ព័ត៌មានជាតិ
កម្ពុជា-ថៃ នឹងកំណត់តំបន់សាកល្បងសម្រាប់ការងារដោះមីននៅព្រំដែនក្នុងរយៈពេល១ខែខាងមុខ
ចំពោះការងារដោះមីនមនុស្សធម៌នៅតាមណ្តោយព្រំដែន កម្ពុជា-ថៃ ភាគីទាំងពីរបានឯកភាពគ្នានឹងរៀបចំឱ្យមាននិយាមនីតិវិធីប្រតិបត្តិ (SOP) ដើម្បីអាចចាប់ផ្តើមកំណត់តំបន់សាកល្បងសម្រាប់ការងារដោះមីន ក្នុងរយៈពេល១ ខែខាងមុខ។ការឯកភាពនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងទឹកដីខេត្តកោះកុង ខណៈភាគីកម្ពុជាដឹកនាំដោយនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ឯភាគីថៃដឹកនាំដោយនាយឧត្តមសេនីយ៍ ណាត់តាផុន ណាក់ផានីត រដ្ឋមន្រ្តីស្តីទីនៃក្រសួងការពារជាតិថៃ កាលពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៥។

តាមរយៈកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការបង្កើតក្រុមការងារសម្របសម្រួលចម្រុះក្នុងរយៈពេល ១ សប្តាហ៍ បន្ទាប់ពីកិច្ចប្រជុំពិសេសនេះ ដែលដឹកនាំដោយលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៃប្រទេសទាំងពីរ ដោយមានការចូលរួមពីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) ដើម្បីកំណត់ និងឯកភាពដោយភាគីទាំងពីរ នូវតំបន់អាទិភាពព្រមទាំងសម្រប សម្រួលលើការរៀបចំផែនការ និងអនុវត្តការងារនេះ។ សកម្មភាពនេះ នឹងចូលរួមចំណែកដោយផ្ទាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការការពារដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ។
ប្រទេសកម្ពុជា និងថៃមានព្រំដែនជាប់គ្នាប្រវែងប្រមាណ ៨០០ គីឡូម៉ែត្រ ចាប់ពីខេត្តកោះកុង ដល់ខេត្តព្រះវិហារ ។ ពាក់ព័ន្ធការបោះបង្គោលព្រំដែនកម្ពុជា-ថៃ វិញ ភាគីទាំងពីរបានឯកភាពទទួលស្គាល់បង្គោលព្រំដែនចំនួន ៤២ បង្គោល ក្នុងចំណោម ៧៤ បង្គោល ដែលបោះក្នុងសម័យអាណានិគមបារាំង។

លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ធ្លាប់លើកឡើងថា ការងារបោស សម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម គឺជាកិច្ចការមួយចាំបាច់បន្ទាប់ពីការបញ្ចប់សង្រ្គាមរ៉ាំរ៉ៃនៅកម្ពុជា ដើម្បីគាំទ្រដល់ការស្តារឡើងវិញនូវសេដ្ឋកិច្ចសង្គម និងធ្វើឱ្យប្រទេសកម្ពុជាមានសុវត្ថិភាពជាងមុន។ ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី ១៨ខែ សីហា ឆ្នាំ ២០២៥ លោក លី ធុជ ក្រើនរំលឹកទៅកាន់ទាហានថៃ កុំដើរចល័តផ្តេសផ្តាសនៅតាមខ្សែបន្ទាត់ព្រំដែនប្រយ័ត្នជាន់មីនដែលសល់ពីសម័យសង្គ្រាមដោយរង់ចាំថ្នាក់ដឹកនាំទាំងពីរឯកភាពឈានដល់ការបោសសម្អាតមីន។
លោកបន្តថា៖« សំណូមពរភាគីថៃកុំចល័ត កុំដើរពាសវាលពាសកាលចូលតំបន់ទាំងនោះដែលជាទឹកដីកម្ពុជា ហើយជាតំបន់ដែលមានមីនច្រើនណាស់ បើមានការដើរចូលគឺមានគ្រោះថ្នាក់ហើយ។ ព្រោះមីនចាស់ច្រើនណាស់នៅទីនោះ ហើយយើងមានផែនការនឹងបោសសម្អាតនៅពេលអនាគត នៅពេលណាប្រទេសយើងទាំងពីរបានឯកភាពគ្នាលើបន្ទាត់ព្រំដែនច្បាស់លាស់ យើងនឹងពង្រាយកម្លាំងបោសសម្អាតមីន»។

នៅក្នុងកិច្ចប្រជុំពិសេសខាងលើ កម្ពុជា និងថៃ ក៏បានសង្កត់ធ្ងន់ផងដែរ អំពីសារៈសំខាន់នៃការទាក់ទងជាទៀងទាត់ រវាងយោធភូមិភាគ (កម្ពុជា) កងទ័ពភូមិភាគ (ថៃ) និងអង្គភាពតាមព្រំដែននៃភាគីទាំងពីរ ព្រមទាំងបានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី និងជៀសវាងការប៉ះទង្គិចគ្នា។ ភាគីទាំងពីរ បានបញ្ជាក់ថា ការពង្រឹងទំនាក់ទំនងនៅគ្រប់កម្រិត ពិតជាមានសារៈសំខាន់ណាស់ ក្នុងការកសាងជំនឿទុកចិត្តនិងលើកកម្ពស់ភាពជាអ្នកជិតខាងល្អ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


