ព័ត៌មានជាតិ
អគ្គមេបញ្ជាការ ថា កងយោធពលខេមរភូមិន្ទត្រូវតែធ្វើទំនើបកម្មទាំងមនុស្ស និងសម្ភារៈ
ដើម្បីពង្រឹងខឿនការពារជាតិ ទាមទារឱ្យកងយោធពលខេមរភូមិន្ទត្រូវតែធ្វើទំនើបកម្មឱ្យស៊ីជម្រៅទាំងទំនើបកម្មមនុស្ស និងសម្ភារៈ។ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានបញ្ជាក់បែបនេះនៅចំពោះមុខនិស្សិតនាយទាហានទ័ពជើងគោក ក្នុងពិធីបិទវគ្គហ្វឹកហ្វឺន នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ដល់ការធ្វើកំណែទម្រង់កងយោធពលខេមរភូមិន្ទ ដើម្បីប្រែក្លាយជាកងកម្លាំងទំនើប រៀបរយ មានវិជ្ជាជីវៈ ឆ្លើយតបបានគ្រប់ស្ថានការណ៍ក្នុងបរិបទការអភិវឌ្ឍបច្ចេកវិជ្ជាទំនើប និងស្ថានការណ៍ស្មុគស្មាញរបស់ពិភពលោកបច្ចុប្បន្ន។
លោកនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានលើកឡើងពីកិច្ចការមួយចំនួន ដែលសម្តេចធិបតីបានដាក់ចេញសម្រាប់ពង្រឹងវិស័យការពារជាតិ រួមមាន៖ ទំនើបកម្មលើហេដ្ឋារចនាសម្ព័ន្ធ ទំនើបកម្មលើគ្រឿងបំពាក់ និងទំនើបកម្មលើការងារហ្វឹកហ្វឺន ដើម្បីឱ្យស្របទៅនឹងសភាពការណ៍ពិភពលោក និងតំបន់ដែលកំពុងវិវឌ្ឍន៍ឥតឈប់ឈរ ទាំងយុទ្ធវិធី និងបច្ចេកវិទ្យា ហើយទាមទារឱ្យយោធពលខេមរភូមិន្ទត្រូវតែទំនើប គឺ«ទំនើបទាំងមនុស្ស និងសម្ភារ»។

ស្ថិតក្នុងអធិបតីភាពនៃពិធីបិទវគ្គនេះ លោកអគ្គមេបញ្ជាការទ័ពរូបនេះ ក៏បានផ្តាំផ្ញើដល់ស្ថាប័នហ្វឹកហ្វឺន និងជំនាញពាក់ព័ន្ធ ត្រូវសហការរៀបចំឯកសារបង្រៀន និងកម្មវិធីហ្វឹកហ្វឺនឱ្យទំនើបទាន់សម័យ មានលក្ខណៈយុទ្ធសាស្ត្រ ស្របតាមបច្ចេកវិទ្យាយោធាបច្ចុប្បន្ន ដើម្បីធានាគុណភាព សមត្ថភាព ទាំងចំណេះដឹង និងចំណេះធ្វើ ស្របជាមួយយុទ្ធោបករណ៍ សម្ភារៈ គ្រឿងបំពាក់ មធ្យោបាយថ្មីៗ ដែលបានបំពាក់។
ជាមួយនឹងការងារហ្វឹកហ្វឺន ត្រូវដើរទន្ទឹមជាមួយការងារអប់រំចិត្តសាស្ត្រ ដើម្បីអប់រំណែនាំបានស៊ីជម្រៅដល់យោធិនគ្រប់រូប ឱ្យក្លាយជាកម្លាំងស្នូលដ៏រឹងមាំបំផុតរបស់ជាតិ ឆន្ទៈមោះមុត គោរពវិន័យ ស្មោះស្ម័គ្រការពារដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ ការពាររាល់សមិទ្ធផលជាតិ និងសន្តិភាពឱ្យខាងតែបាន ទោះក្នុងតម្លៃណាក៏ដោយ។ នេះជាការណែនាំបន្ថែមរបស់លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ។

នៅចំពោះមុខនិស្សិតនាយទាហានទ័ពជើងគោក លោកអគ្គមេបញ្ជាការ ក៏បានគូសរំលេចនូវតម្លៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ដែលរកបានដោយលំបាកដោយថ្នាក់ដឹកនាំជំនាន់មុន ជាពិសេសសម្ដេចតេជោ ហ៊ុន សែន តែម្ដង ដែលបានយកជីវិតធ្វើដើមទុន ដើម្បីតស៊ូរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយសម្ដេចបានដាក់ចេញនូវនយោបាយឈ្នះឈ្នះ ដើម្បីពន្លត់ភ្លើងសង្គ្រាមទាំងស្រុង នាំសង្គមកម្ពុជាបានស្គាល់ពន្លឺសន្តិភាពពេញផ្ទៃប្រទេស ក្នុងនោះកងទ័ព ក៏មានការរីកចម្រើនបន្តបន្ទាប់ ស្មើមុខស្មើមាត់ដូចបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។
សុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ត្រូវបន្តរក្សា និងធានាបានយ៉ាងគត់មត់ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានចេញដំណើរយ៉ាងស្វាហាប់ប្រកបដោយថាមពលក្លៀវក្លា មានចក្ខុវិស័យវែងឆ្ងាយ ច្បាស់លាស់ សម្រាប់អាណត្តិទី៧នេះ៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ