Connect with us

ព័ត៌មានជាតិ

គណៈសង្ឃនាយកអំពាវនាវសមត្ថកិច្ចចាត់វិធានការឱ្យបានឆាប់លើក្រុមជ្រុលនិយមនិងហិង្សា

បានផុស

នៅ

គណៈសង្ឃនាយកទាំងពីរនៃព្រះរាជាណាចក្រកម្ពុជាថ្កោលទោសនិងប្រឆាំងចំពោះក្រុមជ្រុលនិយម ដែលរៀបគម្រោងផែនការវាយប្រហារប៉ុនប៉ងធ្វើឃាតសម្ដេចតេជោ ហ៊ុន សែន និងគ្រួសារ និងអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការឱ្យបានឆាប់លើក្រុមជ្រុលនិយមនិងហិង្សាទាំងនេះ។

ក្នុងញាត្តិថ្កោលទោសចុះថ្ងៃទី១៤ ខែកុម្ភៈ គណៈសង្ឃនាយកទាំងពីរគណៈបានចាត់ទុកគម្រោងផែនការរបស់ក្រុមជ្រុលនិយមបានបង្ហាញពីការគុំគួន ព្យាបាទ និងភាពឃោឃៅបំផុតចំពោះសម្ដេចតេជោ និងគ្រួសារ។

ក្នុងញាត្តិនោះបានសរសេរថា៖ «ក្នុងនាមអាត្មាភាពតំណាងឱ្យព្រះសង្ឃទាំងពីរគណៈសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការម៉ឺងម៉ាត់ និងឆាប់រហ័សទៅលើពួកក្រុមជ្រុលនិយមនិងហិង្សានិយម ព្រមទាំងបក្ខពួកដែលមានឧបាយកលដ៏ឧក្រិដ្ឋ ខ្មៅកខ្វក់ បំពានច្បាប់ បម្រើមហិច្ឆតាផ្ទាល់ខ្លួន ដើម្បីបំផ្លាញសុខសន្ដិភាព ស្ថិរភាព និងវិបុលភាពរបស់ព្រះរាជាណាចក្រកម្ពុជា»។

កាលពីថ្ងៃទី១៣ ខែកុម្ភៈ សម្ដេចតេជោ ហ៊ុន សែន បានបញ្ចេញនូវខ្សែអាត់សំឡេងរបស់ស្ត្រីម្នាក់ដែលប្រមាថដល់សម្ដេច និងគ្រួសារដោយបានប្រើភាសាហិង្សាគ្មានមនុស្សធម៌ចង់យកដ្រូនកសិកម្មដាក់សាំងបាញ់លើផ្ទះសម្ដេចរួចដុតដៃកេះដុតសម្លាប់មិនទុកអ្នកណាម្នាក់នោះទេសូម្បីតែកូនតូចក្នុងអង្រឹង។ ជាការឆ្លើយតបសម្ដេចតេជោថា បានដឹងថាមេខ្លោងនៃគម្រោងធ្វើឃាតសម្ដេចជាអ្នកណាហើយ តែថាពេលនេះ «ត្រូវកំចាត់ពួកជ្រុលនិយមនិងហិង្សាឱ្យអស់សិន»។

នៅមិនទាន់មានភាគីណាមួយចេញមកអះអាងទទួលខុសត្រូវពីការប្រើប្រាស់ភាសាហិង្សាបែបនេះនោះឡើយ ខណៈគណបក្សនយោបាយ និងស្ថាប័នជាច្រើននៅកម្ពុជាបានចេញមកថ្កោលទោសជាបន្តបន្ទាប់៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម