ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ៖ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាសព្វថ្ងៃនៅតែមានលក្ខណៈធ្ងន់ធ្ងរនៅឡើយ
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍ថាស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាសព្វថ្ងៃនៅតែមានលក្ខណៈធ្ងន់ធ្ងរនៅឡើយដែលទាមទារឲ្យយើងត្រូវខិតខំប្រឹងប្រែងរួមគ្នាដើម្បីបញ្ឈប់ការឆ្លងរាលដាលនៃជំងឺនេះនៅកំឡុងពេលប៉ុន្មានថ្ងៃ ឬសប្តាហ៍ខាងមុខនេះ។
ថ្លែងនៅក្នុងសេចក្តីប្រកាសរួមគ្នាមួយរវាង ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ លោកសាស្តាចារ្យ ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា «អ្វីដែលយើងកំពុងធ្វើនៅពេលនេះ នឹងកំណត់នូវទិសដែលការរាតត្បាតជំងឺកូវីដ-១៩នេះតម្រង់ទៅ។
យើងទាំងអស់គ្នា ត្រូវតែបង្កើនល្បឿននៃកិច្ចខិតខំប្រឹងប្រែងរបស់ យើងដើម្បីបញ្ឈប់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅកំលុងពេលប៉ុន្មានថ្ងៃ ឬសប្តាហ៍ខាងមុខនេះ។ ជីវិតរបស់យើងទាំងអស់គ្នា គឺអាស្រ័យលើកិច្ចខិតខំប្រឹងប្រែងដើម្បីបិទបញ្ចប់ព្រឹត្តិការណ៍នេះ»។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានលើកឡើងដែរថា «ពេលនេះជាស្ថានភាពអាសន្នមួយ។ យើងគ្រប់ៗគ្នា ត្រូវតែអនុវត្តន៍វិធានការការពារជាចាំបាច់ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ និងដើម្បីកាត់ផ្តាច់ខ្សែចម្លងជំងឺនេះ ឲ្យបានកាន់តែឆាប់រហ័ស តាមដែលអាចធ្វើទៅបាន។ ត្រូវអនុវត្តន៍វិធានការ ការពារ និង៣កុំ ដូចជា៖ ត្រូវពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ លាង សម្អាតដៃជាប្រចាំជាមួយនឹងសាប៊ូ ឬអាកុលដែល និងរក្សាគម្លាតពីគ្នាឱ្យបានយ៉ាងតិច ១ម៉ែត្រកន្លះ និងមិនត្រូវ ទៅកន្លែងដែលបិទជិតមិនមានខ្យល់ចេញចូលគ្រប់គ្រាន់ កន្លែងមានមនុស្សច្រើនអ៊ូអរ មិនត្រូវប៉ះពាល់គ្នា ចាប់ ដៃគ្នា ឬក៏ឱបគ្នាឡើយ។ ជោគជ័យ ឬបរាជ័យរបស់យើងក្នុងការប្រយុទ្ធជាមួយនឹងជំងឺកូវីដ-១៩ អាស្រ័យលើ ពួកយើងទាំងអស់គ្នាហើយ តើយើងនៅតែមើលស្រាលលើវីរុសកូវីដ-១៩ នេះ ដោយមិនអនុវត្តន៍ ៣ការពារ និង ៣កុំ ឬក៏យើងចង់ធ្វើឱ្យស្ថានភាពអាចឆាប់បានវិលត្រឡប់ទៅរកសភាពរស់នៅធម្មតាតាមបែបគន្លងថ្មីវិញបានយ៉ាងឆាប់ រហ័ស? ចម្លើយ គឺស្ថិតលើបុគ្គលគ្រប់រូបដែលជាអ្នកសម្រេចជោគវាសនារបស់ខ្លួនហើយនៅពេលនេះ»។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានលើកឡើងថា ត្រូវកាត់បន្ថយ ឬជៀសវាងការ ធ្វើដំណើរ និងបម្លាស់ទីដែលមិនចាំបាច់ពីរាជធានីភ្នំពេញទៅខេត្ត និងពីខេត្តមករាជធានីភ្នំពេញវិញ។ ការនៅផ្ទះ គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ពេលនេះ អំឡុងពេលដែលវីរុសកូវីដ-១៩ ជាពិសេស វីរុសបម្លែងថ្មី ដែលកំពុងតែ ចរាចរយ៉ាងសកម្ម ដែលយើងមិនដឹងថានៅទីណាពិតប្រាកដ ដើម្បីបញ្ឈប់ការរាលដាលនៃវីរុសនេះ។
ចំណែកលោកស្រីវេជ្ជបណ្ឌិត លី អៃឡាន តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា មានលើកឡើងថា «សោកនាដកម្មនៃការបាត់បង់ជីវិតជាលើកដំបូងដោយសារជំងឺកូវីដ-១៩ ជាសារក្រើនរំលឹកយើង ទាំងអស់គ្នាអំពីភាពធ្ងន់ធ្ងរនៃជំងឺនេះ។ ជំងឺនេះ អាចវាយប្រហារយើងគ្រប់គ្នានៅគ្រប់ពេលវេលា។ កម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលសំខាន់ណាស់ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប៉ុន្តែយើងនៅមានឱកាស ដើម្បីបញ្ឈប់ការឆ្លងរាលដាលនៃវីរុសនេះ ប្រសិនបើយើងទាំងអស់គ្នាសហការបញ្ឈប់វាទាំងអស់គ្នាដោយសាមគ្គីភាព»។
លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន បានបញ្ជាក់ថា ការប្រយុទ្ធជាមួយការរាតត្បាតនៃជំងឺឆ្លងជាសកលនេះ គឺមានការហត់នឿយខ្លាំងណាស់ ប៉ុន្តែត្រូវតែចូលរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីយកឈ្នះលើវីរុសកូវីដ-១៩នេះឱ្យបាន។ សកម្មភាពរួមគ្នានៅក្នុងរយៈពេលប៉ុន្មានថ្ងៃ និងសប្តាហ៍ ខាងមុខនេះ នឹងកំណត់អំពីភាពជោគជ័យ ឬក៏បរាជ័យនៅក្នុងការការពារខ្លួនពីជំងឺកូវីដ-១៩នេះ។
បើតាមសេចក្តីថ្លែងការណ៍រួមនោះបានបញ្ជាក់ថា ការផ្ទុះឡើងនៃជំងឺកូវីដ-១៩ នាពេលថ្មីៗនេះ ទំនងជាបង្កឡើងដោយមេរោគបំប្លែងថ្មីឈ្មោះ B.1.1.7 ដែលអាចចម្លងលឿនជាងវីរុសដែលឆ្លងកន្លងមក។ ការស្វែងរកការថែទាំព្យាបាលបានត្រឹមត្រូវ និងទាន់ពេលវេលា អាចកាត់បន្ថយហានិភ័យនៃការស្លាប់ដោយជំងឺកូវីដ-១៩ បាន។
ការឆ្លងរាលដាលទ្រង់ទ្រាយធំ អាចនាំទៅដល់ការរឹតត្បិត ឬការបិទទីតាំងណាមួយទ្រង់ទ្រាយធំ ហើយអាចបណ្ដាលឲ្យមានជាបន្ទុកយ៉ាងធ្ងន់ធ្ងរដល់មន្ទីរពេទ្យ និងមូលដ្ឋានសុខាភិបាលផ្សេងៗទៀត ដែលប្រការនេះ នឹងធ្វើឱ្យពលរដ្ឋដែលមានជំងឺកូវីដ-១៩ និងបញ្ហាសុខភាពផ្សេងៗទៀត លំបាកនឹងទទួលបានការថែទាំព្យាបាល និងការជួយសង្គ្រោះជីវិត។
ក្នុងសេចក្តីជូនព័ត៌មានរួមនេះ បានលើកឡើងថា ការលុបចោលឬក៏ផ្អាកការជួបជុំគ្នាដែលអាចមានហានិភ័យខ្ពស់ ដូចជាពិធីជប់លៀង និងពិធី អាពាហ៍ពិពាហ៍ គឺមានសារៈសំខាន់ចាំបបាច់ណាស់ក្នុងពេលបច្ចុប្បន្ននេះ ដើម្បីទប់ស្កាត់ការរាលដាលនៃមេរោគ។ នៅក្នុងកាលៈទេសៈខ្លះ ការរឹតត្បិត និងត្រួតត្រាការធ្វើដំណើរ អាចត្រូវបានអនុវត្តផងដែរ ដើម្បីកាត់ផ្តាច់ ខ្សែចម្លងពីបុគ្គលម្នាក់ទៅម្នាក់។ វិធានការរឹតត្បិតជាបណ្ដោះអាសន្នទាំងនេះ អាចជាការបន្ថយការបម្លាស់ទីពី ខេត្តមួយទៅខេត្តមួយទៀត ឬក៏ក្នុងករណីខ្លះ ការបម្លាស់ទីនៅក្នុងក្រុង ឬក៏ស្រក/ខណ្ឌដើម។
នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ មានទីតាំងជាង ១០០កន្លែង ដែលត្រូវបានកំណត់អត្តសញ្ញាណ និងបិទ ហើយបុគ្គលិក និងពលរដ្ឋម្នាក់ នៅដែលពាក់ព័ន្ធ ត្រូវបានធ្វើតេស្តរកវីរុសកូវីដ-១៩ និងតម្រូវឲ្យធ្វើចត្តាឡីស័ក។ លើសពីនេះទៅទៀត ពិធីរៀប អាពាហ៍ពិពាហ៍ និងការជួបជុំទ្រង់ទ្រាយធំនានា ត្រូវបានផ្អាកទូទាំងប្រទេស។
ខណៈដែលវ៉ាក់សាំងអាចជួយកាត់បន្ថយការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងកាត់បន្ថយមិនឲ្យឈឺ ធ្ងន់ធ្ងរ វ៉ាក់សាំងតែមួយមុខ នឹងមិនអាចបញ្ចប់ការរាតត្បាតនៃជំងឺកូវីដ-១៩បានទេ ហើយវ៉ាក់សាំង នឹងមិនអាចបញ្ចប់ការផ្ទុះរាលដាលជំងឺនៅពេលបច្ចុប្បន្ននេះបានទេ។ មានតែកិច្ចខំប្រឹងប្រែងរួមបញ្ចូលគ្នាទាំងការចាក់វ៉ាក់សាំង និងការអនុវត្តវិធានការសុខភាពសាធារណៈប៉ុណ្ណោះ ដែលនឹងអាចបញ្ឈប់ការផ្ទុះរាតត្បាតទាំងនេះបាន។
គួរបញ្ជាក់ថា ចាប់តាំងពីពេលផ្ទុះដំបូងមកដល់ត្រឹមថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ មានករណីវិជ្ជមានវីរុសកូវីដ-១៩ សរុបចំនួន ១,៥៧៨ករណី ដែលក្នុងនោះមានស្លាប់ ០២ករណី៕
ដោយ ៖ សំអឿន
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


