ព័ត៌មានជាតិ
អ្នកនាំពាក្យ អំពាវនាវកម្មករ-និយោជិត អនុវត្តវិធានការការពារខ្លួន ឱ្យបានខ្ជាប់ខ្ជួន ដើម្បីបញ្ចៀសការឆ្លងជំងឺអេដស៍
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់កម្មករ-និយោជិត ត្រូវថែរក្សាសុខភាពឱ្យបានល្អ និងអនុវត្តវិធានការការពារខ្លួនឱ្យបានខ្ជាប់ខ្ជួន ដើម្បីបញ្ចៀសការឆ្លងជំងឺឆ្លងនានា ពិសេសជំងឺអេដស៍ដែលជាជំងឺកាចសាហាវ។

ថ្លែងប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១៧ កុម្ភៈនេះ លោក កត្តា អ៊ន បានមានប្រសាសន៍ថា «តាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងក្រសួងសុខាភិបាល ជំងឺអេដស៍ហាក់ដូចជាងើបឡើងវិញដោយមានចំនួនអ្នកឆ្លងថ្មីកើនឡើង។ ឆ្លៀតឱកាសនេះ សូមអំពាវនាវដល់បងប្អូនកម្មករ-និយោជិតយើងត្រូវយកចិត្តទុកដាក់ថែទាំសុខភាព ពិសេសជំងឺឆ្លងនានា រួមទាំងជំងឺអេដស៍ជាដើម ដែលជាជំងឺមួយដ៏កាចសាហាវ ប៉ះពាល់ដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ»។

លោក កត្តា អ៊ន បានណែនាំដល់កម្មករ-និយោជិត ត្រូវអនុវត្តវិធានការការពារជំងឺអេដស៍ឱ្យបានខ្ជាប់ខ្ជួន និងថែទាំសុខភាពឱ្យបានល្អ ដើម្បីបន្តធ្វើការងារនៅតាមសហគ្រាសគ្រឹះស្ថាននានា រកប្រាក់ចំណូលចិញ្ចឹមគ្រួសារឱ្យបានកាន់តែរុងរឿង។ មិនតែប៉ុណ្ណោះ នៅពេលកម្មករ-និយោជិតទទួលបានសុខភាពល្អ នឹងចូលរួមចំណែកបង្កើនផលិតកម្មរោងចក្រកាន់តែខ្ពស់ ក៏ដូចជាជួយលើកកម្ពស់ជីវភាពរស់នៅបានប្រសើរផងដែរ។

ចំណែក លោកបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអំពាវនាវយុវវ័យបង្កើនការប្រុងប្រយ័ត្នចំពោះមេរោគអេដស៍ ខណៈអត្រាឆ្លងថ្មីក្នុងចំណោមយុវវ័យមានការកើនឡើងគួរឱ្យព្រួយបារម្ភ។ ព្រោះថាតាមការប៉ាន់ស្មានឆ្នាំ ២០២៤ មានយុវវ័យ ៤៣% បានឆ្លងថ្មី នៃមេរោគអេដស៍ក្នុងចំណោមអ្នកឆ្លងថ្មី ១ ២០០ នាក់។

លោកអគ្គលេខាធិការ បានពន្យល់ថា ការកើនឡើងអត្រាឆ្លងថ្មី នៃមេរោគអេដស៍ទៅលើក្រុមយុវវ័យនេះដោយសារការប្រើប្រាស់ស្រោមអនាម័យក្នុងចំណោមយុវវ័យមានការថយចុះដែលធ្វើឱ្យយុវវ័យខ្លះគិតថាជំងឺអេដស៍បានបញ្ចប់ ហើយធ្វើឱ្យពួកគាត់ធ្វេសប្រហែសនៅពេលរួមភេទ ដោយមិនប្រើស្រោមអនាម័យ។ លើសពីនេះទៀត បច្ចេកវិទ្យាទំនើបបានផ្តល់ភាពងាយស្រួលដល់យុវវ័យក្នុងការទំនាក់ទំនងស្នេហាបានលឿន និងជួបគ្នាផ្ទាល់ជាងមុន។
លោកអគ្គលេខាធិការ បានលើកទឹកចិត្តយុវវ័យចូលរួមស្វែងយល់បន្ថែមពីសារៈសំខាន់ នៃការប្រើប្រាស់ស្រោមអនាម័យ ដើម្បីការពារខ្លួនកុំឱ្យឆ្លងមេរោគអេដស៍ ព្រោះថាជំងឺអេដស៍នៅមិនទាន់បញ្ចប់នៅឡើយទេ។
តាមការប៉ាន់ស្មាន ឆ្នាំ ២០២៤ បានឱ្យដឹងថា កម្ពុជា មានចំនួនអ្នករស់នៅជាមួយមេរោគអេដស៍ប្រមាណ ៧៦ ០០០ នាក់ ក្នុងនោះមានអ្នកជំងឺអេដស៍សកម្មដែលកំពុងទទួលសេវាព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ទាំង ៧៤ កន្លែង ចំនួន ៦៩ ៩៩៤ នាក់ ហើយប្រហែលនៅសល់អ្នករស់នៅជាមួយមេរោគអេដស៍ ៦ ០០០ នាក់ ទៅ ៧ ០០០ នាក់ នៅមិនទាន់បានដឹងខ្លួន និងមិនទាន់បានធ្វើតេស្ត និងទទួលសេវាព្យាបាលនៅឡើយទេ ខណៈក្នុង ១ ឆ្នាំៗ មានអ្នកឆ្លងថ្មី នៃមេរោគអេដស៍ប្រមាណ ១ ២០០ នាក់ និងស្លាប់ប្រមាណ ១ ១០០ នាក់៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ១២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


