ព័ត៌មានជាតិ
មន្ទីរបរិស្ថានខេត្តបាត់ដំបង កំពុងបញ្ជូនសំណាកទឹកកខ្វក់ពណ៌ខ្មៅក្នុងអូត្រែង ទៅពិនិត្យនៅភ្នំពេញ
មន្ទីរបរិស្ថានខេត្តបាត់ដំបង បានបញ្ជូនសំណាកទឹកកខ្វក់ដែលហូរចូលទៅក្នុងអូត្រែងដើម្បីឲ្យក្រសួងបរិស្ថានពិនិត្យ ហើយបើរកឃើញថាទឹកនោះមានសារធាតុពុលនឹងចាត់ការតាមផ្លូវច្បាប់។

មន្ត្រីបរិស្ថានខេត្តបាត់ដំបងបានបញ្ជាក់ថា នឹងចាត់វិធានការតាមផ្លូវច្បាប់ទៅលើទីតាំងកែច្នៃផ្លែស្វាយពីរកន្លែងនៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ប្រសិនបើរកឃើញថាទឹកកខ្វក់ពណ៌ខ្មៅដែលបង្ហូរចេញពីទីតាំងខាងលើនេះចូលទៅក្នុងអូត្រែង ហើយបន្តហូរចូលមកក្នុងស្ទឹងសង្កែមានសារធាតុពុល។
លោក កត បូរ៉ាន់ ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបងបានបញ្ជាក់កាលពីថ្ងៃទី៦ ឧសភា នេះថា សំណាកទឹកកខ្វក់ដែលហូរចេញពីរោងចក្រកែច្នៃផ្លែស្វាយឈ្មោះ Cambodia កងហ្វាមហ្វត ខូអិលធីឌី នៅក្នុងភូមិស្វាយស ឃុំត្រែង ស្រុករតនៈមណ្ឌល បានបញ្ជូនទៅកាន់ក្រសួងនៅឯទីក្រុងភ្នំពេញដើម្បីពិនិត្យរួចហើយ តែមិនទាន់បានទទួលលទ្ធផលនោះទេ ដោយក្រុមការងារបានចុះពិនិត្យឯកសាររបស់ក្រុមហ៊ុនផលិតកែច្នៃផ្លែស្វាយនេះរួចរាល់ហើយ ដើម្បីត្រៀមបញ្ឈប់សកម្មភាព ឬពិន័យជាប្រាក់យ៉ាងធ្ងន់ធ្ងរទៅលើរោងចក្រ ប្រសិនបើរកឃើញថា សំណាក់ទឹកកខ្វក់ពណ៌ខ្មៅនោះមានសារធាតុពុលដោយផ្អែកទៅលើភស្តុតាងនានា បើទោះបីជាមជ្ឈដ្ឋានមួយចំនួននិយាយថា រោងចក្រនេះមិនមានប្រើសារធាតុគីមីយ៉ាងណាក៏ដោយ។

ថ្មីៗនេះដោយមានការណែនាំពីលោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានចាត់តាំងឲ្យលោក អភិបាលខេត្តរង ផេង សុទ្ធី ដឹកនាំក្រុមការងារដែលក្នុងនោះមាន លោក កត បូរ៉ាន់ ប្រធានមន្ទីរបរិស្ថានខេត្ត និងលោក តូច ឈួនសៅរិទ្ធ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចុះទៅសហការជាមួយនឹងអាជ្ញាធរមូលដ្ឋាន ដើម្បីពិនិត្យ និងធ្វើការណែនាំដល់រោងចក្រកែច្នៃប្រែស្វាយនេះ ដើម្បីរកវិធានការដោះស្រាយជាបន្ទាន់ពីរឿងការប៉ះពាល់ដល់សុខភាពមនុស្ស និងសត្វពាហនៈ ៕
អត្ថបទ ៖ សោ និយមរ័ត្ន



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


