ព័ត៌មានជាតិ
ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ជាមូលដ្ឋានគ្រឹះ ដើម្បីតម្រង់ទិសលើការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានអះអាងថា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ជាមូលដ្ឋានគ្រឹះ វិធានសំខាន់ៗ និងជាស្តង់ដាអប្បបរមា ដើម្បីតម្រង់ទិសលើការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា ដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ លោកបានអះអាងបែបនេះ នៅក្នុងសិក្ខាសាលាតម្រង់ទិស និងប្រមូលធាតុចូលដើម្បីរៀបចំ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នៅកម្ពុជា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤។

សិក្ខាសាលានេះ ត្រូវបានកត់ត្រាទុកជាប្រព្រឹត្តិការណ៍លើកដំបូងហើយសម្រាប់កិច្ចប្រជុំប្រភេទនេះ ដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន និងអ្នកចូលរួមទាំងអស់ ក្នុងការបញ្ចេញគំនិត យោបល់របស់ខ្លួន ក្នុងកិច្ចពិភាក្សា និងផ្តល់ធាតុចូលសំខាន់ៗសម្រាប់ជាមូលដ្ឋាន ដើម្បីឈានទៅរៀបចំ«ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» រួមមួយនៅកម្ពុជា។ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ ក្រោយពេលត្រូវបានបង្កើតឡើងហើយ នឹងក្លាយទៅជាស្តង់ដាប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈរបស់ជាតិសម្រាប់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ គោរព និងប្រតិបត្តិតាម សំដៅបន្តរួមចំណែកអភិវឌ្ឍន៍ឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការបន្តផ្តល់បរិយាកាសអំណោយផលសម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាព និងទំនួលខុសត្រូវវិជ្ជាជីវៈ សេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិនៅកម្ពុជា។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងអំពីសារៈសំខាន់នៃការផ្តួចផ្តើមក្នុងការបង្កើតឡើងនូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានថា ធម្មនុញ្ញនេះ នឹងរួមចំណែកគាំទ្រការលើកកម្ពស់សេរីភាពសារព័ត៌មាននៅកម្ពុជា តាមរយៈការពង្រឹងគុណភាព និងសមត្ថភាពជំនាញ ពង្រឹងការគោរពក្រមសីលធម៌វិជ្ជាជីវៈ និងគ្រប់គ្រងសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន។ លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ក្រោយធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ ត្រូវបានបង្កើតឡើង និងប្រកាសដាក់ឱ្យប្រើប្រាស់ហើយ អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន និងភាគីពាក់ព័ន្ធផ្សេងទៀត អាចយកធម្មនុញ្ញនេះជាមូលដ្ឋានក្នុងការរៀបចំក្រមសីលធម៌សម្រាប់អង្គភាព សមាគម និងស្ថាប័នរបស់ខ្លួនផ្ទាល់ សម្រាប់ឱ្យសមាជិកគោរព និងអនុវត្តតាម។

ជាជំហររួម សិក្ខាសាលាទាំងមូល គាំទ្រការរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានរួមមួយ ដើម្បីឱ្យមានការអនុវត្តស្តង់ដា នៅកម្ពុជា។ ក្រសួងព័ត៌មាន បានផ្តល់ក្រដាសស ដើម្បីស្នើឱ្យអ្នកសារព័ត៌មានសរសេរលើកឡើងនូវអ្វីដែលខ្លួនយល់ថាអ្នកកាសែតចាំបាច់ត្រូវមានក្រមសីលធម៌ និងត្រូវទទួលនូវការការពារបែបណា។ បន្ទាប់ពីសិក្ខាសាលានេះ ក្រសួងព័ត៌មាន នឹងប្រមូលរាល់ធាតុចូលទាំងអស់ដែលទទួលបានពីអ្នកចូលរួម ដើម្បីតាក់តែង ជាសេចក្តីព្រាងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានសម្រាប់ក្រសួងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធជាបន្តបន្ទាប់ទៀត មុននឹងអាចឈានដល់ការអនុម័តជារួមលើធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានរួមមួយសម្រាប់អនុវត្ត។
ការរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន គឺជាកិច្ចការអាទិភាពចម្បងក្នុងចំណោមបេសកកម្មសំខាន់ៗរបស់ក្រសួងព័ត៌មានក្នុងអាណត្តិទី៧នេះ សម្រាប់ជាមូលដ្ឋានរឹងមាំក្នុងការលើកកម្ពស់តម្លៃវិជ្ជាជីវៈសារព័ត៌មាន កសាងបន្ថែម និងថែរក្សាទំនុកចិត្តរបស់ប្រជាជន និងសង្គមជាតិទាំងមូលមកលើវិស័យព័ត៌មានកម្ពុជា។

ការគោរពក្រមសីលធម៌វិជ្ជាជីវៈ ក៏ដូចជាការគោរពលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀត មានភាពចាំបាច់ណាស់ សម្រាប់ឱ្យវិស័យព័ត៌មានកម្ពុជាកាន់តែមានការរីកចម្រើនឡើង និងអាចក្លាយជាគំរូក្នុងតំបន់។ ហេតុដូច្នេះ ការគោរព និងអនុវត្តក្រមសីលធម៌ ជាកាតព្វកិច្ចដែលផ្សារភ្ជាប់ជាមួយនឹងសិទ្ធិ ក្នុងការធានាសណ្តាប់ធ្នាប់ វិន័យការងារ ភាពត្រឹមត្រូវ ស្របច្បាប់ និងសុច្ចរិតភាពក្នុងសង្គម ដោយប្រកាន់ខ្ជាប់ឧត្តមប្រយោជន៍ជាតិ ផ្សព្វផ្សាយការពិតពេញលេញ ជៀសវាងការបង្កព្យសនកម្ម និងចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីបន្តលើកកម្ពស់ និងការពារសិទ្ធិ សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅកម្ពុជា៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


