ព័ត៌មានជាតិ
លោក យក់ ប៊ុនណា ៖ អ្នកភូមិរកាធំ ត្រេកអរពេលទទួលបាន «ស្លាកលេខផ្ទះ-ផ្លូវ ក្រោមម្លប់សន្តិភាព»
លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានលើកឡើងថា អ្នកភូមិរកាធំ ត្រេកអរ ពេលទទួលបាន «ស្លាកលេខផ្ទះ-ផ្លូវ ក្រោមម្លប់សន្តិភាព»។

ការលើកឡើងនេះ ក្នុងឱកាស លោក យក់ ប៊ុនណា អញ្ជើញចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលការងារសង្គមលើគម្រោងភូមិគំរូ«ស្លាកលេខផ្ទះ-ផ្លូវ ក្រោមម្លប់សន្តិភាព» ស្ថិតនៅភូមិរកាធំ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២៥ ម្សិលមិញ។

នាឱកាសនោះ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ បានកោតសរសើរវាយតម្លៃខ្ពស់លើគម្រោងភូមិគំរូ «ស្លាកលេខផ្ទះ-ផ្លូវក្រោមម្លប់សន្តិភាព» នេះ ដោយលើកឡើងបន្តថា មិនត្រឹមតែបម្រើជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងអាជ្ញាធរ នោះទេ ប៉ុន្តែបានរួមចំណែកធ្វើឲ្យសម្រេចនូវគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញឲ្យអនុវត្ត។

ទន្ទឹមនោះ លោក យក់ ប៊ុនណា បានអំណរគុណយ៉ាងជ្រាលជ្រៅដល់កិច្ចខិតខំរបស់កម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីមធ្យម ថ្នាក់នវានុវត្តន៍ និងអាជ្ញាធរមូលដ្ឋាន ដែលសហការគាំទ្រយ៉ាងពេញទំហឹងក្នុងការអនុវត្តគម្រោងការងារសង្គមនេះរហូតសម្រេចបានជោគជ័យ ទទួលបានការសាទរត្រេកអរពីអ្នកភូមិរកាធំទាំងមូល។

ដោយឡែក លោកស្រី ឡា បុប្ផា តំណាងកម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីមធ្យមថ្នាក់នវានុវត្តន៍ទាំងអស់ ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់ថ្នាក់ដែលផ្ដល់ឱកាសឲ្យកម្មសិក្សាការីទទួលបានចំណេះដឹងថ្មីៗ ពីកិច្ចការងារសង្គមផ្ទាល់ ដែលបានបង្ហាញឲ្យឃើញពីឆន្ទៈរួម ស្មារតីសាមគ្គីភាព និងភាតរភាព តាមរយៈការចំណាយទាំងថវិកាផ្ទាល់ខ្លួន កម្លាំងកាយ បញ្ញាស្មារតី ផលិត និងបំពាក់ស្លាកលេខផ្ទះប្រជាពលរដ្ឋចំនួន ២៦១ ខ្នងផ្ទះ ដាំបង្គោលលេខផ្លូវចំនួន ០៥ បង្គោល (១០ សន្លឹក)។

ជាមួយនេះ កម្មសិក្សាការីថ្នាក់នវានុវត្តន៍ ក៏បានចូលរួមឧបត្ថម្ភបន្ថែមនូវកុំព្យូទ័រយួរដៃចំនួន ០១ គ្រឿង និងម៉ាស៊ីនព្រីនធ័រ(ពណ៌) ជូនដល់រដ្ឋបាលសាលាសង្កាត់រកាធំ ដើម្បីប្រើប្រាស់សម្រាប់បម្រើសេវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ ប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពផងដែរ។

សូមជម្រាបថា ពិធីសម្ពោធសមិទ្ធផលការងារសង្គមលើគម្រោងភូមិគំរូ«ស្លាកលេខផ្ទះ-ផ្លូវ ក្រោមម្លប់សន្តិភាព» នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ស សាម៉ឺឌី គណៈគ្រប់គ្រង និងមន្ត្រីរាជការ នៃសាលាភូមិន្ទរដ្ឋបាល អភិបាលក្រុងច្បារមន ព្រមទាំងសហការី ចៅសង្កាត់ កម្មសិក្សាការី និងប្រជាពលរដ្ឋ នៅភូមិរកាធំ សង្កាត់រកាធំ ផងដែរ៕





-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?