Connect with us

ព័ត៌មានជាតិ

អនុព័ន្ធយោធាជប៉ុន សង្ឃឹមថាទាហានកម្ពុជាទាំង១៨រូបដែលថៃកំពុងឃុំខ្លួន នឹងត្រូវដោះលែងមកវិញឆាប់ៗនេះ

បានផុស

នៅ

អនុព័ន្ធយោធាអមស្ថានទូតជប៉ុនប្រចាំកម្ពុជា វរសេនីយ៍ឯក ហារ៉ា តាកាស៊ី សង្ឃឹមថា ទាហានកម្ពុជាទាំង១៨រូបដែលថៃ ចាប់ខ្លួនយកទៅក្រោយបទឈប់បាញ់ចូលជាធរមាន នឹងត្រូវដោះលែងមកវិញនាពេលឆាប់ៗនេះ ដើម្បីបានជួបជុំគ្រួសារដែលកំពុងរងចាំ។ វរសេនីយ៍​​​ឯក ហារ៉ា តាកាស៊ី លើកឡើងដូច្នេះ នៅក្នុងវេទិកាអ្នកជំនាញរប​ស់សារព័ត៌មានកម្ពុជាថ្មីកាលពីចុងសប្ដាហ៍កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈអ្នកបកប្រែ អនុព័ន្ធយោធាអមស្ថានទូតជប៉ុនប្រចាំកម្ពុជា វរសេនីយ៍ឯក ហារ៉ា តាកាស៊ី គូសបញ្ជាក់ដូច្នេះ ៖«ខ្ញុំសង្ឃឹមថាទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ នឹងមានភាពប្រក្រតីឡើងវិញឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ហើយទាហានកម្ពុជាទាំង១៨នាក់នឹងត្រូវបានដោះលែង ហើយអាចវិលត្រលប់ទៅជួបជុំជាក្រុមគ្រួសារ និងមិត្តភក្តិរបស់ពួកគេដែលកំពុងរង់ចាំនៅក្នុងប្រទេសកម្ពុជា ហើយជីវភាពប្រក្រតីរបស់ពលរដ្ឋនឹងត្រូវបានស្ដារឡើងវិញផងដែរ។»។

សូមរម្លឹកថា ទាហានថៃបានប្រើល្បិចចាប់ខ្លួនទាហានកម្ពុជាជាង២០រូប ដោយខុសច្បាប់នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ពោល គឺប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន ដែលគិតមកទល់ថ្ងៃទី០៨ ខែកញ្ញា ថៃបាននិងកំពុងឃុំខ្លួនទាហានកម្ពុជារយៈពេល៤១ថ្ងៃហើយ។

ក្រសួងការបរទេស អះអាងថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់អាទិភាពខ្ពស់បំផុត លើការធានាឱ្យ មានការដោះលែង និងធ្វើមាតុភូមិនិវត្តន៍ របស់កងទ័ពកម្ពុជាទាំង១៨រូប ដែលកងកម្លាំងថៃបានឃុំខ្លួន បន្ទាប់ពីបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ។ សម្តេចធិបតី បានណែនាំដោយផ្ទាល់ដល់ ស្ថាប័នរបស់រាជរដ្ឋាភិបាល ក្នុងការរិះរកគ្រប់មធ្យោបាយដែលអាចធ្វើទៅបានតាមទ្វេភាគី តំបន់ និង អន្តរជាតិ ដើម្បីធានានូវការវិលត្រឡប់មកវិញយ៉ាងឆាប់រហ័សនៃកងទ័ពទាំងនោះ ដោយសង្កត់ធ្ងន់ថា សុខុមាលភាពរបស់កងទ័ពដែលត្រូវបានឃុំខ្លួន គឺជាបញ្ហានៃសេចក្តីថ្លៃថ្នូររបស់ជាតិ និងជាកង្វល់ផ្នែក មនុស្សធម៌ជាបន្ទាន់។

ក្រសួងការបរទេសអះអាងទៀតថា ប្រមុខការទូតរបស់កម្ពុជា លោក ប្រាក់ សុខុន បានអនុវត្តគំនិតផ្តួចផ្តើមការទូតយ៉ាងខ្ជាប់ខ្ជួន ដោយលើកឡើងជានិច្ចនូវបញ្ហានេះ ជាមួយដៃគូទ្វេភាគី តំបន់ និងអន្តរជាតិសំខាន់ៗ ក៏ដូចជា ជាមួយបណ្តាអង្គទូត នៅរាជធានីភ្នំពេញ និងឥស្សរជនបរទេសដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា រួមទាំងប្រេសិតពិសេសសម្រាប់កិច្ចសហប្រតិបត្តិការមេគង្គរបស់ជប៉ុន ចេញកំណត់ទូត ធ្វើបទបង្ហាញអំពីស្ថានការណ៍ដល់បណ្តាអង្គទូតបរទេស ចូលរួមជាមួយយន្តការអាស៊ាន និងរក្សាកិច្ច សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសជាមិត្ត និងអង្គការអន្តរជាតិនានា ចំណែក

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចូលរួមជាមួយស្ថាប័នសិទ្ធិមនុស្ស ក្នុងតំបន់ និងអន្តរជាតិ ដើម្បីលើកឡើងពីទិដ្ឋភាពមនុស្សធម៌នៃសំណុំរឿងនេះ ដោយសង្កត់ធ្ងន់លើ សិទ្ធិ និងសេចក្តីថ្លៃថ្នូរ របស់កងទ័ពទាំង១៨រូបនេះ ព្រមទាំងអំពាវនាវឱ្យមានការគោរពពេញលេញនៃ ច្បាប់មនុស្សធម៌ និងសិទ្ធិមនុស្សអន្តរជាតិ។

ស្ថានបេសកកម្មការទូតកម្ពុជានៅបរទេស ជាពិសេសស្ថានតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការ សហប្រជាជាតិ នៅទីក្រុងញូវយ៉ក និងទីក្រុងហ្សឺណែវ បានឈរនៅជួរមុខក្នុងការតស៊ូមតិអន្តរជាតិ។ នៅទីក្រុងញូវយ៉ក ស្ថានបេសកកម្មបានលើកបញ្ហានេះជាផ្លូវការនៅអង្គការសហប្រជាជាតិ និងដៃគូ អាស៊ាន ដោយជំរុញឱ្យធ្វើមាតុភូមិនិវត្តន៍នៃកងទ័ពទាំងនោះ និងធានាថា បញ្ហានេះនៅតែស្ថិតក្នុងរបៀប វារៈអន្តរជាតិ។ នៅទីក្រុងហ្សឺណែវ ស្ថានបេសកកម្មបានកៀរគរយ៉ាងសកម្មនូវស្ថាប័នមនុស្សធម៌ និង សិទ្ធិមនុស្ស រួមមានគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) និងការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ដើម្បីត្រួតពិនិត្យលក្ខខណ្ឌនៃការឃុំខ្លួន និងជំរុញឱ្យមានការគោរពអនុសញ្ញាហ្សឺណែវ។

កម្ពុជាទាក់ទងជាមួយគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ដើម្បីស្វែងរកការគាំពារផ្នែកមនុស្សធម៌ មិនមែនការប្រឈមផ្នែកនយោបាយនោះទេ។ អាទិភាពបន្ទាន់ របស់កម្ពុជាគឺច្បាស់លាស់ណាស់៖ អ្នកទោសសង្គ្រាមត្រូវផ្តល់សិទ្ធិក្នុងការចូលជួប ត្រួតពិនិត្យ និងធ្វើ មាតុភូមិនិវត្តន៍, ជនស៊ីវិលត្រូវបានការពារពីការផ្លាស់ទីដោយបង្ខំ ការរឹបអូសដីធ្លីដោយខុសច្បាប់ និងការ ធ្វើយោធូបនីយកម្មលើផ្ទះសម្បែងរបស់ពួកគេ, សកម្មភាពប្រយុទ្ធត្រូវអនុវត្តតាមច្បាប់អន្តរជាតិ ដោយ ត្រូវបញ្ឈប់ការវាយប្រហារដោយមិនរើសមុខ ការរក្សានូវសម្បត្តិបេតិកភណ្ឌវប្បធម៌ និងការហាមឃាត់ការ ប្រើអាវុធខុសច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម