ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពង់ធំ បើកទីលានកប់សំរាមថ្មី លើផ្ទៃដីជិត ២០ហិកតា
នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ អាជ្ញាធរខេត្តកំពង់ធំ បើកទីលានកប់សំរាមថ្មី លើផ្ទៃដីជិត ២០ហិកតា ស្ថិតនៅភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ក្នុងឱកាសនោះដែរ លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំអំពាវនាវប្រជាពលរដ្ឋត្រូវចេះវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវដើម្បីងាយស្រួលជញ្ជូន។

លោកបន្តថា នេះជាថ្ងៃដំបូងដែលទីលានទុកដាក់សំរាមបានដំណើការទទួលយកសំរាមពីក្រុមហ៊ុនប្រមូលសំរាមក្នុងក្រុងស្ទឹងសែន និងតាមទីផ្សារធំៗក្នុងខេត្ត ពេលដឹកជញ្ជូនសំរាមមកដល់ទីលាន ត្រូវថ្លឹងទម្ងន់ជាមុនសិនមុនយកសំរាមទៅចាក់ក្នុងអាងសំរាម ហើយពេលត្រឡប់ចេញពីអាងសំរាមវិញ ត្រូវតែលាងរថយឱ្យស្អាតសិន មុននឹងថ្លឹងសំបករថយន្តជាពិសេសនោះ គឺរថយន្តមិនមានក្លិនស្អុយពេលបើកបរតាមទីសាធារណៈ។

លោក ជា វ៉ាន់ចាន់ អំពាវនាវប្រជាពលរដ្ឋត្រូវតែចេះវេចខ្ចប់សំរាមដាក់ក្នុងបេ ឬថង់ឱ្យបានត្រឹមត្រូវ ងាយស្រួលឱ្យក្រុមហ៊ុនដឹកជញ្ជូនសំរាមប្រមូលបានស្អាត ដើម្បីឱ្យមានសោភ័ណភាព និងសូមឱ្យអាជ្ញាធរទាំងអស់ ជួយផ្សព្វផ្សាយបន្ថែមពីសុវត្ថិភាពការទុកដាក់សំរាម ឱ្យមានសណ្ដាប់ធ្នាប់ល្អ និងចេះដាក់ទៅតាមផ្នែកនីមួយៗនៃសំរាម កុំឱ្យឆ្លងជំងឺដល់បងប្អូនប្រជាពលរដ្ឋតាមរយៈសំរាម។

គួរបញ្ជាក់ថា ទីលានទុកដាក់សម្រាមនេះជាគម្រោងមួយក្នុង គម្រោងកែលម្អគ្រប់គ្រងបរិស្ថាន ក្រុងជុំវិញបឹង ទន្លេសាប ជំហានទី២ ប្រើប្រាស់ឥណទានពីធនាគារ ADB ក្នុងការស្ថាបនាជាមួយទំហំទឹកប្រាក់ ៤ ៦២៩ ៣៩៩ ដុល្លារអាមេរិក ចាប់ផ្តើមការសាងសង់នៅថ្ងៃទី០៧ កក្កដា ២០២១ និងបញ្ចប់ការសាងសង់នៅថ្ងៃទី២៨ ខែវិច្ឆិកា ២០២២ ដោយសាងសង់លើផ្ទៃដីទំហំ ១៤,៧៣ ហិកតា នៃផ្ទៃដី សរុប ១៩,៧៦ ហិកតា។ រណ្ដៅទុកដាក់សំរាមមាន ទទឹង ៨០ ម៉ែត្រ បណ្តោយ ១៧០ ម៉ែត្រ ជម្រៅ ០២ ម៉ែត្រ ដែលត្រូវជា ១,៣៦ ហិកតា។ តាមផែនការរណ្ដៅនេះ នឹងត្រូវបំពេញសំរាមរហូតដល់កម្ពស់ ១០ ម៉ែត្រ គិតពីមាត់រណ្ដៅ អាចផ្ទុកបរិមាណសំរាមបានប្រមាណ ៩៧ ៨៨៦ ម៉ែត្រគូប ហើយគ្រោងនឹងដាក់ឱ្យប្រើប្រាស់រយៈពេល ២០ ឆ្នាំ សម្រាប់ប្រជាជន ប្រមាណជា ៣៦ ៤៧៨ នាក់ នៅក្នុងជុំវិញទីរួមខេត្តកំពង់ធំ៕
អត្ថបទ៖ ឈាង មករា




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


