ការងារប្រចាំឆ្នាំ ដើម្បីវិភាគ និងកំណត់អំពីតម្រូវការ អធិការកិច្ច និងលើកជាអនុសាសន៍ និងវិធានការកែលម្អ
-ចូលរួមរៀបចំគម្រោងថវិកាប្រចាំឆ្នាំ និងផែនការយុទ្ធសាស្ត្រថវិការបស់អគ្គាធិការដ្ឋាន
– ធ្វើរបាយការណ៍សកម្មភាពការងារប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំជូនថ្នាក់ដឹកនាំ អនុវត្តភារកិច្ចផ្សេងៗទៀត ដែលរដ្ឋមន្ត្រីប្រគល់ឱ្យ។

អគ្គាធិការដ្ឋានកិច្ចការតុលាការ មាននាយកដ្ឋានក្រោមឱវាទចំនួន ២៖

-នាយកដ្ឋានកិច្ចការទូទៅ
-នាយកដ្ឋានកិច្ចការបច្ចេកទេសច្បាប់ និងនីតិវិធី។

នាយកដា្ឋនសវនកម្មផ្ទៃក្នុង

នាយកដ្ឋានសវនកម្មផ្ទៃក្នុង ចំណុះផ្ទាល់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងទទួលបន្ទុកអនុវត្តភារកិច្ចតាម អនុក្រឹត្យចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃសវនកម្ម ផ្ទៃក្នុង​នៅតាម​បណ្តាស្ថាប័ន ក្រសួង និងសហគ្រាសសាធារណៈ និងបទប្បញ្ញត្តិជាធរមានផ្សេងទៀត។

នាយកដ្ឋានសវនកម្មផ្ទៃក្នុង ដឹកនាំដោយប្រធានមួយរូប និងអមដោយអនុប្រធានមួយចំនួន ជាជំនួយការ។

អង្គភាពព័ត៌មាន

អង្គភាពព័ត៌មាន ទទួលបន្ទុកលើការងារដូចតទៅ៖

-ធ្វើជាសេនាធិការបច្ចេកទេសលើការងារនាំពាក្យ និងផ្សព្វផ្សាយព័ត៌មាន
– ស្រាវជ្រាវ និងចងក្រងរាល់ព័ត៌មានជាតិ និងអន្តរជាតិប្រចាំថ្ងៃ ពាក់ព័ន្ធនឹងវិស័យច្បាប់ និង យុត្តិធម៌
– សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីប្រមូលព័ត៌មានដែលពាក់ព័ន្ធនឹងវិស័យច្បាប់ និង យុត្តិធម៌ និងរៀបចំឯកសារសម្រាប់បកស្រាយបំភ្លឺជូនសាធារណជន ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព
-ធ្វើជាច្រកចេញ-ចូលតែមួយសម្រាប់ទទួលពាក្យស្នើសុំ និងការផ្ដល់ព័ត៌មានផ្សេងៗដែលស្ថិត ក្នុងដែនសមត្ថកិច្ចរបស់ក្រសួងយុត្តិធម៌ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន
-ធ្វើរបាយការណ៍សកម្មភាពការងារប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំជូនថ្នាក់ដឹកនាំ
-អនុវត្តភារកិច្ចផ្សេងៗទៀត ដែលរដ្ឋមន្ត្រីប្រគល់ឱ្យ។

អង្គភាពព័ត៌មាន ដឹកនាំដោយប្រធានមួយរូប មានឋានៈស្មើប្រធាននាយកដ្ឋាន និងអមដោយអនុប្រធានមួយចំនួនមានឋានៈស្មើអនុប្រធាននាយកដ្ឋាន​ជាជំនួយការ។

អង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុ

អង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុ បង្កើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាម​លក្ខខណ្ឌនៃបទបញ្ជាកំណត់ក្នុងអនុក្រឹត្យលេខ ៨១ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការ​បង្កើត​ស្ថាប័នត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិកាក្នុងបណ្តាក្រសួង និង​បទប្បញ្ញត្តិ​ជាធរមាន​ផ្សេងទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៩ នាទី មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៥ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម