ព័ត៌មានជាតិ
ប្រធានមន្ទីរអប់រំ ៖ មកដល់ពេលនេះ នៅមិនទាន់មានបេក្ខជនភៀសខ្លួនសុំចុះឈ្មោះចូលរួមប្រឡងនៅភ្នំពេញ នៅឡើយទេ
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ៤ សីហា នេះថា រហូតមកដល់ពេលនេះ នៅមិនទាន់មានបេក្ខជនភៀសខ្លួនពីខេត្តព្រះវិហារ និងឧត្តរមានជ័យ មកចុះឈ្មោះចូលរួមប្រឡងនៅមណ្ឌលប្រឡងរាជធានីភ្នំពេញនៅឡើយទេ។

លោកប្រធានមន្ទីរ បានបន្តថា «អត់ទាន់មានទេ កាលពីសប្ដាហ៍មុនមានម្នាក់ដែរ គាត់សួរព័ត៌មានពីខេត្តឧត្តរមានជ័យ យើងទាក់ទងទៅក្រសួង ក្រសួងអនុញ្ញាតឱ្យមួយពីរបីទៅ តែឥឡូវបាត់ព័ត៌មានទៅ លុះដល់យើងសួរបញ្ជាក់ទៅ គាត់ប្ដូរចិត្តទៅប្រឡងនៅសៀមរាបវិញ។ ជារួម ជាក់ស្ដែង សម្រាប់មណ្ឌលរាជធានីភ្នំពេញ អត់ទាន់មាននៅឡើយទេ»។

យ៉ាងណាក៏ដោយ លោកប្រធានមន្ទីរ បានអំពាវនាវដល់បេក្ខជនភៀសខ្លួនដោយសារសង្គ្រាម រួសរាន់ដាក់ពាក្យប្រឡងឱ្យបានមុនថ្ងៃទី ១៥ សីហា ខាងមុខ ព្រោះ ក្រសួង កំណត់ត្រឹមថ្ងៃទី ១៥ សីហា ជាកំហិត។

កាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំមួយ ដោយឱ្យមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ចំនួន ២៣ លើកលែងតែខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ត្រូវចាត់ចែងទទួលពាក្យសុំចុះឈ្មោះប្រឡង និងទទួលបូកសរុបព័ត៌មានដែលទទួល បានពីបេក្ខជនភៀសខ្លួនពីខេត្ត ទាំងព្រះវិហារ និងឧត្តរមានជ័យ រួចហើយរៀបចំជាបញ្ជីឈ្មោះបេក្ខជនភៀសខ្លួន ដែលបានដាក់ពាក្យប្រឡង ព្រមទាំងបញ្ជូនមកក្រសួងនៅត្រឹមថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៥ ដើម្បីក្រសួងអាចបូកសរុប និងរៀបចំជាបញ្ជីរាយនាមបេក្ខជន និងសលាកបត្រឯកត្តជន និងបន្តនីតិវិធី នៃដំណើរការប្រឡងជាបន្តទៀត។ ប៉ុន្តែក្រសួងបានណែនាំបេក្ខជននៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ អាចសម្រេចចិត្តចូលរួមការប្រឡងនៅទីតាំងក្នុងខេត្តរបស់ខ្លួនក៏បាន ឬនៅខេត្តផ្សេងទៀតក៏បាន ប្រសិនបើបេក្ខជនបានភៀសខ្លួនចេញពីខេត្ត។

ជាមួយគ្នានេះដែរ បេក្ខជនដែលភៀសខ្លួន ត្រូវទៅដាក់ពាក្យនៅមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ដែលខ្លួនបានសម្រេចចិត្តជ្រើសរើសប្រឡង។ បេក្ខជនភៀសខ្លួន ត្រូវទៅទទួលសលាកបត្រឯកត្តជន (បោះពុម្ពថ្មី) នៅមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ដែលសាមីជនបានដាក់ពាក្យ ចាប់ពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៥។
ចំណែកបេក្ខជនដែលសម្រេចចិត្តប្រឡងនៅខេត្តព្រះវិហារ ត្រូវត្រៀមទៅប្រឡងនៅក្នុងទីរួមខេត្តព្រះវិហារ ដដែល។ ចំពោះបេក្ខជន ដែលសម្រេចចិត្តចូលរួមការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅក្នុងខេត្តឧត្តរមានជ័យ ដើម្បីធានាសុវត្ថិភាព ក្រសួង នឹងរៀបចំមណ្ឌលប្រឡងនៅ ក្នុងភូមិសាស្ត្រស្រុកពួក នៃខេត្តសៀមរាប។ ក្រសួង នឹងបង្កើតក្រុមការងារ ដើម្បីគាំទ្រលើការដឹកជញ្ជូនបេក្ខជន ផ្តល់ថវិកាសម្រាប់ការហូបចុក ការស្នាក់នៅ និងរៀបចំយន្តការផ្សេងទៀត តាមការ ចាំបាច់។
ក្រសួង នឹងបោះពុម្ពសលាកបត្រឯកត្តជន របស់បេក្ខជន ដើម្បីឱ្យបេក្ខជនភៀសខ្លួន អាចមកទទួលនៅមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត។ ក្រសួង នឹងមានវិធានការគាំទ្រពិសេសសម្រាប់បេក្ខជននៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។
ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចពន្យារពេល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥ ដែលគ្រោងរៀបចំនៅថ្ងៃទី ១៨ និងទី ១៩ ខែសីហា ឆ្នាំ ២០២៥ ទៅថ្ងៃទី ២៨ និងទី ២៩ ខែសីហា ឆ្នាំ ២០២៥ វិញ ដោយសារសង្គ្រាមឈ្លានពាននៅតាមព្រំដែនកម្ពុជា-ថៃ ដែលបង្កឡើងដោយភាគីថៃ បានបណ្តាលឱ្យមានការផ្អាកដំណើរការសាលារៀន និង ប្រជាជនភៀសខ្លួនរាប់ម៉ឺននាក់៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


