Connect with us

ព័ត៌មានជាតិ

អភិបាល​រាជធានី ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ​រៀប​ចំ មន្ទីរពេទ្យ និង​ទីតាំង ដើម្បី​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ Astra Zeneca ជូនពលរដ្ឋ អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើង

បានផុស

នៅ

ភ្នំពេញ​ ៖ លោក​ឃួ​ង ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃទី​១៩​ ខែ​មីនា​នេះ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​ និង​ មន្ទីរ​សុខាភិបាល​សហការ​រៀប​ចំ មន្ទីរពេទ្យ មន្ទីរពេទ្យបង្អែក​និង​ទីតាំង​ចាក់​វ៉ាក់សាំង​នានា​នៅ​ទូទាំង​រាជធានី​ភ្នំពេញ ដើម្បី​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ Astra Zeneca ដែល​នៅសល់​ចំនួន​១០​ម៉ឺន​ដុស​ជូន​ប្រជាពលរដ្ឋ ដែលមាន​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើងទៅ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ថែម​ពី​នេះ លោក​ឃួ​ង ស្រេង​ក៏បាន​បញ្ជា​ទៅ​អភិបាលខណ្ឌ​ទាំង​១៤ ត្រូវ​ណែនាំ​ទៅ ចៅសង្កាត់​មេភូមិ ធ្វើ​លិខិត​អញ្ជើញ បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​របស់ខ្លួន ដើម្បី​ឲ្យ​ពួកគាត់​មក​ទទួលយក​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ពិសេស បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើង​ទៅ។

ជាមួយ​នៅ​គ្នា​នោះ ក្នុងនាម​អាជ្ញាធរ​សង្កាត់ ភូមិ​ត្រូវ​ចុះ​ផ្ទាល់​ដល់ទី​តាំង​ចាក់​វ៉ាក់សាំង ដោយ​រៀបចំ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​យើង​បាន​អញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង​នោះ រក្សា​គម្លាត​សុវត្ថិភាព ដើម្បី​បង្ការ​ទប់ស្កាត់​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។

នៅ​រាជធានី​ភ្នំពេញ យើង​មាន​មន្ទីរពេទ្យ​បង្អែក ចំនួន ៨​ទីតាំង ដើម្បី​ទទួល​ចាក់​វ៉ាក់សាំង Sinopharm និង Astra Zeneca ជូន​ដល់​ប្រជាពលរដ្ឋ ដែល​រួមមាន​ដូចជា ៖ មន្ទីរពេទ្យ​បង្អែក​សម្តេច​ឪ​, មន្ទីរពេទ្យបង្អែក​ចតុ​មុខ​, មន្ទីរពេទ្យបង្អែក​ដង្កោ​, មន្ទីរពេទ្យបង្អែក​រាជ​ធានី​, មន្ទីរពេទ្យបង្អែក​ព្រែក​ព្នៅ​, មន្ទីរពេទ្យបង្អែក​ពោធិចិនតុង​, មន្ទីរពេទ្យ​បង្អែក​សែន​សុខ និង​មន្ទីរពេទ្យបង្អែក​ច្បារអំពៅ។

បន្ថែម​ពីនេះ​ទៀត​រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​នឹង​បង្កើត​ឲ្យ​មាន​ទីតាំង​សំរាប់​ចាក់​វ៉ា​ក់ សាំង​បន្ថែមទៀត​ផងដែរ ដើម្បី​ធ្វើ​យ៉ាង​ណា​ជំរុញ​ការចាក់​វ៉ាក់សាំង​នេះ​ឲ្យ​បាន​លឿន​ទៅតាម​អនុសាសន៍​ណែនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន ដែល​បាន​មានប្រសាសន៍​ណែនាំ​អោយ​អាជ្ញាធរ​រាជធានី​និង​ក្រសួងសុខាភិបាល​កាលពី​ព្រឹក​ថ្ងៃទី​១៩ មីនា​នេះ​។

លោក​បញ្ជាក់​ថា ចំពោះ​វ៉ាក់សាំង astrazeneca vaccine គឺ​ត្រូវ​ចាក់​សម្រាប់​តែ មនុស្ស​ចាស់​ដែលមាន​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើងទៅ ។ ដោយឡែក​ចំពោះ​មនុស្ស​ដែលមាន​អាយុ​៦០​ឆ្នាំ​ចុះ ត្រូវ​ចាក់​វ៉ាក់សាំង Sinopharm របស់​ចិន មិន​ទទួល​ការចាក់​វ៉ាក់សាំង astrazeneca vaccine នោះទេ លើកលែងតែ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ចាក់​លើក​ទី​១​ហើយ​។

គួរ​បញ្ជាក់​ថា សម្ដេច​តេ​ជោ ហ៊ុន សែន នា​ព្រឹក​ថ្ងៃទី​១៩​មិនា​នេះ បាន​ស្នើ​ឲ្យ​គណៈកម្មការ​ចាក់​វ៉ាក់សាំង​ដែលមាន​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន ជា​ប្រធាន ដំណើរ​ការចាក់​វ៉ាក់សាំង​ដោយ​ផ្ដល់​អាទិភាព ចាក់​ជូន​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​៦០ ឆ្នាំ​ឡើង នៅ​រាជធានី​ភ្នំពេញ ដែលជា​តំបន់​រាតត្បាត​ច្រើន​។ មិនតែប៉ុណ្ណោះ សម្តេច​បានស្នើ​ឲ្យ​លោក​ស្រ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន និង​លោក ឃួ​ង ស្រេង ធ្វើ​យុទ្ធនា​ការចាក់​វ៉ាក់សាំង រយៈពេល​១៥ ថ្ងៃ ជូន​ពលរដ្ឋ​ដែលមាន​អាយុ​៦០​ឆ្នាំ​ឡើង នៅ​រាជធានី​ភ្នំពេញ ហើយ​មណ្ឌល​ចាក់​វ៉ាក់សាំង ត្រូវតែ​ធ្វើ​នៅតាម​ខណ្ឌ ដែល​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ ដែល​ត្រូវ​ធ្វើដំណើ​មក​ទទួល​វ៉ាក់សាំង តែ​ហាមឃាត់​មិន​ឲ្យ​ចាក់​ដល់​មនុស្ស ដែល​អាយុ​ក្រោម​៦០​ឆ្នាំ​នោះទេ​។

សម្ដេច​បានស្នើ​ឲ្យ​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ជ្រើសរើស​កន្លែង ដែល​យ៉ាងហោចណាស់​ក្នុង​មួយ​ខណ្ឌ ត្រូវមាន​មួយកន្លែង ដើម្បី​ចៀសវាង​ការប្រមូលផ្ដុំ ដែល​នាំ​ឲ្យ​មាន​ហានិភ័យ នៃ​ការចម្លង​មេរោគ​។ សម្ដេច​បាន​ប្រាប់​ឲ្យ​អ្នកពាក់ព័ន្ធ ត្រូវខិតខំ​ធ្វើការ​ងារ​នេះ​ក្នុង​រយៈពេល​១៥​ថ្ងៃ ដោយ​ចាប់ពី​ពេលដែល​រៀបចំ​រួច ហើយ​មនុស្ស ដែល​ត្រូវ​មកចាក់ គឺ​ត្រូវមាន​ការកោះអញ្ជើញ​ពី​សំណាក់​អាជ្ញាធរ មិនត្រូវ​ឲ្យ​មានការ​អង្គុយ​រង់ចាំ​អត់បាយ​អត់​ទឹក ដូច​ពេល​កន្លងទៅ​នោះទេ​។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ដែរថា នៅ​កម្ពុជា វ៉ាក់សាំង​ទាំងពីរ​ប្រភេទ ទាំង​វាក់​សាំង​AstraZeneca និង​វាក់​សាំង Sinopharm មិនបាន​បង្ក​ហានិភ័យ​ណាមួយ ដូច​ការ​លើកឡើង​នៅក្នុង​បណ្ដា​ប្រទេស​អឺរ៉ុប​នោះទេ​។ ជាមួយគ្នា​នោះ​សម្តេច ក៏បាន​សុំ​ចិត្ត​ពី​ប្រជាពលរដ្ឋ​ឲ្យ​បន្ត​ការចូលរួម ដើម្បី​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​នេះ​ឲ្យ​បាន​ឆាប់​៕

ដោយ ៖ ស្រី​រ័​ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម