ព័ត៌មានជាតិ
ក្រសួងឧស្សាហកម្ម ដាក់ឱ្យអនុវត្តគម្រោងផ្ទេរបច្ចេកវិទ្យា ដើម្បីពង្រឹងវិស័យអាហារសម្ងួត
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានប្រកាសដាក់ឱ្យអនុវត្តគម្រោងថ្មីមួយដែលមានគោលដៅជំរុញការផ្ទេរបច្ចេកវិទ្យាផលិតអាហារសម្ងួត សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា។
គម្រោង “ជំរុញការផ្ទេរបច្ចេកវិទ្យាផលិតអាហារសម្ងួតក្នុងសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា គឺជាគំនិតផ្តួចផ្តើមរបស់នាយកដ្ឋានផ្ទេរបច្ចេកវិទ្យា ដោយសហការសម្របសម្រួលពីមជ្ឈមណ្ឌលផលិតភាពជាតិនៃកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ គម្រោងនេះទទួលបានការគាំទ្រផ្នែកប្រឹក្សាយោបល់ពីវិទ្យាស្ថាន RDI ដែលទទួលហិរញ្ញប្បទានពីអង្គការផលិតភាពអាស៊ី។


គំនិតផ្តួចផ្តើមនៃគម្រោងនេះ មានគោលបំណងបង្កើនផលិតភាពក្នុងវិស័យអាហារសម្ងួត តាមរយៈការវាយតម្លៃសមត្ថភាពបច្ចេកវិទ្យារបស់សាកលវិទ្យាល័យ ឬស្ថាប័នស្រាវជ្រាវក្នុងស្រុក ដើម្បីកំណត់ឱកាស ក្នុងការផ្ទេរបច្ចេកវិទ្យាទៅកាន់សហគ្រាស។
លោក ទ្រី សុផល អគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវចក្ខុវិស័យច្បាស់លាស់ក្នុងការប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាកាតាលីករសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។
គម្រោងគាំទ្រគោលនយោបាយជាតិស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២០-២០៣០ និងផែនទីបង្ហាញផ្លូវ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជាឆ្នាំ ២០៣០ ជាពិសេសសំដៅលើបេសសកម្មទីមួយនៃរបៀបវារៈស្រាវជ្រាវជាតិ ដែលផ្តោតលើ “ស្បៀងអាហារក្នុងស្រុក”។ គោលដៅគឺស្បៀងអាហារ ៧០% ត្រូវបានផ្គត់ផ្គង់ដោយផលិតផលក្នុងស្រុក ដែលក្នុងនោះ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវដើរតួនាទីសំខាន់ក្នុងការគាំទ្រសន្តិសុខស្បៀង និងភាពប្រកួតប្រជែងរបស់សហគ្រាស។
“ក្រៅពីឧបករណ៍បរិក្ខារ និងវត្ថុធាតុដើម អ្វីដែលជាការចាំបាច់នោះ ត្រូវមានវិធីសាស្រ្តបច្ចេកវិទ្យាទូលំទូលាយ រួមមានការកែលម្អវិធីសាស្រ្តនៃការកែច្នៃ ការត្រួតពិនិត្យច្បាស់លាស់លើប៉ារ៉ាម៉ែត្រនៃការសម្ងួត (ដូចជាសីតុណ្ហភាព សំណើម និងលំហូរខ្យល់) នវានុវត្តន៍ក្នុងការបង្កើតរូបមន្តផលិតផល ការបង្កើនប្រសិទ្ធភាពនៃអាយុកាលផលិតផល និងការជ្រើសរើសសំបកវេចខ្ចប់ដែលមានការការពារខ្ពស់។ លោក ទ្រី សុផល បញ្ជាក់បន្ថែម។
លោក Tanvir Faisal មន្ត្រីកម្មវិធីប្រចាំអង្គការ APO បានលើកឡើងថា គម្រោងនេះគឺជាគំនិតផ្តួចផ្តើមក្រោមកម្មវិធី APO’s Technical Expert Services (TES) ដែលផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់ប្រទេសសមាជិក។ វាត្រូវបានបង្កើតឡើងដើម្បីពង្រឹងកិច្ចសហការរវាងសហគ្រាសធុនមីក្រូ តូច និងមធ្យម ស្ថាប័នសិក្សាស្រាវជ្រាវ និងរដ្ឋាភិបាល ក្នុងការលើកកម្ពស់យុទ្ធសាស្រ្តផ្ទេរបច្ចេកវិទ្យាក្នុងវិស័យអាហារសម្ងួតរបស់កម្ពុជា។
គម្រោងនេះនឹងមានការប្រមូលទិន្នន័យយ៉ាងទូលំទូលាយ តាមរយៈការស្ទង់មតិ ការសម្ភាសន៍ និងការពិភាក្សាក្រុមជាមួយម្ចាស់សហគ្រាស តំណាងស្ថាប័នស្រាវជ្រាវ ឬសាកលវិទ្យាល័យ ភាគីពាក់ព័ន្ធ និងស្ថាប័នរាជរដ្ឋាភិបាល ដើម្បីកំណត់រកឧបសគ្គ និងឱកាសសម្រាប់ការផ្ទេរបច្ចេកវិទ្យា។
គោលដៅនៃគម្រោងនេះគឺដើម្បីរៀបចំផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រ និងអនុសាសន៍គោលនយោបាយសម្រាប់កិច្ចសហការការផ្ទេរបច្ចេកវិទ្យាប្រកបដោយចីរភាព រវាងសហគ្រាសក្នុងវិស័យអាហារសម្ងួត និងស្ថាប័នសិក្សាស្រាវជ្រាវ ដើម្បីបង្កើនប្រសិទ្ធភាព គុណភាពផលិតផល និងការឈានចូលទីផ្សារឱ្យបានកាន់តែប្រសើរ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


