ព័ត៌មានជាតិ
អ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ នៅខេត្តព្រះសីហនុ ជាង ៩៤០ នាក់ ទទួលបានប័ណ្ណក្រីក្រ
លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអះអាងថា រដ្ឋបាលខេត្ត សហការជាមួយក្រសួងផែនការ និងមន្ទីរសុខាភិបាល បានផ្តល់ប័ណ្ណក្រីក្រកម្រិត ២ ដល់អ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍សរុបចំនួន ៩៤៦ នាក់ ដែលបានជួយសម្រួលដល់ជីវភាពរស់នៅកាន់តែប្រសើរ។

ថ្លែងក្នុងសិក្ខាសាលាស្ដីពី«សុវត្ថិភាពកុមារ និងការបង្ការទប់ស្កាត់ការរីករាលដាល នៃមេរោគអេដស៍ ជំងឺអេដស៍ក្នុងវិស័យទេសចរណ៍» នៅសណ្ឋាគារ ស៊ីប្រ៊ីស ក្រុងព្រះសីហនុ កាលពីថ្ងៃទី ២០ មិថុនានេះ លោកអភិបាលរងខេត្ត បានបន្តថា គិតត្រឹមឆមាសទី ១ ឆ្នាំ ២០២៤ នេះ ខេត្តព្រះសីហនុ មានអ្នកជំងឺអេដស៍ដែលមកទទួលសេវានៅមន្ទីរពេទ្យខេត្តព្រះសីហនុ សរុបចំនួន ២.២៦៥ នាក់ ស្រី ១.០២៤ នាក់ ក្នុងនោះជនបរទេស ២៧ នាក់ (ឥណ្ឌូណេស៊ី ១៦ នាក់ ចិន ៥ នាក់ វៀតណាម ៤ នាក់ ហ្វីលីពីន ១ នាក់ និងឥណ្ឌា ១ នាក់)។ ក្រៅពីនោះ ក៏មានអ្នកមកទទួលសេវាពិគ្រោះ និងព្យាបាលជំងឺកាមរោគសរុបចំនួន ៥០៩ នាក់ ស្រី ២៦៨ នាក់ (អ្នកជំងឺស្វាយមាន ២៣១ នាក់ និងជំងឺកាមរោគផ្សេងៗ ២៧៨ នាក់។
ជាមួយគ្នានេះ ក៏មានការមកទទួលសេវាប្រឹក្សា និងធ្វើតេស្តរកមេរោគអេដស៍ និងជំងឺស្វាយសរុបចំនួន ៤.៣៦៤ នាក់ ស្រី ១.២៨១ នាក់ ក្នុងនោះ វិជ្ជមានជំងឺអេដស៍សរុប ៖ ៧៣ នាក់ (ស្រី ១២ នាក់) និងវិជ្ជមានជំងឺស្វាយ សរុប ១៣៦ នាក់ (ស្រី ៦៥ នាក់)។

លោកអភិបាលរងខេត្ត បានបន្តថា រដ្ឋបាលខេត្តបានសហការជាមួយអង្គការ CWPD និងអង្គការ MHC អប់រំសុខភាព ផ្តល់ប្រឹក្សាធ្វើតេស្តឈាម ចែកស្រោមអនាម័យ និងបញ្ជូនទៅពិនិត្យសុខភាពបន្តពូជនៅមន្ទីរពេទ្យបង្អែក ដោយមិនមានការបង់ប្រាក់ដល់ក្រុមនារីធ្វើការនៅខារ៉ាអូខេ ម៉ាស្សា ភោជនីយដ្ឋាន និងក្លឹបកម្សាន្តចំនួន ៨១ កន្លែង មាននារីធ្វើការចំនួន ១.៣៥៩ នាក់ និងក្រុមបុរសស្រឡាញ់បុរសចំនួន ១.១៥០ នាក់ និងក្រុមបំប្លែងភេទចំនួន ៥៨៦ នាក់ ដែលពួកគេប្រកបមុខរបរនៅទីតាំងកំណត់មិនច្បាស់លាស់។
លោកអភិបាលរងខេត្ត បានបន្តទៀតថា មានមណ្ឌលសុខភាពទាំង ១៧ នៅខេត្តព្រះសីហនុ ត្រូវបានដាក់ឱ្យអនុវត្តការធ្វើតេស្តឈាមរហ័ស (នៅចុងម្រាមដៃ) គ្រប់ប្រជាជនទូទៅ រួមទាំងស្ត្រីដែលមកពិនិត្យផ្ទៃពោះលើកទី ១ និងគ្រប់អ្នកជំងឺរបេង ត្រូវបានផ្តល់ប្រឹក្សា ធ្វើតេស្តឈាមរកមេរោគអេដស៍/មេរោគស្វាយ និងដៃគូ។

លោកអភិបាលរងខេត្ត បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាចិត្តយ៉ាងមោះមុតក្នុងការដឹកនាំបំផុសចលនាចូលរួមជាចរន្តតែមួយក្នុងការទប់ស្កាត់ការចម្លងមេរោគអេដស៍ និងជំងឺអេដស៍ឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់ និងមានការទទួលស្គាល់ពីមជ្ឈដ្ឋានជាតិ អន្តរជាតិ និងស្ថាប័នអង្គការសហប្រជាជាតិ ក្នុងគោលដៅដើម្បីឈានទៅបញ្ចប់ជំងឺអេដស៍នៅឆ្នាំ ២០២៥។ ចំពោះការឆ្លងរាលដាល នៃមេរោគអេដស៍ ជំងឺអេដស៍ ក៏ជាបញ្ហាប្រឈមមួយដែលធ្វើឱ្យវាមានការប៉ះពាល់ដល់ការអភិវឌ្ឍវិស័យទេសចរណ៍ផងដែរ ប្រសិនបើការឆ្លងរីករាលដាលនេះកើតមានទ្រង់ទ្រាយធំដោយយើងមិនបានធ្វើការទប់ស្កាត់ឱ្យបានទាន់ពេលវេលានោះទេ។
លោកអភិបាលរងខេត្ត បានបន្តថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍវិស័យគន្លឹះ និងប្រភពថ្មី នៃកំណើនសេដ្ឋកិច្ច ដោយក្នុងនោះក៏បានផ្តោតអាទិភាពលើការបន្តលើកកម្ពស់វិស័យទេសចរណ៍ ជាពិសេសការបន្តជំរុញការអភិវឌ្ឍទេសចរណ៍វប្បធម៌ និងធម្មជាតិ ដោយបន្ថែមទេសចរណ៍បៃតង ស្អាត និងវៃឆ្លាត ការជំរុញការបង្កើតប្រភេទទេសចរណ៍ថ្មីៗ ។ល។

លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងបើកសិក្ខាសាលាថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកវិស័យទេសចរណ៍ ជាមាសបៃតង និងជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពនានា ដែលបានចូលរួមជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមតាមរយៈការវិនិយោគ ការបង្កើតការងារ ការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការការពារ និងអភិរក្សសម្បត្តិវប្បធម៌ និងធនធានធម្មជាតិយ៉ាងសំខាន់។
លោករដ្ឋលេខាធិការ បានបន្តថា សិក្ខាសាលានេះពិតជាមានសារៈសំខាន់ សុំឱ្យសិក្ខាកាមទាំងអស់បន្តការយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់បទបង្ហាញរបស់វាគ្មិន បើមានចម្ងល់អាចសួរ និងចូលរួមផ្តល់មតិយោបល់ឱ្យបានផុលផុស និងផ្តល់ព័ត៌មានផ្សេងៗ ដើម្បីចែករំលែកព័ត៌មានថ្មីៗ លើការយល់ដឹងអំពីការពារកុមារ និងការទប់ស្កាត់ការរីករាលដាល នៃមេរោគអេដស៍ ជំងឺអេដស៍ក្នុងឧស្សាហកម្មទេសចរណ៍៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


