ព័ត៌មានជាតិ
បារម្ភខ្មែរចូលអន្ទាក់បច្ចាមិត្ត! បុគ្គលល្បីៗនិងមន្ត្រីរដ្ឋាភិបាល ដាស់តឿនថា កុំបណ្តោយការឈឺចាប់ទៅជាហុចដងដាវឱ្យសត្រូវ
បន្ទាប់ពីមើលឃើញសកម្មភាពតូចៗមួយចំនួន ដែលហាក់បង្កើតរូបភាពឱ្យមានរើងអើង និងប្រមាថគ្នានិងគ្នា ក៏ដូចជាជាតិសាសន៍ដទៃ មន្ត្រីក្នុងជួររាជរដ្ឋាភិបាល អ្នកសិល្បៈ រួមនិង Influencer ល្បីៗ ចេញសារដាស់តឿន កុំបណ្តោយការឈឺចាប់គ្របដណ្តប់ការពិចារណា និងប្រុងប្រយ័ត្ន ព្រោះកាលៈទេសៈនេះ ពិតជាសំខាន់។

ដ្បិតតែស្ថិតក្នុងកាលៈទេសៈនៃបទឈប់បាញ់ ប៉ុន្តែភាគីថៃ បានប្រើបណ្តាញផ្សព្វផ្សាយធំៗរបស់ខ្លួន ជាឧបករណ៍នយោបាយ ដោយមានទាំងក្រុមប្រឌិតព័ត៌មានបំណងបញ្ឆេះកំហឹងខ្មែរ ចេតនាទាញឱ្យចូលអន្ទាក់យុទ្ធសាស្ត្រខ្លួន តាមគ្រប់រូបភាព។ មើលឃើញបែបនេះ មន្ត្រីក្រសួងស្ថាប័នក្នុងជួររាជរដ្ឋាភិបាល ក៏ដូចជាអ្នកដែលមានឥទ្ធិពលលើបណ្តាញផ្សព្វផ្សាយ បានចេញមុខទទូចសុំពលរដ្ឋខ្មែរ បន្តសកម្មភាពស្នេហាជាតិ ប៉ុន្តែកុំត្រាប់ទង្វើមិនគួរគប្បីរបស់បច្ចាមិត្ត ដែលអាចជាការហុចដងដាវឱ្យសត្រូវមកចាក់យើងវិញក៏ថាបាន។
១. “កុំបណ្តោយការឈឺចាប់ ក្លាយជាការហុចដងដាវឱ្យសត្រូវ”
លោកបណ្ឌិត ឈត ប៊ុនថង អ្នកតាមដានសង្គម និងជំនាញផ្នែកទស្សនវិជ្ជា មើលឃើញថា ជម្លោះព្រំដេនកម្ពុជា-ថៃ បានឆ្លុះបញ្ចាំងកាន់តែច្បាស់នូវឆន្ទៈរួមរួបសាមគ្គីខ្មែរ។ តែកាលៈទេសៈនេះ លោកទទូចឱ្យសាធារណជនខ្មែរទាំងអស់ កុំបណ្តោយឱ្យការឈឺចាប់របស់យើង ការចែករំលែកព័ត៌មានរបស់យើង និងការផុសរបស់យើង ទៅជាហុចដងដាវឱ្យសត្រូវឱ្យសោះ។
ទោះបីជា ថៃ មានប្រៀបជាង កម្ពុជា ខាងសេដ្ឋកិច្ច កម្លាំងទ័ព ក៏ដូចជាវិស័យព័ត៌មាន ប៉ុន្តែក្នុងនាមជាប្រជាជាតិដែលអន្តរជាតិទទួលស្គាល់ថា ជាជាតិសាសន៍ដែលមានអរិយធម៌រុងរឿង ថ្លៃថ្នូរ “ពលរដ្ឋខ្មែរអាចឈឺចាប់” ប៉ុន្តែមិនគួរធ្វើដូចថៃ បង្កើតរូបភាពស្អប់ខ្ពើម រើសអើង ប្រមាថថ្នាក់ដឹកនាំ ឬអង្គក្សត្ររបស់គេនោះឡើយ។ នេះជាទស្សនៈនិងយោបល់របស់លោកបណ្ឌិត ឈត ប៊ុនថង អ្នកតាមដានសង្គម និងជំនាញផ្នែកទស្សនវិជ្ជា និងលោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន។
២. គាំទ្រផលិតផលជាតិ ជារឿងចម្បង តែមិនមែនផ្តិតយករូបភាពបង្កបញ្ហាក្នុងសង្កមឡើយ ដ្បិតអីរដ្ឋាភិបាល បីដូចអាណាព្យាបាល ពិតមិនចង់ឃើញកូនឈ្លោះគ្នានោះទេ។
លោក ឆេង សុភ័ក្រ្ត អ្នកផលិតមាតិកាល្បីឈ្មោះ ដែលមហាជនស្គាល់ថា ពូជ្រួញ ស្ថាបនិក «រៀនថត» បានសម្តែងក្តីព្រួយបារម្ភ បន្ទាប់ពីមើលឃើញសកម្មភាពមួយចំនួន អាចឈានដល់ការបែកចែង និងបែកបាក់ផ្ទៃក្នុង ទាក់ទងនឹងការគាំទ្រផលិតផលជាតិ។ ខណៈមួយរយៈពេលនេះ អ្នកផលិតមាតិកាមួយចំនួន បានទៅសម្ភាសតាមហាងទំនិញ ឬកន្លែងសាធារណៈនានាទាក់ទងនឹងការគាំទ្រផលិតផលជាតិយ៉ាងផុសផុល ដែលឈានដល់ការប្រមាថមាក់ងាយគ្នាថែមទៀត។ លោកថា ការរគាំទ្រផលិតផលជាតិជារឿងចម្បង ប៉ុន្តែមិនមែនមានន័យថា ត្រូវបង្កើតរូបភាពជេរប្រមាថគ្នានោះឡើយ ព្រោះយើងមានវិធីសាស្ត្រច្រើនពន្យល់ណែនាំគ្នា។ ដូចនេះ ជាការដាស់តឿន និងអំពាវនាវចំពោះបងប្អូនជនរួមជាតិ លោកសុំថា “សូមកុំបោះបង់សីលធម៌ យើងចូលរួមគាំទ្រអ្វីដែលជារបស់ខ្មែរ តែកុំភ្លេចខ្លួន នាំឱ្យមានបញ្ហាក្នុងសង្គម”។
៣. កុំបណ្តោយការឈឺចាប់ ឈានឱ្យមានការរើសអើងគ្នា
ពាក់ព័ន្ធនឹងការឈឺចាប់រហូតឈានឱ្យមានការរើសអើងគ្នាឯណេះវិញ តារាចម្រៀង Original Song ល្បីឈ្មោះ Nikki Nikki បានលើកឡើងនូវគំនិតគួរពិចារណាប៉ុន្មានចំណុចផងដែរ ដោយស្នើថា កុំបណ្តោយឱ្យឈឺចាប់ ធ្វើឱ្យបាត់ការពិចារណា និងប្រុងប្រយ័ត្ន។ ខណៈដែលពិភពលោក ក៏កំពុងមើលឃើញទង្វើកង្វក់របស់ប្រជាជននៃជាតិសាសន៍នោះ កូនខ្មែរគប្បីកាន់តែត្រូវប្រណិប័តខ្លួនកាន់តែល្អប្រពៃ ក្នុងនាមជាជាតិសាសន៍ដ៏ផូរផង់ រក្សាតម្លៃក្នុងឆាកអន្តរជាតិ។
ក្នុងនោះ Nikki លើកឡើងទាក់ទងនឹងពាណិជ្ជកម្មនៅកម្ពុជាផងដែរថា កាលៈទេសៈបច្ចុប្បន្ន ជាពេលដែលត្រូវពង្រឹងនិងពង្រីកផលិតផលក្នុងស្រុក ឯការពហិការឈប់ប្រើប្រាស់ផលិតផលថៃ មិនមែនថាឈប់ក៏ឈប់ភ្លាមបានទេ ខណៈសហគ្រិនខ្លះ បានចំណាយច្រើនលើការទិញស្តុកទៅហើយ។ ប៉ុន្តែ តារាចម្រៀងរូបនេះ ក៏ឱ្យជាយោបល់ផងដែរថា សម្រាប់ស្តុកចាស់ អាចបន្តលក់ចេញឱ្យអស់ និងគ្រាន់តែឈប់នាំចូល ឬកាត់ផ្តាច់សន្សឹមៗ ព្រោះអី សង្វាក់ផលិតកម្មកម្ពុជា ក៏មិនទាន់មានទំហំធំ រហូតផ្គត់ផ្គង់តម្រូវការក្នុងស្រុកនៅឡើយដែរ។ សូមស្តាប់វីដេអូលម្អិត៖
ទាក់ទងនឹងដំណោះស្រាយលើផលិតផលផ្ទះលេខ២ នេះដែរ Young tamtorn បានលើកឡើងជាសំណូមពរដល់ជនរួមជាតិខ្មែរយោគយល់ដល់ម្ចាស់អាជីវកម្ម និងផ្តល់ជាយោបល់ដល់ម្ចាស់អាជីវកម្មផងដែរ។
៤. កុំជឿ និងបន្តចែកចាយព័ត៌មានមិនពិត នាំឱ្យប៉ះពាល់សន្តិសុខជាតិ
កញ្ញា គឹម ឌីណា ដែលសាធារណជនស្គាល់ថាជាអ្នកនិពន្ធ បានទទូចពលរដ្ឋខ្មែរ ផ្ទៀងផ្ទាត់ព័ត៌មានជាមួយប្រភពច្បាស់ការ ព្រោះបច្ចុប្បន្ន មានគណនីបណ្តាញសង្គមជាច្រើនប្រើឈ្មោះ តែមានប្រភពពីផ្ទះលេខ២ ព្យាយាមប្រឌិតព័ត៌មាន នាំឱ្យខ្មែរជ្រួលច្របល់។
៥. កុំជ្រួលច្របល់ រឿងជំនួយ ទុកឱ្យក្រុមការងាររដ្ឋាភិបាលធ្វើការ ហើយអ្វីត្រូវធ្វើ មិនចាំព្យាយាមទៅថតសម្ភាស ឬយកជំនួយទៅដោយផ្ទាល់ឡើយ ដើម្បីសុវត្ថិភាពពួកគាត់។
អ្នកស្រី Meng Ny ម្ចាស់ហាងប្រណិតនារី ដែលមហាជនស្គាល់ថា ជាម្តាយរបស់អ្នកផលិតមាតិកាល្បីឈ្មោះ ជា ស្រីនា បានស្នើសុំដល់មហាជន ឱ្យពិចារណាមុននឹងជឿព័ត៌មានដែលផុសផុលថា ជំនួយមិនទាន់ទៅកងទ័ពឈរជើងសមរភូមិនេះ សមរភូមិនោះ។ ការលើកឡើងនេះ ក៏ព្រោះតែអ្នកស្រីបារម្ភថា ព័ត៌មាននោះ អាចជាការឈ្លបការចង់ដឹងមូលដ្ឋានឈរជើងរបស់កងទ័ពកម្ពុជា។ ដោយបែបនេះ អ្នកស្រី ស្នើឱ្យកុំចលាចលទាក់ទងនឹងរឿងនេះ ហើយទុកចិត្តប្រគល់ភារកិច្ចនេះឱ្យរដ្ឋាភិបាលធ្វើការ។
ទន្ទឹមនេះ មហាជនខ្មែរជាច្រើន បានចេញមុខទទូចសុំថា មិនត្រឹមតែរួបរួមសាមគ្គីជាតិ ជាងនេះទៅទៀត ត្រូវផ្ទៀងផ្ទាត់ថា ប្រភពមូលនិធិនោះ មុខជាដល់ដៃជនភៀសសឹក ក៏ដូចជាកងទ័ព៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២៤ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


