ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ ដឹកនាំប្រតិភូទៅទស្សនកិច្ចនៅសិង្ហបុរី ដើម្បីស្វែងយល់ពីប្រព័ន្ធអប់រំនៅទីនោះ និងយកមកអនុវត្តនៅកម្ពុជា
ឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានដឹកនាំប្រតិភូទស្សនកិច្ចសិក្សានៅប្រទេសសិង្ហបុរី ដើម្បីចែករំលែកបទពិសោធ ស្វែងយល់បន្ថែមពីប្រព័ន្ធអប់រំនៅទីនោះ ដើម្បីយកមកអនុវត្តប្រព័ន្ធអប់រំនៅកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែម។

នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ រដ្ឋមន្ត្រីអប់រំកម្ពុជា បានជួបជាមួយបានជួបពិភាក្សាការងារជាមួយ លោក Chan Chun Sing រដ្ឋមន្រ្តីក្រសួងអប់រំ នៃប្រទេសសិង្ហបុរី ក្នុងអំឡុងទស្សនកិច្ចផ្លូវការនៃកម្មវិធី Lee Kuan Yew Exchange Fellowship នៅប្រទេសសិង្ហបុរី។ ក្នុងជំនួបនេះ ភាគីទាំង២ បានពិភាក្សាផ្លាស់ប្តូរបទពិសោធការងារ និងវឌ្ឍនភាពប្រព័ន្ធអប់រំរបស់ប្រទេសទាំងពីរ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរឡើង។ បើតាមក្រសួងអប់រំ កិច្ចពិភាក្សានេះ រដ្ឋមន្ត្រីក្រសួងអប់រំសិង្ហបុរី បានលើកឡើងពីកម្មវិធីសិក្សានៅប្រទេសសិង្ហបុរីរួមមានប្រព័ន្ធអប់រំទូទៅ និងសញ្ញាបត្រអន្តរជាតិ ដោយបានរំលេចពីការអនុវត្តនានារួមមាន ការបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្រិតមធ្យមសិក្សា ការអនុញ្ញាតឱ្យសិស្សជ្រើសរើសកម្រិតសិក្សានៃមុខវិជ្ជាផ្អែកលើចំណូលចិត្តនិងសមត្ថភាព ភាពខុសគ្នានៃចំនួនសិស្សស្តង់ដាក្នុងថ្នាក់រៀន ការបញ្ចូលបញ្ញាសិប្បនិម្មិត (AI) នៅក្នុងវិធីសាស្រ្តបង្រៀន និងសាលារៀនដែលអាចបំពេញតម្រូវការពិសេសសម្រាប់សិស្សនិងជំនួយដល់ការបង្រៀនរបស់គ្រូជាដើម។

ជាមួយគ្នានេះ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានលើកឡើងពីការអនុវត្តកម្មវិធីអន្តរជាតិស្តីពី រង្វាយតម្លៃការសិក្សារបស់សិស្ស (PISA) នៅប្រទេសកម្ពុជា ដែលជាតេស្តអន្តរជាតិមួយប្រើប្រាស់ក្នុងការវាយតម្លៃប្រព័ន្ធអប់រំ ដោយផ្តោតលើពិន្ទុជាមធ្យមនៃមុខវិជ្ជាអំណាន គណិតវិទ្យា និងវិទ្យាសាស្រ្ត អត្រារួមនៃការសិក្សានៅមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ និងអត្រាបោះបង់ការសិក្សានៅមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ ដែលជាសូចនាករសមិទ្ធកម្មគន្លឹះផងដែរ។
នៅថ្ងៃទី២១ ខែមេសា ដដែល បណ្ឌិត ហង់ជួន ណារ៉ុន ពិភាក្សាការងារជាមួយលោក Song Chern Wei អគ្គនាយករងទទួលបន្ទុកកម្មវិធីសិក្សាក្នុងវិស័យអប់រំ នៃប្រទេសសិង្ហបុរី ក្នុងអំឡុងទស្សនកិច្ចនៃកម្មវិធី Lee Kuan Yew Exchange Fellowship នៅប្រទេសសិង្ហបុរី ដោយភាគីសិង្ហបុរី បានបង្ហាញអំពីវឌ្ឍនភាពនានានៃការអភិវឌ្ឍប្រព័ន្ធអប់រំរបស់ប្រទេសសិង្ហបុរីផងដែរ។ ចំណែកកម្ពុជា ក៏បានចែករំលែកពីការអភិវឌ្ឍប្រព័ន្ធអប់រំនៅកម្ពុជាច្រើនដំណាក់កាល ដែលបានចាប់ផ្តើមពីការធ្វើកំណែទម្រង់ការប្រឡងមធ្យមសិក្សាទុតិយភូមិ តាមរយៈការពង្រឹងបន្ថែមសមត្ថភាពគ្រូបង្រៀន និងវិធីសាស្ត្របង្រៀន ការពង្រឹងការគ្រប់គ្រងនៅតាមសាលារៀន ការលើកកម្ពស់បច្ចេកវិទ្យាអប់រំ វិធីសាស្ត្របង្រៀនបែបចម្រុះ និងការសហការជាមួយដៃគូអភិវឌ្ឍ និងអ្នកពាក់ព័ន្ធក្នុងវិស័យអប់រំ។

ក្រៅពីនេះ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានដឹកនាំប្រតិភូក្រសួងអប់រំ យុវជន និងកីឡា បំពេញទស្សនកិច្ចនៅវិទ្យាស្ថានជាតិអប់រំនៃសាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាងសិង្ហបុរី (Nanyang Technological University) ផងដែរ។
ចំណែកនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ រដ្ឋមន្ត្រីអប់រំកម្ពុជា បានដឹកនាំប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ធ្វើទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាងសិង្ហបុរី (Nanyang Technological University) ថែមទៀតផង។ តាមរយៈទស្សនកិច្ចសិក្សានៅសិង្ហបុរីនេះ រដ្ឋមន្ត្រីក្រសួងអប់រំ និងប្រតិភូកម្ពុជា ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ។

លោក ហង់ជួន ណារ៉ុន បានលើកឡើងថា ដំណើរទស្សនកិច្ចសិក្សានេះពិតជាផ្តល់ចំណេះដឹង និងបទពិសោធថ្មីៗជាច្រើន ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យអប់រំ ដែលជាទុនដ៏សំខាន់សម្រាប់ក្រុមការងារប្រើប្រាស់ដើម្បីបន្តអភិវឌ្ឍការងាររបស់ខ្លួនគាំទ្រដល់បេសកកម្មលើកកម្ពស់វិស័យអប់រំនៅកម្ពុជាឱ្យប្រសើរឡើង៕


-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៥ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៦ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២២ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


