ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ចូលរួមសោកស្ដាយចំពោះគ្រោះថ្នាក់ក្រឡាប់រថយន្តដឹកកម្មករ នៅខេត្តកំពង់ស្ពឺ និងជូនពរជនរងគ្រោះឆាប់ជាសះស្បើយ
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ចូលរួមសោកស្ដាយចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដឹកកម្មករ-កម្មការិនីរោងចក្រ នៅខេត្តកំពង់ស្ពឺ និងជូនពរឲ្យជនរងគ្រោះឆាប់បានជាសះស្បើយ។

ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ ឯកឧត្ដម ហ៊ុន ម៉ានី សូមចូលរួមសោកស្ដាយចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនៅលើដងផ្លូវជាតិលេខ ៤ ត្រង់ចំណុចភូមិកែវឧត្ដម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៤។
ទន្ទឹមនេះ ឯកឧត្ដម ហ៊ុន ម៉ានី សូមជូនពរឲ្យជនរងគ្រោះឆាប់បានជាសះស្បើយ ដើម្បីត្រលប់ទៅកាន់ផ្ទះសម្បែង និងបំពេញភារកិច្ចការងារបានដូចដើមវិញ។

ជាមួយគ្នានេះ ឯកឧត្ដម ហ៊ុន ម៉ានី ក៏បានអំពាវនាវដល់អ្នកដឹកជញ្ជូនកម្មករ សូមចូលរួមបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកបរ ដោយត្រូវគោរពច្បាប់ចរាចរណ៍ បើកបរមានការយោគយល់អធ្យាស្រ័យគ្នា ជាពិសេសត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឲ្យបានត្រឹមត្រូវ និងចៀសវាងដឹកលើសចំណុះ ខុសស្តង់ដារ។
ជាចុងក្រោយ ឯកឧត្ដម បានថ្លែងអំណរគុណដល់អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ច និងក្រុមគ្រូពេទ្យនៅមូលដ្ឋានទាំងអស់ ដែលខិតខំយកចិត្តទុកដាក់ជួយសង្គ្រោះដល់កម្មករ-កម្មការិនី ដែលរងគ្រោះទាំងអស់។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៤ មានករណីគ្រោះថ្នាក់ក្រឡាប់រថយន្តដឹកកម្មករ-កម្មការិនី មួយគ្រឿង បណ្ដាលឲ្យរបួសធ្ងន់-ស្រាល ៤៥ នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅលើផ្លូវជាតិលេខ ៤ ចន្លោះគីឡូម៉ែត្រលេខ ៣៤-៣៥ ភូមិកែវឧត្ដម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ករណីនេះ កើតឡើងមកពីរថយន្តបុករថយន្តពីក្រោយ រួចគេចទៅបុកម៉ូតូមួយគ្រឿងទៀត ក៏ក្រឡាប់តែម្ដង។ អ្នករងរបួស ត្រូវបានសមត្ថកិច្ចនគរបាលបញ្ជូនទៅកាន់មន្ទីរពេទ្យ សរុប ៤៥ នាក់ ប្រុស ៧ នាក់ ក្នុងនោះរបួសធ្ងន់ ១៩ នាក់ និងរបួសស្រាល ២៦ នាក់ និងគ្មានអ្នកបាត់បង់អាយុជីវិតនោះទេ៕



-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


