ព័ត៌មានជាតិ
អាជ្ញាធរមីន ប្រាប់គណៈប្រតិភូអឺរ៉ុបពីមូលហេតុដែលមិនទាន់បោសសម្អាតមីនព្រំដែនកម្ពុជា-ថៃ
លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ប្រាប់គណៈប្រតិភូអឺរ៉ុបប្រចាំកម្ពុជាថា ការបោសសម្អាតមីននៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ មិនមែនជាបញ្ហាចោទនោះទេ បញ្ហាសំខាន់ គឺភាគីទាំងពីរមិនទាន់កំណត់ខណ្ឌសីមាច្បាស់លាស់។

លោកបានលើកឡើងបែបនេះ នាឱកាសអនុញ្ញាតជូនលោក Igor Driesmans ប្រធានគណៈប្រតិភូសហគមន៍អ៊ឺរ៉ុបប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការងារបោសសម្អាតមីនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន។
ក្នុងជំនួបនោះលោក លី ធុជ បានគូសបញ្ជាក់ប្រាប់លោក Igor Driesmans ថា កិច្ចការបោសសម្អាតមីនមនុស្សធម៌នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតែបន្តសកម្មភាពជាប្រចាំស្របតាមកម្មវិធីបានកំណត់ និងស្របតាមគោលដៅជាអាទិភាពក្រោមគំនិតផ្តួចផ្តើមថ្មីរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

លោកលើកឡើងទៀតថា ការងារបោសសម្អាតមីនមនុស្សធម៌នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មិនមែនចោទជាបញ្ហាចម្បងនោះទេ បញ្ហាសំខាន់គឺតំបន់តាមបណ្តោយព្រំដែនមិនទាន់ទទួលបានការឯកភាពគ្នា និងកំណត់ខណ្ឌសីមាច្បាស់លាស់នៅឡើយរវាងកម្ពុជា-ថៃ។ លោកបន្តថា៖«ទោះបីយ៉ាងណា កម្ពុជានៅតែបន្តសកម្មភាពបោសសម្អាតមីនជាធម្មតា ស្របតាមគោលការណ៍ច្បាប់ និងគោលការណ៍មនុស្សធម៌ ដែលត្រូវផ្តោតសំខាន់ជាអាទិភាពលើតំបន់មានការខណ្ឌសីមាច្បាស់លាស់ ទីកន្លែងដែលមានប្រជាជនរស់នៅ និងទីកន្លែងបម្រើដល់សេដ្ឋកិច្ចសង្គម»។
បើតាមអនុប្រធានទី១អាជ្ញាធរមីន ជម្លោះប្រដាប់អាវុធរវាងកម្ពុជា-ថៃ រយៈពេល ៥ថ្ងៃកន្លងទៅនេះ យោធាថៃ បានបន្សល់ទុកនូវយុទ្ធភណ្ឌគ្រឿងផ្ទុះយ៉ាងច្រើន និងបង្កផលប៉ះពាល់ជាអវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋស្លូតត្រង់រយៈពេលយូរ ជាពិសេសបង្កើនបន្ទុកបន្ថែមដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយយុទ្ធភណ្ឌគ្រឿងផ្ទុះទាំងនោះ បន្ថែមលើបញ្ហាមីនដែលនៅសេសសល់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលកម្ពុជាកំពុងយកចិត្តទុកដាក់ និងធ្វើការបោសសម្អាតមីនឱ្យអស់ដើម្បីសម្រេចបាននូវគោលដៅកម្ពុជាគ្មានមីន។

តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សហភាពអ៊ឺរ៉ុប ដែលបានចូលរួមគាំទ្រដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជាតាំងពីឆ្នាំ១៩៩២ ក្នុងការរួមចំណែកផ្តល់ដីមានសុវត្ថិភាព ការបន្ថយអត្រាគ្រោះថ្នាក់ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ជាមួយគ្នានោះ លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់សហភាពអ៊ឺរ៉ុប ដែលតែងតែផ្តល់ការគាំទ្រដល់កិច្ចខិតខំប្រឹងសកម្មភាពមីនសកល ក្នុងនោះបានចូលរួមគាំទ្រដល់ភាពជាម្ចាស់ផ្ទះនៃសន្និសីទសកលលើកទី៣ ស្តីពីកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ឆ្នាំ២០២៣ និងភាពជាប្រធាននិងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ឆ្នាំ២០២៤ នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)។
លោក លី ធុជ បានចាត់ទុកសហភាពអ៊ឺរ៉ុប គឺជាដៃគូយូរអង្វែង និងមិត្តភ័ក្តិយ៉ាងជិតស្និទ្ធរបស់កម្ពុជា ក្នុងនោះបានផ្តល់នូវការគាំទ្រដល់ដំណើរការនៃវឌ្ឍនភាពកម្ពុជារហូតដល់ពេលបច្ចុប្បន្ន ក៏ដូចជាគាំទ្រដល់កិច្ចការមនុស្សធម៌ ផងដែរ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


