Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលលើកទឹកចិត្តឱ្យប្រជាកសិករចូលរួមក្នុងសហគមន៍កសិកម្មទំនើប

បានផុស

នៅ

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន នៅថ្ងៃអង្គារនេះ​ បានបង្ហាញការលើកទឹកចិត្តឱ្យប្រជាកសិករនៅទូទាំងប្រទេសចូលជាសមាជិកក្នុងសហគមន៍កសិកម្ម​ទំនើប ដែលរៀបចំ និងបង្កើតឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ ដើម្បីទទួលបាននូវអត្ថប្រយោជន៍កាន់តែប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យកឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីបញ្ចប់ការសិក្សានៃគ្រឹះស្ថានឧត្តមសិក្សាកសិកម្ម នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ​ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានកត់សម្គាល់ពីភាពជោគជ័យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ ក្នុងការបង្កើត​សហគមន៍កសិកម្មទំនើប ដែលទល់ពេលនេះមានចំនួន១៦ នៅក្នុងខេត្តចំនួន១០ លើមុខ​ដំណាំស្រូវ បន្លែ ម្រេច និងស្វាយចន្ទី។

ការអនុវត្តដោយជោគជ័យលើគម្រោងនេះ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រំពឹងថា នឹ​ង​មានការកើនឡើងជាបន្តបន្ទាប់ទៀត នាពេលខាងមុខ​។ ខណៈកសិករដែល​សមាជិកសហគមន៍កសិកម្ម​ទំនើប ត្រូវបានកត់សម្គាល់ឃើញថា អាចធានា​ទីផ្សារ និង​តម្លៃកសិផល។

ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី បានអំពាវនាវ និង​លើក​ទឹកចិត្ត​ប្រជាកសិករ​ឱ្យ​ចូលរួមក្នុងសហគមន៍កសិកម្មទំនើប​ ដើម្បី​រាជរដ្ឋាភិបាល និងក្រសួងស្ថាប័ន​ពាក់ព័ន្ធ ពិសេស​ក្រសួងកសិកម្ម អាចផ្តល់ការគាំទ្រកាន់តែច្រើន​ថែម​ទៀត​លើការកាត់​បន្ថយថ្លៃដើម​ផលិត ជួយរក​ទីផ្សារ និងការធានាតម្លៃសមរម្យ ដែលជា​ដំណោះ​ស្រាយ​រយៈ​ពេលវែង ធ្វើយ៉ាងណាធានា​ប្រាក់​ចំណេញសមរម្យសម្រាប់ប្រជាកសិករ។

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលរូបនេះ ក៏បានបង្ហាញក្ដីពេញចិត្តពេញថ្លើមជាមួយនឹងសកម្មភាពយ៉ាងសស្រាក់សស្រាំរបស់មន្រ្តី​កសិកម្មឃុំនៅទូទាំងប្រទេស ដែលក្នុងនោះមន្រ្តីកសិកម្មឃុំចំនួន១​ ២២៨នាក់ បាននិងកំពុង​ផ្តល់សេវាគាំទ្របច្ចេកទេស ប្រមូលទិន្នន័យ តម្រង់​ទិសផលិតកម្មកសិកម្ម ក្តាប់បញ្ហាប្រឈម និងផ្តល់​ដំណោះស្រាយ ជាពិសេសការជួយរកទីផ្សារ និងសម្រប​សម្រួលការ​លក់ស្រូវរបស់ប្រជាកសិករ។

រាជរដ្ឋាភិបាលកម្ពុជាតែងតែចាត់​ទុកវិស័យកសិកម្ម ជាវិស័យអាទិភាពមួយដ៏សំខាន់ក្នុងការធានាសន្តិសុខស្បៀង លើកកម្ពស់ជីវភាព​ប្រជាពលរដ្ឋ និងរួមចំណែកដល់ការលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ។ នេះជាការគូសបញ្ជាក់របស់លោក ហង់ជួន ណារ៉ុន ហើយលោក បន្ថែមថា សម្តេចតេជោ បានដឹកនាំឱ្យមាន​កំណែ​ទម្រង់ជាបន្តបន្ទាប់ ​ក្នុងវិស័យកសិកម្ម ដែលជាលទ្ធផលបានប្រែក្លាយប្រទេសកម្ពុជា ពីប្រទេសដែលខ្វះស្បៀង និង​ពឹងផ្អែកលើជំនួយ​ស្បៀងពីបរទេស ទៅជាប្រទេសកសិកម្មរីកចម្រើន មាន​សន្តិសុខស្បៀង មាន​ផលិតផលកសិកម្ម​សម្បូរបែប និងនាំចេញកសិផលរាប់លានតោនទៅបរទេស។

ក្នុងអាណត្តិទី៧ ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត, លោក ហង់ជួន ណារ៉ុន លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តផ្តល់អាទិភាពដល់វិស័យកសិកម្ម ពិសេស​ការធានាសន្តិសុខស្បៀងក្នុងគ្រប់កាលៈទេសៈ។ ទោះបី​ជាសេដ្ឋកិច្ចកម្ពុជា​បានឈានដល់ដំណាក់កាល​ថ្មី​នៃការ​អភិវឌ្ឍតាមរយៈការស្ទុះឡើងក្នុង​វិស័យនានាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែបន្ត​ចាត់ទុកសន្តិសុខស្បៀង​គឺជា​មូលដ្ឋាន​ដ៏សំខាន់​ក្នុងការធានាស្ថិរភាពសេដ្ឋកិច្ច នយោបាយ និងសង្គមដដែល។

ន័យនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពទាំង៦ ដែលក្នុងនោះកម្មវិធីទី៥ និងទី៦ ផ្តោតលើការបង្កើនល្បឿន​នៃការអភិវឌ្ឍ​វិស័យកសិកម្ម សំដៅបន្តធានាសន្តិសុខស្បៀង លើកកម្ពស់ជីវភាព​ប្រជាពលរដ្ឋ និងរួមចំណែក​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ចជាតិ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម