ព័ត៌មានជាតិ
អភិវឌ្ឍទន្លេស្ងួតខេត្តត្បូងឃ្មុំជាសួនឧទ្យានកម្សាន្តបែបធម្មជាតិទាក់ទាញអ្នកទេសចរ
ទន្លេស្ងួតនឹងត្រូវអភិវឌ្ឍជាសួនឧទ្យាន ជាកន្លែងកម្សាន្តបែបធម្មជាតិដែលជាសមិទ្ធផលថ្មីមួយទៀតឆ្ពោះទៅតំបន់សហគមន៍ទេសចរណ៍ធម្មជាតិអព្យាក្រឹតកាបូន។
កាលពីថ្ងៃទី ២០ ខែមករា លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានបើកការដ្ឋានរៀបចំសួនឧទ្យានទន្លេស្ងួតនៅក្នុងភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ កម្មវិធីនេះក៏មានការចូលរួមពីលោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា។

តំបន់ទន្លេស្ងួតមានផ្ទៃដី ១៤ ហិកតា ក្នុងនោះឧទ្យានទន្លេស្ងួតគ្រោងរៀបចំបង្កើតឱ្យមានកន្លែងកម្សាន្តបែបធម្មជាតិជាដំណាក់កាលៗដូចជា កន្លែងជិះទោងកម្សាន្តលើផ្ទៃដីទំហំប្រមាណ ៨៧៥០ ម៉ែត្រការ៉េ ដែលគ្រោងនឹងសាងសង់រួចរាល់នៅមុនរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ។
តំបន់ទេសចរណ៍ធម្មជាតិនេះ មានកន្លែងលេងកីឡា (បាល់ទះ និងបាល់ទាត់) កន្លែងធម្មជាតិ វប្បធម៌ ប្រវត្តិសាស្រ្ត ទស្សនាទេសភាព កន្លែងស្ទូចត្រី កន្លែងចិញ្ចឹមត្រី និងប្រព័ន្ធធារាសាស្រ្ត សម្រាប់បម្រើឱ្យការស្រោចស្រពស្រែចំការប្រជាពលរដ្ឋផងដែរ។

បើតាមលោក អ៊ាង សុផល្លែត ការរៀបចំតំបន់ទន្លេស្ងួតឱ្យក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ នឹងជួយពង្រីកជីវភាពសហគមន៍ តាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិអព្យាក្រឹតកាបូននិងក្លាយជាអាងទឹកសម្រាប់ការស្រោចស្រពស្រែចំការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លើសពីនេះការអភិវឌ្ឍតំបន់ទន្លេស្ងួត ក៏បានបង្ហាញពីការដឹងគុណគោរពប្រតិបត្តិទីតាំងប្រវត្តិសាស្រ្តដ៏ចំណាស តំបន់ប្រាសាទព្រះធាតុបាស្រី ដែលមានភាពស័ក្កសិទិ្ធនិងជាទីសក្ការៈបូជារបស់ប្រជាពលរដ្ឋឆ្ងាយជិតទាំងពួង។


តំបន់ប្រវត្តិសាស្ត្រប្រាសាទព្រះធាតុបាស្រី មានប្រាសាទបុរាណ ព្រះវិហារ ទីសក្ការៈបូជា ទីទួលបុរាណ និងទន្លេស្ងួតនេះ ដែលមានអាយុកាលយូរលង់ណាស់មកហើយ។ ទីតាំងនេះត្រូវក៏ជាទីគោរពសក្ការៈរបស់ព្រះមហាក្សត្រ ជាច្រើនព្រះអង្គនាសម័យបុរាណ ក្នុងនោះរួមមានស្ដេចកន ដែលជាអតីតក្សត្រខ្មែរមួយព្រះអង្គសោយរាជ្យនៅព្រះរាជាណាចកម្ពុជា ក៏បានមកបន់ស្រន់សុំជ័យជោគក្នុងការធ្វើសឹកសង្រ្គាម នាសម័យបុរាណនោះដែរ។ ចាប់ពីពេលនោះមក វត្តព្រះធាតុបាស្រី និងតំបន់ទន្លេស្ងួត បានក្លាយជាដែនដី ដែលពោរពេញដោយជំនឿ និងការគោរពរហូតមក។
គួរបញ្ជាក់ថា ដោយទទួលបានការចាត់តាំងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ លោកបណ្ឌិត អ៊ាង សុផល្លែត កន្លងទៅបានចូលរួមជួយអភិវឌ្ឍន៍មូលដ្ឋានក្នុងខេត្តត្បូងឃ្មុំជាបន្តបន្ទាប់។ លោកបានចូលរួមរៀបចំដាំផ្កាស្បៃរឿងចំនួន ១ លានដើម ដុះរីកសុះសាយលឿងទុំស្វាគមន៍ទេវតាឆ្នាំថ្មីនិងភ្ញៀវទេសចរមកពីគ្រប់ទិសទីមកទស្សនា និងលម្ហែកម្សាន្តនៅក្នុងឱកាសថ្ងៃឈប់សម្រាកនិងពិធីបុណ្យផ្សេងៗ។ បន្ទាប់មកទៀត លោកបានចូលរួមដាំដើមព្រីងនិងឫស្សីផ្អែម ដើម្បីផ្តល់ជាម្លប់និងបង្កើនភាពបៃតងរយៈពេលវែងផ្តល់ជាផលសម្រាប់ប្រជាជននៅតំបន់អាចដកហូតធ្វើម្ហូបអាហារពិសារ ហើយអាចដកហូតយកទៅធ្វើសម្ភារប្រើប្រាស់ផ្សេងៗនៅពេលខាងមុខ។
លោករដ្ឋមន្រ្តីបានតម្លើងអំពូលសូឡាជាង ១០០ បង្គោល នៅជុំវិញតំបន់ទន្លេស្ងួតបំភ្លឺពេលយប់ផងដែរ៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


