ព័ត៌មានជាតិ
ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត! កន្លែងស្នាក់ក្នុងក្រុងសៀមរាប មានការកក់ច្រើន ខណៈទីតាំងខ្លះកក់រហូតដល់៩៥%
លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានឱ្យដឹងថា រហូតមកដល់ពេលនេះ ប្រតិបត្តិករទេសចរណ៍ទាំងអស់ក្នុងខេត្តសៀមរាប គឺបានត្រៀមលក្ខណៈជួយរាល់ហើយ សម្រាប់បម្រើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនឹងមកកម្សាន្តនៅខេត្តសៀមរាប នៅក្នុងព្រឹត្តិការណ៍៍អង្គរសង្ក្រាន្ត។

យ៉ាងណាមិញ សណ្ឋាគារនៅតាមបណ្តោយផ្លូវចាប់ពីស្តុបពេទ្យគន្ធបុប្ផាទៅដល់ស្ពានអតីតអាងក្រពើមានកក់បន្ទប់ស្នាក់នៅប្រមាណ៩៥% ហើយសណ្ឋាគារនៅតាមបណ្តោយផ្លូវជាតិលេខ៦ ចាប់ពីស្តុបចុងកៅស៊ូរហូតមកដល់រង្វង់មូលជ័យវ័រ្មនទី៧ មានការកក់បន្ទប់ស្នាក់មានប្រមាណ៨៥%។ ចំពោះសណ្ឋាគារដែលនៅឆ្ងាយៗពីតំបន់ទាំងនេះ មានការកក់ប្រមាណជា៦០ទៅ៦៥%។ សម្រាប់ផ្ទះសំណាក់វិញឃើញថា ផ្ទះសំណាក់ដែលនៅតាមបណ្តោយផ្លូវជាតិលេខ៦ នៅតំបន់ផប់ស្រ្ទីត និងកៀកតំបន់នេះ គឺមានការកក់បន្ទប់ស្នាក់នៅប្រមាណជា៨៥%។ ដោយឡែកសម្រាប់ផ្ទះសំណាក់ ដែលនៅតំបន់ជាយក្រុងមានការកក់ប្រមាណជា៦០ទៅ៦៥%។ ដូចនេះ ភ្ញៀវទេសចរដែលមានបំណងចង់មកកម្សាន្ត នៅខេត្តសៀមរាប ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុននេះ នៅតែអាចរកកន្លែងស្នាក់នៅបាន។
លោក ង៉ូវ សេងកាក់ រំពឹងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ នេះ នឹងផ្តល់ចំណូលមកដល់ប្រតិបត្តិករទេសចរណ៍ ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងខេត្តសៀមរាប ទាំងដោយផ្ទាល់ និងប្រយោល ដែលនឹងជួយធ្វើឱ្យសេដ្ឋកិច្ចមូលដ្ឋានមានភាពល្អប្រសើរ។ លោកបានសំណូមពរដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមកកម្សាន្តក្នុងឱកាសអង្គរសង្ក្រាន្តឆ្នាំថ្មីនេះ សូមមកកម្សាន្តដោយសប្បាយរីករាយ ប៉ុន្តែសូមជួយថែរក្សាអនាម័យផង នៅពេលដែលហូបចុករួច សូមវេចខ្ចប់អាហារដែលនៅសល់ដាក់ធុងសំរាមឱ្យបានត្រឹមត្រូវ។

ចំណែក លោក ខាន់វ៉ាន់ ឆាយ តំណាងឱ្យបណ្តាញសហគមន៍ទេសចរណ៍ស្រុកបន្ទាយស្រី បានឱ្យដឹងដែរថា បណ្តាញសហគមន៍ទេសចរណ៍ស្រុកបន្ទាយស្រី បានត្រៀមលក្ខណៈរួចរាល់ហើយ ដោយបានរៀបចំយ៉ាងយកចិត្តទុកដាក់ និងរក្សាគុណភាព និងតម្លៃជូនភ្ញៀវទេសចរ ពុកម៉ែបងប្អូន ដែលបានមកកម្សាន្ត មកទទួលទានអាហារ និងប្រើប្រាស់សេវាកម្មទេសចរណ៍ផ្សេងៗ ដែលមាននៅក្នុងសហគមន៍របស់លោក។ លោកសន្យាថា នឹងផ្តល់សេវាជូនភ្ញៀវដោយយកចិត្តទុកដាក់បំផុត ហើយលោកក៏មានការជឿជាក់ថា អង្គរសង្ក្រាន្តបានរុញច្រានឱ្យសេដ្ឋកិច្ចនៅក្នុងខេត្តសៀមរាបនឹងមានការកើនឡើង។
លោកស្រី សេង នី អាជីវករលក់ដូរនៅតំបន់ផប់ស្ទ្រីត បានលើកឡើងថា នៅពេលដែលខេត្តមានរៀបចំព្រឹត្តិការណ៍ធំៗជាពិសេសដូចជាអង្គរសង្ក្រាន្តនេះ គឺពិតជាមានសារសំខាន់ណាស់ ព្រោះនឹងមានភ្ញៀវទេសចរមកលេងខេត្តសៀមរាបច្រើន ហើយច្បាស់ណាស់ថា ភ្ញៀវទេសចរណ៍ទាំងនោះ ក៏នឹងមកទទួលទានអាហារនៅកន្លែងគាត់ដែរ។

ជាមួយគ្នានេះ លោក សឹង្ហ សំរិទ្ធិ ម្ចាស់សណ្ឋាគារចំប៉ីអង្គរ បានឱ្យដឹងថា លោកមានក្តីសប្បាយរីករាយយ៉ាងខ្លាំងដែល ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តួចផ្តើមរៀបចំកម្មវិធីអង្គរសង្ក្រាន្តនេះឡើងដើម្បីឱ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បានមកកម្សាន្តសប្បាយ ជាពិសេធ្វើឱ្យពលរដ្ឋក្នុងខេត្តសៀមរាប មានចំណូលពីវិស័យទេសចរណ៍យ៉ាងច្រើន។ លោកបន្តថា មកទល់ពេលនេះ សណ្ឋាគាររបស់លោកមានភ្ញៀវកក់ពេញអស់ហើយ លោកពិតជាសប្បាយចិត្តណាស់។
សូមរម្លឹកថា កាលពីឆ្នាំ២០១៣ ដែលជាឆ្នាំចាប់កំណើតព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះ ខេត្តសៀមរាប ទទួលបានអ្នកទេសចរណ៍ប្រមាណ ១៧ម៉ឺននាក់ ហើយចំនួននេះ មានការកើនឡើងជាលំដាប់ដោយនៅក្នុងនោះ ក្នុងឆ្នាំ២០២៣ ដែលជាខួប១០ឆ្នាំរបស់អង្គរសង្ក្រាន្ត ខេត្តសៀមរាប ពោលទទួលបានអ្នកទេសចរចូលមកកម្សាន្តក្នុងព្រឹត្តិការណ៍នេះ ប្រមាណជាង ២លាននាក់ និងមានលំហូសាច់ប្រាក់ចូលមកក្នុងខេត្តនេះប្រមានជាង ១២៦លានដុល្លាអាម៉េរិក៕





ដោយ៖ជុន កុសល
-
ព័ត៌មានជាតិ៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


