ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ៖ វិស័យ TVET ដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការកំណែទម្រង់ សេដ្ឋកិច្ចដែលជាតួអង្គធានានូវការផ្គត់ផ្គង់កម្លាំងពលកម្មជំនាញ
លោក ប៉ុក ប៉ាន់ រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា វិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលហៅកាត់ថា TVET បានដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការកំណែទម្រង់សេដ្ឋកិច្ច ដែលជាតួអង្គដើម្បីធានានូវការផ្គត់ផ្គង់កម្លាំងពលកម្មជំនាញ និងសមត្ថភាពខ្ពស់ ឱ្យឆ្លើយតបតម្រូវការឧស្សាហកម្ម។

ថ្លែងក្នុងពិធីប្រកាសបើកវគ្គវិក្រឹតការគ្រូបច្ចេកទេស លើកទី ៣ ស្តីពី“វិធីសាស្ត្របង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ” ដើម្បីគាំទ្រកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅសួនអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ រាជធានីភ្នំពេញ នៅថ្ងៃទី ២៥ មិថុនា នេះ លោក ប៉ុក ប៉ាន់ បានបន្តថា នាពេលបច្ចុប្បន្ននេះ កម្ពុជា កំពុងត្រូវការកម្មករដែលមានជំនាញច្បាស់លាស់ និងអ្នកបច្ចេកទេសយ៉ាងច្រើនគ្រប់វិស័យ។ ទន្ទឹមនឹងនេះ យើងក៏ត្រូវចាប់អារម្មណ៍លើនិន្នាការចំពោះថ្ងៃអនាគត ដែលចាំបាច់ត្រូវជំរុញឱ្យយុវជនងាកមកចាប់យកជំនាញបច្ចេកទេសឱ្យបានកាន់តែច្រើន ដើម្បីបង្កើនឱកាសចាប់យកការងារ និងសម្របខ្លួនជាមួយនឹងបដិវត្តន៍ឧស្សាហកម្ម ជំនាន់ទី ៤ ដោយមានពាក្យស្លោក«យុវជនម្នាក់ ត្រូវមានជំនាញយ៉ាងតិចមួយ»។

លោករដ្ឋលេខាធិការ បានបន្តទៀតថា TVET ក៏ចាំបាច់ត្រូវបន្តអនុវត្តឱ្យបាននូវស្តង់ដារជាតិសមត្ថភាព, កម្មវិធីសិក្សាផ្អែកលើសមត្ថភាព, ម៉ូឌុលដែលមានស្តង់ដារ, ប្រព័ន្ធវាយតម្លៃផ្អែកលើសមត្ថភាព និងការផ្តល់គុណវុឌ្ឍិ, ការធានាបាននូវគុណភាពសិក្ខាកាម សិស្ស និងនិស្សិត ក្រោយបញ្ចប់ការសិក្សា និងទទួលបានការងារធ្វើ។ លើសពីនេះ វិស័យ TVET ត្រូវខិតខំផ្គត់ផ្គង់កម្លាំងពលកម្មដែលមានជំនាញ និងសមត្ថភាពខ្ពស់ព្រមទាំងលើកទឹកចិត្ត និងបង្កើនសមត្ថភាពគ្រូបច្ចេកទេសទាំងជំនាញគរុកោសល្យ និងបច្ចេកទេស។

លោករដ្ឋលេខាធិការ បានបន្ថែមថា «ពេលនេះ TVET ត្រូវបានគេចាប់អារម្មណ៍តាមរយៈកម្មវិធីបណ្តុះបណ្តាល ១,៥ លាននាក់ ដូច្នេះយើងត្រូវផ្តោតលើគុណភាពគ្រូបច្ចេកទេសរបស់យើងដោយបំពាក់បំប៉នសមត្ថភាពបន្ថែម ជាពិសេសលើវិន័យ ក្រមសីលធម៌វិជ្ជាជីវៈ និងវិធីសាស្ត្របង្រៀន ដែលមានលក្ខណៈបត់បែន ទន់ភ្លន់ និងមានគុណភាព។ ការធ្វើវិក្រឹត្យការនេះ នឹងផ្តល់ជូនគ្រូ បច្ចេកទេសនូវវិធីសាស្ត្របង្រៀន និងម៉ូឌុលតាមជំនាញច្បាស់លាស់ ក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដែលមានស្តង់ដារតែមួយ»។

លោករដ្ឋលេខាធិការ បានបបញ្ជាក់ថា ក្នុងបរិបទសកលភាវូបនីយកម្ម គុណភាពអប់រំបណ្តុះបណ្តាលបច្ចកទេស និងវិជ្ជាជីវៈ ជាកត្តាដ៏សំខាន់មួយក្នុងការអភិវឌ្ឍធនធានមនុស្ស ដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច។ គ្រូបច្ចេកទេស គឺជាចលករដ៏សំខាន់បំផុតក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដើម្បីអាចផលិតអ្នកសិក្សាប្រកបដោយជំនាញបច្ចេកទេស ដែលអាចបំពេញតាមតម្រូវការជំនាញក្នុងទីផ្សារការងារ ទាំងក្នុង និងក្រៅប្រទេស ដែលមានសមត្ថភាពប្រកួតប្រជែង ជាមួយនឹងកម្មករជំនាញមកពីបណ្តាប្រទេសនានាបាន។

លោករដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះអគ្គនាយកដ្ឋាន TVET ដែលបានយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពគ្រូបច្ចេកទេស ក្នុងការអនុវត្តកញ្ចប់ស្តង់ដារបណ្តុះបណ្តាលស្របតាមគុណវុឌ្ឍិជាតិកម្ពុជា ដែលជាឧបករណ៍ទ្រទ្រង់មួយដ៏ចាំបាច់ សម្រាប់ធានាគុណភាពនៅក្នុងប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា ដែលមិនត្រឹមតែរួមចំណែកពង្រឹងសមត្ថភាព និងគុណភាពជាចម្បងប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងរួមចំណែកលើកកម្ពស់ និងគុណតម្លៃ នៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ សំដៅទាក់ទាញយុវជនឱ្យចាប់អារម្មណ៍ និងជ្រើសរើសរៀនវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសស្របតាមស្តង់ដារជាតិ និងតំបន់ផងដែរ។
លោកបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ បានបញ្ជាក់ថា វគ្គវិក្រឹតការគ្រូបច្ចេកទេសស្តីពី “វិធីសាស្ត្របង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ” លើកទី ៣ នេះ ដែលនឹងប្រព្រឹត្តទៅចំនួន ១០ ថ្ងៃ ចាប់ពីថ្ងៃទី ២៥ ខែមិថុនា ដល់ថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៥ មានការធ្វើបទបង្ហាញដោយវាគ្មិនកិត្តិយស និងគ្រូឧទ្ទេសល្បីៗ ជាច្រើនរូប ពោរពេញដោយចំណេះដឹង ជំនាញ និងបទពិសោធពាក់ព័ន្ធនឹងវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងឯកជន/ឧស្សាហកម្ម ដូចជាការពង្រឹងជំនាញទន់ និងវិន័យ, ការបំប៉នសមត្ថភាពគ្រូបច្ចេកទេសក្នុងការប្រើប្រាស់កញ្ចប់ស្ដង់ដារបណ្ដុះបណ្ដាល, ការរៀបចំផែនការបង្រៀន កិច្ចតែងការបង្រៀន និងកំណត់ត្រាសម្រេចបានសមត្ថភាពរបស់សិស្សឱ្យមានលក្ខណៈស្ដង់ដាររួម ព្រមទាំងភារកិច្ចគ្រូបង្រៀន, និយមន័យ TVET, គរុកោសល្យ, ការគ្រប់គ្រងពេលវេលា, ចរណៈវិជ្ជា, មូលដ្ឋានច្បាប់ការងារ, សុខភាពការងារ, សុវត្ថិភាពការងារ និង Kaizen (5S), ការអនុវត្តប្រមុំ, និងការប្រើប្រាស់ម៉ូឌុលតាមជំនាញនីមួយៗ និងអនុវត្តផ្ទាល់នៅក្នុងរោងជាង៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
កីឡា៤ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


