Connect with us

ព័ត៌មានជាតិ

បណ្តាញ​ផ្លូវ​ជាតិ​ជា​ច្រើន​ខ្សែ សាងសង់​ខ្វាត់ខ្វែង​តភ្ជាប់​គ្នា​យ៉ាង​ប្រទាក់ក្រឡា​​ក្នុង​ខេត្ត​ព្រះវិហារជាប់ព្រំដែនថៃ

បានផុស

នៅ

ទោះ​បី​មាន​ភូមិសាស្រ្ត​នៅ​ឆ្ងាយ​ដាច់ស្រយាលចម្ងាយ​ជាង ៣០០ គីឡូម៉ែត្រ​ពីរាជធានី​ភ្នំពេញ ខេត្តព្រះវិហារ​​ដែល​មាន​ព្រំដែនជាប់ប្រទេស​ថៃ និង​ឡាវ មាន​ការ​អភិវឌ្ឍ​​ហេដ្ឋារចនាសម្ព័ន្ធ​​ផ្លូវ​ថ្នល់​យ៉ាង​​ប្រទាក់​ក្រឡាតភ្ជាប់ពីប្រជុំជនទៅតំបន់ជនបទ។

ផ្លូវជាតិលេខ ៦ និង​លេខ ៦២ ជា​ខ្សែ​ផ្លូវជាតិ​ដ៏សំខាន់​ ​តភ្ជាប់​មក​ទៅ​ទី​រួម​ខេត្ត​​ព្រះវិហារ​។ ក្រៅពី​ផ្លូវ​ជាតិ​លេខ ៦ និង​ លេខ ៦២ ជា​បណ្តាញ​ផ្លូវ​ជាតិ​ដ៏សំខាន់​​តភ្ជាប់​ចរាចរណ៍​​មក​ខេត្ត​ព្រះវិហារ មាន​បណ្តាញ​​ផ្លូវ​ជាច្រើន​ខ្សែ​ទៀត​ ​ត្រូវ​បាន​សាងសង់​តភ្ជាប់ពី​តំបន់មួយ​ទៅ​តំបន់មួយក្នុង​នោះ​មាន៖

​-ផ្លូវ​ជាតិ​លេខ ៩ មាន​​ប្រវែង ៦៩.៨២ គីឡូម៉ែត្រ ជា​ប្រភេទ​ផ្លូវក្រាល​​កៅស៊ូ
ផ្លូវ​ជាតិ​លេខ ៦២ ប្រវែង ២០១.៥៥ គីឡូម៉ែត្រជា​ប្រភេទ​ផ្លូវក្រាល​​កៅស៊ូ
ផ្លូវ​ជាតិ​លេខ ៦៤ ប្រវែង ៥២.១៥ គីឡូម៉ែត្រ ជា​ប្រភេទ​ផ្លូវ​​ក្រាល​កៅស៊ូ
ផ្លូវជាតិ​លេខ ៩២ ប្រវែង ១០២ គីឡូម៉ែត្រ ជា​ប្រភេទ​ផ្លូវ​ក្រាល​កៅស៊ូ និង​មួយ​កំណាត់​ជា​ផ្លូវ​​ក្រួស​ក្រហម –ផ្លូវ​ជាតិ​លេខ ៩៤ ប្រវែង ៦១ គីឡូម៉ែត្រ ជា​ប្រភេទ​​ផ្លូវ​ក្រាល​កៅស៊ូ និង​មួយ​កំណាត់​​ជា​ផ្លូវ​​ក្រួស​ក្រហម –ផ្លូវ​ជាតិ​លេខ ៩៥ ប្រវែង ៧៩.៥០ ជាប្រភេទ​ផ្លូវ​ក្រាល​កៅស៊ូ និង​មួយ​កំណាត់​ជា​​ផ្លូវ​ក្រួស​ក្រហម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រោម​ក្របខ័ណ្ឌកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទកម្ពុជា (RID4CAM) ផ្លូវ​ក្រាល​កៅស៊ូ​មួយ​ខ្សែមាន​ប្រវែង ៣៧,៦ គីឡូម៉ែត្រ ក៏​កំពុង​សាងសង់​ចេញ​ពីផ្លូវជាតិលេខ​ ៦៤ ត្រង់​ចំណុច​ខាងលិចសាលាស្រុកគូលែន ភូមិគូលែនត្បូង ឃុំគូលែនត្បូង ទៅដល់ភូមិ​ស្តៅ ឃុំស្តៅ ស្រុក​សង្គមថ្មី។

ផ្លូវ​នេះ​សាងសង់​ឆ្លងកាត់ឃុំចំនួន ៦ រួមមាន ឃុំគូលែនត្បូង ភ្នំត្បែងពីរ ភ្នំត្បែង​មួយ រអាង និងឃុំស្ដៅ ដែល​គ្រោងនឹងបញ្ចប់ការសាងសង់អំឡុង​ខែមិថុនា ឆ្នាំ២០២៥ខាងមុខ។

ដោយឡែក ក្រោម​គម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករនិងពាណិជ្ជូប​នីយ​កម្មកសិកម្ម (SAAMBAT) ផ្លូវ​ក្រាលកៅស៊ូ​ចំនួន ៣ ខ្សែ​ទៀត ​កំពុង​ស្ថាបនា​នៅ​ក្នុង​ខេត្តព្រះវិហារ ដែល​វឌ្ឍនភាព​មក​ដល់​ពេលនេះ​សម្រេច​បានប្រមាណ ៩៥%។

លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ​បាន​ដឹក​នាំ​មន្ដ្រីបច្ចេកទេស​ចុះ​ទៅ​ពិនិត្យវឌ្ឍន​ដំណើរការ​សាងសង់​ផ្លូវ​ទាំង ៣ ខ្សែ​នៅ​ក្នុង​ខេត្ត​ព្រះវិហារ ដែល​កំពុង​សាងសង់​ឈាន​ទៅ​បញ្ចប់​ក្នុង​ពេល​​ដ៏ខ្លី​ខាងមុខ។

ខ្សែទី១៖ (អូរតាលោក-ដូង) មាន​ប្រវែង ១៣,៩៨គ.ម. ទទឹង ៨ ម៉ែត្រ ក្នុងនោះ​​ក្រាល​​ផ្លូវកៅស៊ូ​ពីរ​ជាន់ (DBST) ប្រវែង ១៣,៦៤ គ.ម និងក្រាលបេតុង ០,៣៤ គ.ម តភ្ជាប់​ពីភូមិអូរតា​លោក ឃុំរមទម ទៅ​កាន់ភូមិដូង ឃុំរីករាយ ស្រុករវៀង។

ខ្សែទី២៖ (តាំងត្រក-ថ្កែង) ប្រវែង ៥,០២ គ.ម. ទទឹង ៨ម៉ែត្រ ក្នុងនោះក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៤,៥២គ.ម និង​ក្រាលបេតុង ០,៥គ.ម តភ្ជាប់ពីភូមិតំងត្រក ឃុំរបៀប ទៅដល់​ភូមិ​ថ្កែង ឃុំរហ័ស ស្រុករវៀង។

ខ្សែទី៣៖ (ថ្នល់កែង-ស្រែធំ) ប្រវែង ៣,៧៦គ.ម.. ទទឹង ៨ម៉ែត្រ ក្នុងនោះផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៣,៥៦គ.ម និងក្រាលបេតុង ០,២០គ.ម តភ្ជាប់ពីភូមិថ្នល់កែង ទៅដល់ភូមិស្រែធំ ឃុំរុងរឿង ស្រុករវៀង៊

ផ្លូវទាំង ៣ ខ្សែនេះ បានចាប់ផ្ដើមសាងសង់កាលពីខែមីនា ឆ្នាំ២០២៤ ស្ថិតក្នុងគម្រោង​គាំទ្រ​និរន្តរភាព​ហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) គាំទ្រ​ថវិកាដោយរាជរដ្ឋាភិបាលកម្ពុជា មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម ធនាគារ​វិនិយោគ​អឺរ៉ុប និងមូលនិធិវិនិយោគអាស៊ី នៃសហភាពអឺរ៉ុប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម