ព័ត៌មានជាតិ
សមាគមបណ្ណាល័យគំនិតដាក់ដំណើរការកម្មវិធី “សួនសៀវភៅ”នៅផ្លូវថ្មើជើងភ្នំពេញ
សមាគមបណ្ណាល័យគំនិត បានចាប់ផ្ដើមដំណើរការគម្រោងបណ្ណាល័យសាធារណៈក្នុងកម្មវិធី “សួនសៀវភៅ” ដែលមានទីតាំងនៅលើសួនច្បារមុខព្រះបរមរាជវាំង ទល់មុខព្រះអង្គដងកើ នៅថ្ងៃសៅរ៍ ទី២៩ ខែមីនា ឆ្នាំ២០២៥។

កម្មវិធី “សួនសៀវភៅ” នេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងផ្ដើមចេញពីការអានសៀវភៅ និងជួយផ្សព្វផ្សាយលើកកម្ពស់វប្បធម៌នៃការអានឱ្យបានទូលំទូលាយជាសាធារណៈ។ កម្មវិធីនេះដំណើរការនៅរៀងរាល់ចុងសប្ដាហ៍នាថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ចាប់ផ្ដើមម៉ោង៦ល្ងាចដល់ម៉ោង៨កន្លះយប់។
គួរបញ្ជាក់ផងដែរថា សកម្មភាពមួយចំនួនត្រូវបានបញ្ចូលក្នុងកម្មវិធី “សួនសៀវភៅ” របស់សមាគម
បណ្ណាល័យគំនិត ដូចជា សកម្មភាពអំណាន ដែលសាធារណជនទូទៅ ជាពិសេសសិស្សានុសិស្ស អាចចូលរួមអានសៀវភៅដោយសេរីនូវសៀវភៅច្រើនក្បាលនិងច្រើនប្រភេទ ភាគច្រើនសៀវភៅទាំងនេះសុទ្ធតែទទួលបានពីការបរិច្ចាគរបស់សំណាក់សាធារណជនទូទៅ។ សាធារណជនដែលមកដើរលំហែកម្សាន្តតាមបណ្ដោយផ្លូវថ្មើរជើង (Walk Street) នេះទៀតសោធក៏អាចមកអង្គុយអាននៅទីតាំងផ្ទាល់ ឬអាចស្នើយកទៅអាននៅគេហដ្ឋានបានដោយក្ដីរីករាយ។

បន្ថែមលើសពីការអានសៀវភៅនេះ សមាគមបានរៀបចំនូវ “វេទិកាចែករំលែក” ដោយបានអញ្ជើញកវីនិពន្ធគ្រប់ស្រទាប់មកចូលរួមធ្វើជាវាគ្មិនចែករំលែកបទពិសោធន៍នៃការតែងនិពន្ធរបស់ខ្លួនផងដែរ។ បងប្អូនអ្នកស្រឡាញ់ការអានសៀវភៅឬអ្នកដែលមាននិស្ស័យនឹងការតែងនិពន្ធ អាចមកជួបពិភាក្សាដោយផ្ទាល់ជាមួយនឹងអ្នកនិពន្ធដែលពោរពេញដោយសមត្ថភាពនិងបទពិសោធន៍នៃការតែងនិពន្ធ។ ការប្រឹក្សាយោបល់នានាពាក់ព័ន្ធនឹងការតែងនិពន្ធ ការចងក្រង ការស្វែងរកសៀវភៅឬប្រភពឯកសារចាំបាច់នានាក៏ត្រូវបានផ្ដល់ជូនពីសំណាក់កវីនិពន្ធដែលជាវាគ្មិនរបស់កម្មវិធីនេះផងដែរ។
ក្នុងនោះទៀតសោធ ខាងសមាគមក៏ទទួលការបរិច្ចាគសៀវភៅបន្ថែមទៀតពីសំណាក់សាធារណជនផងដែរ។ សាធារណជនដែលមានបំណងចង់បរិច្ចាគសៀវភៅ អាចមកបរិច្ចាគដោយផ្ទាល់នៅទីតាំង “សួនសៀវភៅ” ។ សៀវភៅទាំងនោះនឹងត្រូវឧបត្ថម្ភទៅកាន់បណ្ណាល័យដែលនៅតំបន់ដាច់ស្រយាល ខ្វះខាត និងមានតម្រូវការជាចាំបាច់។
សូមរំឭកផងដែរថា ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូនដល់និស្សិតវិទ្យាស្ថាន វ៉ាន់ដា នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា មានតែចំណេះវិជ្ជាទេដែលអាចជួយបណ្ដុះនូវផ្នត់គំនិតចម្រើនជឿនលឿន ហើយអាចជួយលើកស្ទួយប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀតផងដែរ។
សម្ដេចមានប្រសាសន៍ថា៖ «មិនចាំបាច់ទាល់តែប្អូន អុក វាន់ដេ ទៅដល់ទេ! ហើយចប់ពីហ្នឹងស្ងាត់ឈឹងទេ! យើងបង្កើតមួយខ្លួនឯង ទិវា ឬកន្លែងណាមួយ។ សៀវភៅអត់ខ្វះទេ ខ្ញុំថាមិនពិបាកទេ សៀវភៅ១ពាន់ក្បាល ដាក់សម្រាប់អានចុងសប្តាហ៍ ឬមួយយ៉ាងណា? នៅរាជធានីភ្នំពេញដូចគ្នា បើថាចាំបាច់ ផ្លូវដើរ (Walk street) ហ្នឹង កន្លែងណាដាក់ជ្រុងនៃអំណានទៅ»។
បើតាមរដ្ឋបាលរាជធានីភ្នំពេញ គម្រោងផ្លូវថ្មើរជើង (Walk Street) ធ្វើឡើងនៅតាមបណ្ដោយទន្លេចតុមុខចាប់ពីមុខប្រៃសណីយ៍កម្ពុជា រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ សង្កាត់ផ្សារកណ្ដាលទី១ សង្កាត់ផ្សារកណ្ដាលទី២ និងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១០ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


