ព័ត៌មានជាតិ
ប.ស.ស នឹងចុះបញ្ជីសមាជិក ប.ស.ស ចល័ត នៅតាមបណ្តារាជធានី-ខេត្តធំៗ ចំនួន ៥
ប.ស.ស. នឹងចុះបញ្ជីសមាជិក ប.ស.ស. ចល័តនៅគោលដៅធំៗ ចំនួន ៥ រួមមាន រាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តតាកែវ និងខេត្តសៀមរាប ដែលមានទីតាំងសរុបចំនួន ២៧ កន្លែង ដើម្បីបង្ខិតសេវាឱ្យកាន់តែកៀកប្រជាពលរដ្ឋ។

គម្រោងចុះបញ្ជីចល័តនេះធ្វើឡើងតាមរយៈកិច្ចព្រមព្រៀងលើគម្រោងស្ដីពីការពង្រីកការចុះបញ្ជីសមាជិក ប.ស.ស. រវាង ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអង្គការអន្តរជាតិខាងការងារ (ILO) ក្រោមជំនួយហិរញ្ញវត្ថុពីសហភាពអឺរ៉ុប (EU)។
លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះគឺជាជំហានបន្តថ្មីមួយ ដែលអាចបង្ខិតសេវារបស់ ប.ស.ស. កាន់តែទូលំទូលាយ និងខិតទៅកាន់តែកៀកប្រជាពលរដ្ឋ ដែលជាក្រុមគោលដៅ ក្នុងនោះរួមមាន ម្ចាស់សហគ្រាស គ្រឹះស្ថានដែលមានកម្មករ-និយោជិត ចាប់ពីម្នាក់ឡើង, បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. អាចចុះបញ្ជី និងទទួលបានប័ណ្ណសមាជិក ប.ស.ស. ភ្លាមៗនៅនឹងកន្លែង។

តាមរយៈគម្រោងនេះ នឹងក្លាយជាយន្តការអនុវត្តយូរអង្វែងទៅមុខទៀតរបស់ ប.ស.ស ព្រោះជាផ្នែកមួយជួយជំរុញឱ្យចំនួនសមាជិក ប.ស.ស. បន្តកើនឡើងជាបន្តបន្ទាប់ ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ ២០២៤-២០២៨ និងឆ្លើយតបទៅនឹងផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ ២០២៤-២០៣៥ ដែលដាក់ចេញដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោក Koen EVERAERT អនុប្រធានសហប្រតិបត្តិការ នៃប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានសម្ដែងក្ដីរីករាយចំពោះការរីកចម្រើន នៃប្រព័ន្ធសន្តិសុខសង្គមកម្ពុជា ព្រមទាំងគម្រោងការពង្រីកការចុះបញ្ជីសមាជិក ប.ស.ស. នាពេលនេះ ជាការផ្ដល់នូវទំនុកចិត្ត និងភាពងាយស្រួលបន្ថែមទៀត ដល់ការធានាបាននូវសុខុមាលភាពរបស់កម្មករ-និយោជិត, បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស។

ជាមួយគ្នានេះ លោកស្រី Xiaoyan QIAN នាយិកា នៃការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំកម្ពុជា ឡាវ និងថៃ បានឱ្យដឹងដែរថា ប្រទេសកម្ពុជា ជាប្រទេសមួយដែលនាំមុខគេក្នុងចំណោមប្រទេសទាំង ៥ ក្នុងអាស៊ាន ដែលបានចូលរួមអនុវត្តយ៉ាងល្អប្រសើរក្នុងការអនុវត្តរបបសន្តិសុខសង្គម តាមរយៈកិច្ចសហការជាមួយគ្នាក្នុងរយៈពេល ១៦ ឆ្នាំ កន្លងមកនេះ។
លោកស្រី Xiaoyan QIAN ក៏បានអំពាវនាវដល់ ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា បន្តពង្រឹងការអនុវត្តប្រព័ន្ធសន្តិសុខសង្គមរបស់ខ្លួន និងពង្រីកការគ្របដណ្ដប់សន្តិសុខសង្គមដល់គ្រប់ប្រជាពលរដ្ឋនៅទូទាំងប្រទេស៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ១១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


