ព័ត៌មានជាតិ
អភិបាលរងខេត្តសៀមរាប៖ រាជរដ្ឋាភិបាលនៅតែបន្តប្តេជ្ញាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់
ថ្លែងក្នុងទិវាជាតិប្រឆាំងការជួញដូរមនុស្ស នៅស្រុកពួក នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ អភិបាលរងខេត្តសៀមរាប លោកស្រី យូ សុភា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តការប្តេជ្ញាចិត្តយ៉ាងមុះមុតក្នុងការប្រឆាំងដាច់ ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់នៅកម្ពុជា។

ទិវាជាតិប្រឆាំងការជួញដូរមនុស្ស ត្រូវបានរៀបចំឡើងជារៀងរាល់នាខែធ្នូ ដើម្បីជាយុទ្ធនាការរួមគ្នាក្នុងការបង្កើននូវប្រព័ន្ធសុវត្ថិភាពសម្រាប់ការពារប្រជាពលរដ្ឋឱ្យរួចផុតពីភាពរងគ្រោះដោយអំពើជួញដូរមនុស្ស ហើយនៅឆ្នាំ២០២៣នេះ ទិវាជាតិប្រឆាំងការជួញដូរមនុស្ស លើកទី១៧ រៀបចំឡើងក្រោមប្រធានបទ៖ «បច្ចេកវិទ្យា ជាមធ្យោបាយដើម្បីអភិវឌ្ឍន៍ជាតិ មិនមែនដើម្បីជួញដូរមនុស្ស»។
លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ដែលបានអញ្ជើញជាអធិបតីក្នុងទិវាជាតិនេះ នៅក្នុងស្រុកពួក បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានតម្កល់នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារឱ្យបាននូវសន្តិភាពជាតិ សន្តិសុខសង្គម ស្ថេរភាពនយោបាយ កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ដោយពង្រឹងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ កាន់តែទូលំទូលាយ និងអភិវឌ្ឍធនធានមនុស្ស ប្រកបដោយថាមពល និងសក្តានុពល។

លោកស្រីអភិបាលរង យូ សុភា បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តការប្តេជ្ញាចិត្តយ៉ាងមុះមុតប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងបទឧក្រិដ្ឋដទៃទៀត ដែលបាននិងកំពុងតែយាយីបំផ្លាញដល់សង្គមជាតិយ៉ាងធ្ងន់ធ្ងរធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ ផលប្រយោជន៍ រហូតដល់អាយុជីវិតប្រជាពលរដ្ឋ ក៏ដូចជាបំផ្លាញដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសេដ្ឋកិច្ចជាតិយ៉ាងធ្ងន់ធ្ងរ។ លោកស្រី បានគូសបញ្ជាក់ថា អំពើជួញដូរមនុស្ស និងអំពើរំលោភសិទ្ធិមនុស្ស បានធ្វើប៉ះពាល់ដល់ទាំងកម្ពុជា និងពិភពលោក ដែលតម្រូវឱ្យកម្ពុជា ដើរតួយ៉ាងសំខាន់ក្នុងការលុបបំបាត់ ទប់ស្កាត់ ក៏ដូចជាការបង្ការអំពើជួយដូរមនុស្សទាំងនោះឱ្យខានតែបាន។

បើតាមលោកស្រីអភិបាលរង នៅក្នុងស្រុកពួក ខេត្តសៀមរាប ក៏មានប្រជាពលករខ្មែរ បានចាញ់បោកនឹងការបញ្ឆោតរបស់ជនខិលខូច ដែលជាមេខ្យល់ ក្នុងនាំពួកគាត់ឱ្យធ្វើចំណាកស្រុកខុសច្បាប់ ដែលត្រូវបានគេកេងប្រវ័ញ្ចកម្លាំងពលកម្ម និងមួយចំនួនទៀតត្រូវបានគេធ្វើការលក់ដូរពីមួយទៅមួយទៀត រហូតមានការបាត់បង់ជីវិតទៀតផង។ លោកស្រី សង្កត់ធ្ងន់ថា ប្រទេសនីមួយៗ រួមទាំងកម្ពុជា បានខិតខំបង្កើតឱ្យមានច្បាប់ គោលនយោបាយ យន្តការជាតិ យុទ្ធសាស្ត្រ វិធានការ និងវិធីសាស្ត្រជំនាញដ៏សម្បូរបែប ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើជួញដូរមនុស្ស ក៏ប៉ុន្តែនៅតែមានជនរងគ្រោះ ដែលបាននិងកំពុងរងទុក្ខវេទនាដោយការធ្វើទុក្ខបុកម្នេញ និងកេងប្រវ័ញ្ចពីក្រុមឧក្រិដ្ឋជន។
ដូច្នេះហើយ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បានអំពាវនាវឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូទាំងអស់បន្តសហការជាមួយគ្នាក្នុងការផ្សព្វផ្សាយ និងអនុវត្តការងារប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ដែលបាននិងកំពុងកើតមាននាពេលបច្ចុប្បន្ន ជាពិសេសការជួញដូរដែលធ្វើឡើងតាមរយៈទេសន្តរប្រវេសន៍ និងប្រព័ន្ធអនឡាញឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត៕

អត្ថបទ៖ គឿន វេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


