ព័ត៌មានជាតិ
រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ បុគ្គលិក ក្រសួងសុខាភិបាល រួមគ្នាបរិច្ចាគឈាម លើកទី១០
សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពក្នុង ពិធីបរិច្ចាគឈាម លើកទី១០ របស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល នៅមន្ទីរពេទ្យកាល់ម៉ែត ក្រោមប្រធានបទ “រួមគ្នាបរិច្ចាគឈាមសង្គ្រោះជីវិត” ដែលចូលរួមសហការរៀបចំដោយ មជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យកាល់ម៉ែត។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ថា កម្មវិធីបរិច្ចាគឈាមនាពេលនេះ ជាពិធីដ៏មានគុណតម្លៃជាកុសលផលបុណ្យដ៏ប្រសើរ និងពិតជាកាយវិការមនុស្សធម៌គំរូ គួរឱ្យកោតសរសើរយ៉ាងក្រៃលែង ក្នុងពេលវេលាដែល មន្ត្រី បុគ្គលិករបស់មន្ទីរពេទ្យគ្រប់ឋានានុក្រម កំពុងតែមមាញឹកក្នុងការសង្គ្រោះអាយុជីវិត ថែទាំ និងព្យាបាលអ្នកជំងឺយើង ដោយប្រើអស់កម្លាំងកាយ កម្លាំងចិត្ដ ក្នុងភារកិច្ចរបស់ខ្លួន បន្ថែមពីលើនោះ បានបន្តស្ម័គ្រចិត្ដមកបរិច្ចាគឈាម ដើម្បីសង្គ្រោះអាយុជីវិតអ្នកជំងឺ ដោយផ្ទាល់ថែមទៀតផង។

សាស្ត្រាចារ្យរដ្ឋមន្រ្តី សូមលើកទឹកចិត្ដបងប្អូនទាំងអស់ដែលមានវត្តមាននៅទីនេះ និងតាមបណ្តាស្ថាប័ន អង្គភាពនានា ដែលបានយល់ច្បាស់អំពីអត្ថន័យ នៃការបរិច្ចាគឈាម សូមបន្ដចូលរួមចំណែកក្នុងការបរិច្ចាគឈាមឱ្យក្លាយជាទម្លាប់ដ៏ប្រពៃយូរអង្វែង និងដោយផុលផុសបន្ថែមទៀត។ កិច្ចការដែលយើងទាំងអស់គ្នាកំពុងប្រឹងប្រែងធ្វើគ្រប់សកម្មភាព គឺសុទ្ធតែដើម្បីជាគុណប្រយោជន៍ជូនដល់អ្នកជំងឺយើង ហើយការផ្តល់ឈាម មួយប្លោក គឺមានន័យស្មើនឹងសង្គ្រោះអាយុជីវិតបានមួយនាក់។

ជាចុងក្រោយ សាស្ត្រាចារ្យរដ្ឋមន្រ្តី សូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ មន្ទីរពេទ្យកាល់ម៉ែត លើការរៀបចំកម្មវិធីនេះឡើង ដោយមានកិច្ចសហការរវាង មជ្ឈមណ្ឌលជាតិផ្ដល់ឈាម និងគណៈកម្មការ និងក្រុមការងារទាំងអស់។

លោកស្រី ជឹង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុនវីតាល់ និងមូលនិធិ ២៥ រៀល នឹងបន្តចូលរួមគាំទ្រជានិច្ចនូវយុទ្ធនាការចុះប្រមូលអំណោយឈាម របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងបង្កើតគម្រោងថ្មីៗ ដើម្បីរួមគ្នាដោះស្រាយ និងឆ្លើយតបបញ្ហានានា ពិសេសជាមួយយុទ្ធនាការទទួលអំណោយឈាមដោយស្ម័គ្រចិត្ត និងក្តីមេត្តាករុណា។

ក្នុងឱកាសនោះដែរ សាស្រ្តចារ្យរដ្ឋមន្រ្តី បានផ្ដើមស្ម័គ្រចិត្ដធ្វើការបរិច្ចាគឈាមដោយផ្ទាល់ ជាមួយបុគ្គលិក មន្រ្តីរាជការក្រសួង មន្ទីរពេទ្យជាតិ រួមជាមួយនឹងបងប្អូន ក្រុមគ្រួសារញាតិមិត្ដ នៃអ្នកជំងឺ ដែលកំពុងត្រូវបានកំពុងសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត និងនៅបណ្តាមន្ទីរពេទ្យផ្សេងៗផងដែរ។

គួរបញ្ជាក់ផងដែរថា ពិធីដ៏មានសារៈសំខាន់នេះ ក៏មានព្រះវត្តមានរបស់ ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព ជាការលើកទឹកចិត្តដល់សប្បុរសជនស្ម័គ្រចិត្តបរិច្ចាគឈាម បានយល់ដឹងអំពីការធ្វើអំពើល្អដោយទឹកចិត្តបរិសុទ្ធ តាមរយៈការលះបង់លោហិតរបស់ខ្លួន ដើម្បីជួយដល់អ្នកជំងឺ ដែលលោកកំពុងរង់ចាំការជួយសង្គ្រោះអាយុជីវិត ពីក្រុមវេជ្ជបណ្ឌិតជំនាញគ្រប់ឯកទេស មន្រ្តីថែទាំគ្រប់ថានានុក្រមទទួលខុសត្រូវ ជាមួយនឹងឈាមដែលជាឱសថមានគុណតម្លៃឧត្តុង្គឧត្តមបំផុត ព្រោះលើលោកនេះពុំមានមន្ទីរពិសោធន៍ណាអាចផលិតឈាមបាននៅឡើយ។

កម្មវិធីបរិច្ចាគឈាមនាព្រឹកនេះ ប្រព្រឹត្ដទៅដោយភាពរីករាយ ស្និតស្នាល សស្រាក់សស្រាំ និងប្រកបដោយជោគជ័យ ដែលអ្នកចូលរួមបរិច្ចាគឈាមសរុបមានចំនួន ៣៨៦ នាក់។ ក្នុងពិធីនេះផងដែរ ក៏មានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត លោកប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យជាតិ តេជោសន្តិភាព មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម រួមទាំងមន្ទីរពេទ្យជាតិនានា និងនិស្សិត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


