ព័ត៌មានជាតិ
អ្នកនាំពាក្យការងារ ៖ ជនមានពិការភាពប្រមាណ ១ ម៉ឺននាក់ កំពុងបម្រើការងារនៅតាមក្រសួង ស្ថាប័នរដ្ឋ និងឯកជននានា
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅថ្ងៃទី ១៣ មីនា នេះថា គិតមកត្រឹមចុងឆ្នាំ ២០២៤ ក្រសួង ស្ថាប័ន ចំនួន ៣៩ បានទទួលយកជនមានពិការភាពចូលបម្រើការងារចំនួន ៣ ៨១៦ នាក់ ក្នុងនោះ ស្ត្រី ៨៨២ នាក់ ជនមានពិការកម្រិតធ្ងន់ចំនួន ២ ៣៥១ នាក់។ ចំណែកវិស័យឯកជនរួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្រ គ្រឹះស្ថាន បានទទួលយកជនមានពិការភាពឱ្យចូលបម្រើការងារជាង ៥ ៦០០ នាក់ ក្នុងនោះ ស្ត្រីចំនួនជាង ៣ ៥០០ នាក់។

លោករដ្ឋលេខាធិការ បានបន្តថា ការជ្រើសរើសជនមានពិការភាពឱ្យចូលបម្រើការងារក្នុងក្រសួង ស្ថាប័ន គឺជាការឆ្លើយតប និងអនុវត្តទៅតាមកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ជនមានពិការភាពនៅក្នុងវិស័យសាធារណៈ និងឯកជន។ លើសពីនេះ រាជរដ្ឋាភិបាល បានផ្ដល់អាទិភាពដល់ជនគ្រប់រូប រួមទាំងជនមានពិការភាព នូវឱកាសរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីមានចំណេះជំនាញច្បាស់លាស់អាចប្រកបការងារ និងមានទំនួលខុសត្រូវលើមុខតួនាទីការងារបានគឺជាចំណុចសំខាន់បំផុត។

លោករដ្ឋលេខាធិការ បានបន្តទៀតថា ទន្ទឹមនេះដែរ ក្រសួង ក៏មានសាលាបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដែលផ្ដល់ឱកាសស្មើភាពគ្នាដល់សាធារណជនទាំងអស់ ដើម្បីមានឱកាសទទួលបានការអប់រំចំណេះជំនាញ បច្ចេកទេស និងសមត្ថភាពពិតប្រាកដ ដើម្បីយកទៅធ្វើការងារ ឬបង្កើតមុខរបរដោយខ្លួនឯង និងបំពេញតម្រូវការ នៃកម្លាំងពលកម្មជំនាញសម្រាប់ការវិនិយោគថ្មីៗ នៅកម្ពុជា។

លោករដ្ឋលេខាធិការ បានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើជនមានពិការភាព តាមរយៈការផ្តល់ឱកាស សិទ្ធិពេញលេញ ភាពស្មើមុខស្មើមាត់គ្នា ក្នុងការទទួលបានការងារធ្វើសមរម្យ និងកិច្ចគាំពារសង្គម។ ទាំងជនមានពិការភាព និងជនមិនមានពិការភាព គឺទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗ ពីរាជរដ្ឋាភិបាលស្មើភាពគ្នា ដោយមិនមានការរើសអើងពណ៌សម្បុរ សាសនា ឋានៈ និងនិន្នាការនយោបាយណាមួយឡើយ។

លោករដ្ឋលេខាធិការ គូសបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលប្រមុខថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជានៅគ្រប់អាណត្តិ តែងតែគាំទ្រលើកស្ទួយ និងយកចិត្តទុកដាក់ខ្ពស់ចំពោះជនមានពិការភាព ដើម្បីធ្វើឱ្យជីវភាពរស់នៅរបស់ពួកគាត់ប្រកបដោយភាពសមរម្យ ទទួលបានឱកាសស្មើភាពគ្នា ដូចពលរដ្ឋទូទៅដែរ។ នៅកម្ពុជាគ្មានឡើយការរើសអើងជនដែលមានពិការភាព ជាពិសេសនៅក្នុងវិស័យការងារជនមានពិការភាពត្រូវបានលើកទឹកចិត្ត។
លោករដ្ឋលេខាធិការ បញ្ជាក់បន្ថែមថា បើតាមច្បាប់ស្ដីពីការងារវិស័យឯកជន ត្រូវទទួលជនដែលមានពិការភាពចូលបម្រើការងារ ក្នុងនោះ ត្រូវមានចំនួន ១% នៃចំនួនកម្មករ-និយោជិតសរុប៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


