ព័ត៌មានជាតិ
ឧបករណ៍អេឡិចត្រូនិកជាង ៣ពាន់គ្រឿង ត្រូវបានប្រគល់ជូនក្រសួងសុខាភិបាល ដើម្បីពង្រឹង និងអភិវឌ្ឍប្រព័ន្ធសុខាភិបាល
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំពិធីប្រគល់-ទទួលឧបករណ៍អេឡិចត្រូនិក ចំនួន ៣៤២៣គ្រឿង ជូនដល់ក្រសួងសុខាភិបាល។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និង លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥។

ស្ថិតក្នុងបរិយាកាសដ៏ឱឡារិកនេះ លោករដ្ឋមន្ត្រី ឈាង រ៉ា បានថ្លែងអំណរគុណ ប្រកបដោយសេចក្តីសោមនស្សរីករាយ អំពីគុណបំណាច់ដ៏ធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានផ្តល់ឧបករណ៍អេឡិចត្រូនិក ជាអំណោយដ៏ថ្លៃថ្លា ជូនក្រសួងសុខាភិបាល។ លោកបានលើកឡើងថា អំណោយដ៏ថ្លៃថ្លា និងមានសារៈសំខាន់នាពេលនេះ គឺពិតជាស្របទៅនឹងតម្រូវការចាំបាច់របស់វិស័យសុខាភិបាល ក្នុងគោលបំណងពង្រឹង និងអភិវឌ្ឍប្រព័ន្ធសុខាភិបាល តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ក្នុងការធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានសុខាភិបាល លើកកម្ពស់ការបម្រើសេវាសុខាភិបាលកាន់តែរហ័ស និងមានប្រសិទ្ធភាព ឆ្លើយតបនឹងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ក៏ដូចជាយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
សូមជម្រាបជូនថា ការផ្តល់ឧបករណ៍អេឡិចត្រូនិក ចំនួន ៣៤២៣ គ្រឿង ផ្តល់ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជូនដល់ក្រសួងសុខាភិបាល រួមមាន កុំព្យូទ័រលើតុ និងកុំព្យូទ័រយួរដៃ (Desktop and Laptops) ចំនួន ១៧៥០ គ្រឿង និងថេប្លេត (Tablets) ចំនួន ១៦៧៣គ្រឿង។

ឆ្លៀតក្នុងឱកាសនេះដែរ លោករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ មន្ត្រីក្រសួងសុខាភិបាល ដែលទទួលបន្ទុកប្រព័ន្ធព័ត៌មានសុខាភិបាល និងសុខាភិបាលឌីជីថល ខិតខំសម្រេចបាននូវប្រព័ន្ធចុះឈ្មោះចាក់វាក់សាំង (Vaccine Routine/Electronic Immunization Register EIR) ការរៀបចំអភិវឌ្ឍប្រព័ន្ធគ្រប់គ្រង មូលដ្ឋានសុខាភិបាលឯកជន (Health Facility Management System) ប្រព័ន្ធកត់ត្រាវេជ្ជសាស្រ្តអេឡិចត្រូនិក (Electronic Medical Record: EMR) ការរៀបចំផ្តល់សេវា តេឡេមេឌីស៊ីន និងការឧបត្ថម្ភឧបករណ៍អេឡិចត្រូនិក នាពេលឆាប់ខាងមុខនេះ។

ជាចុងបញ្ចប់ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបាន និងកំពុងបន្តពង្រឹកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ជាមួយក្រសួងសុខាភិបាល និងសូមស្នើក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បន្តគំាទ្រដល់ក្រសួងសុខាភិបាល លើការបណ្តុះបណ្តាលបន្ថែមលើការរៀបចំ និងអភិវឌ្ឍ ប្រព័ន្ធបរិវត្តកម្មឌីជីថល ខាងលើនេះ ដាក់ឱ្យដំណើរការទទួលបានភាពជោគជ័យ ស្របតាមកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន។ ព្រមទាំងបន្តពង្រឹងទិន្នន័យក្នុងប្រព័ន្ធសុខាភិបាល ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកលនាឆ្នាំ២០៣៥ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមុះមុតប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្លាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


