ព័ត៌មានជាតិ
កម្ពុជាប្រកាសដាក់ឱ្យប្រើប្រាស់ផែនការជាតិ ឆ្លើយតបការប្រែប្រួលអាកាសធាតុ
ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជាដំណាក់កាលទី៣ (NDC 3.0) ជាសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបញ្ជាក់អំពីការបេ្តជ្ញាចិត្តដោយឥតងាករេរបស់កម្ពុជា លើឆាកអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ និងដើម្បីជំរុញល្បឿន នៃការអភិវឌ្ឍរបស់កម្ពុជា ប្រកបដោយនិរន្តរភាព ធន់នឹងអាកាសធាតុ ស្របតាមយុទ្ធសាស្រ្តជាតិ ដែលមានស្រាប់ និងដំណើរវិវត្តន៍ឥតឈប់ឈរនៃការប្រែប្រួលអាកាសធាតុសកល ដើម្បីឈានឆ្ពោះទៅ សម្រេចឱ្យបាននូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ UNFCCC។
នេះជាប្រសាសន៍លើកឡើងរបស់លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ផែនការជាតិរួមចំណែកឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC 3.0) កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។

កម្ពុជាមានប្តេជ្ញាយ៉ាងមោះមុត ក្នុងការដឹកនាំវិស័យបរិស្ថានប្រទេសកម្ពុជា ឆ្ពោះទៅរកអនាគតដែលមានការអភិវឌ្ឍប្រកបដោយចីរភាព មានភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងមានតុល្យភាពបរិស្ថាន។ តាមរយៈគោលនយោបាយ និងកិច្ចផ្តួចផ្តើមយុទ្ធសាស្ត្រជាបន្តបន្ទាប់របស់កម្ពុជា ក្នុងនោះយុទ្ធសាស្ត្រចក្រាក្នុងវិស័យបរិស្ថាន សំដៅលើកកម្ពស់កិត្យានុភាពរបស់ប្រទេសកម្ពុជា តាមរយៈការតម្រង់ទិសនិងការជំរុញការអនុវត្តសកម្មភាពនានា ដើម្បីធ្វើឱ្យកម្ពុជាមានភាពស្អាត ភាពបៃតង និងចូលរួមសម្រេចគោលដៅ ដូចមានចែងក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាពរបស់កម្ពុជា។
លោករដ្ឋមន្រ្តីបានថ្លែអថា ការអនុវត្ត NDC 3.0 ជោគជ័យទៅបាន ទាមទារឱ្យមានការចូលរួមពីគ្រប់វិស័យ មិនត្រឹមតែវិស័យរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវមានការចូលរួមយ៉ាងសកម្មពីសហគមន៍មូលដ្ឋាន វិស័យឯកជន អង្គការសង្គមស៊ីវិល និងដៃគូអន្តរជាតិជាអាទិ៍៖ ការបន្តកិច្ចសហប្រតិបត្តិការ និងមធ្យោបាយនៃការគាំទ្រទាំងបច្ចេកទេស និងហិរញ្ញវត្ថុ។


លោករដ្ឋមន្រ្តីស្នើឱ្យដៃគូអភិវឌ្ឍន៍និងអ្នកពាក់ព័ន្ធ បង្កើនការគាំទ្រតាមរយៈហិរញ្ញប្បទានអាកាសធាតុ ការផ្ទេរបច្ចេកវិទ្យា និងការកសាងសមត្ថភាពជាដើម ព្រមទាំងខិតខំប្រឹងប្រែងនិងទំនួសខុសត្រូវរួមគ្នា ដើម្បីធានាថាសកម្មភាពអាកាសធាតុរបស់កម្ពុជា ផ្តល់អត្ថប្រយោជន៍ ពិតប្រាកដសម្រាប់ប្រជាជន សេដ្ឋកិច្ច និងបរិស្ថាន។
ក្នុងឱកាសនេះ លោក Igor Driesmans ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុប (EU) ប្រចាំនៅកម្ពុជា និងលោក Enrico Gaveglia អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា លោក Stelios Pesmajoglou ប្រធានគ្រប់គ្រង ផ្នែកកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ប្រចាំតំបន់ អាស៊ី ប៉ាស៊ីហ្វិក, UNFCCC បានលើកឡើង អំពីការប្តេជ្ញាចិត្តរបស់ដៃគូអភិវឌ្ឍន៍ ដើម្បីគាំទ្រដល់ការជំរុញការអនុវត្តផែនការសកម្មភាព ដើម្បីរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅកម្ពុជា។
តំណាងដៃគូអភិវឌ្ឍន៍បានបានកោតសរសើរ និងសាទរដល់ការខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលមានក្រសួងបរិស្ថានជាសេនាធិការរួមជាមួយ ក្រសួង ស្ថាប័នជាតិ អង្គការជាតិ អន្តរជាតិ អង្គការសង្គមស៊ីវិល លើកិច្ចខិតខំប្រឹងប្រែងដោះស្រាយ ការប្រែប្រួលអាកាសធាតុ ជាពិសេសការដាក់ចេញនូវ NDC 3.0 នេះឡើង ដើម្បីកម្ពុជាមានការអភិវឌ្ឍន៍ប្រកបដោយអព្យាក្រឹតកាបូននៅថ្ងៃអនាគត។
លោកស្រី ភាណ សោភ័ណ នាយិកានៃអង្គការ Oxfam បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់កម្ពុជា ជាពិសេសក្រុមការងារក្រសួងបរិស្ថាន ដែលបានពង្រឹងការប្តេជ្ញាចិត្តជាមួយសហគមន៍អន្តរជាតិ ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ជាពិសេសការបង្កើតបាន ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC 3.0) ដើម្បីធានាអនាគតប្រកបដោយចីរភាពសម្រាប់ប្រជាជនកម្ពុជា។

កម្ពុជាបានរៀបចំនិងដាក់ជូនផែនការជាតិ NDC3.0 ទៅកាន់លេខាធិការដ្ឋាន UNFCCC កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ដែលមកទល់នឹងពេលនេះ យើងជាប្រទេសទី២៩ ប៉ុណ្ណោះលើពិភពលោក និងជាប្រទេសទី៤ ក្នុងតំបន់អាស៊ី ដែលបានដាក់ជូន NDC 3.0 ទាន់ពេលវេលាមុនកិច្ចប្រជុំ COP30 នៅប្រទេសប្រេស៊ីល នាពេលខាងមុខ។ ផែនការជាតិ NDC3.0 បានបង្កើតឡើងដោយបង្កប់នូវអត្ថន័យសំខាន់ៗ៖
១. ការបង្កើនមហិច្ឆតា កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់៖ យើងបានធ្វើបច្ចុប្បន្នភាព និងពង្រីកគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់តាមវិស័យសំខាន់ៗ ជាពិសេសក្នុងវិស័យថាមពល ដឹកជញ្ជូន គ្រប់គ្រងកាកសំណល់ ឧស្សាហកម្ម កសិកម្ម និងព្រៃឈើ និងការប្រើប្រាស់ដីផ្សេងទៀត ស្របតាមគោលដៅរយៈពេលវែងប្រកបដោយអព្យាក្រឹតភាពកាបូនរបស់យើងសម្រាប់ឆ្នាំ ២០៥០។ ប្រការនេះសបញ្ជាក់ថា ទោះបីកម្ពុជា ជាប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតួចក៏ដោយ តែយើងបានត្រៀមខ្លួនរួចជាសម្រេចក្នុងការចូលរួមដោះស្រាយបញ្ហាសកលនេះ និងបង្ហាញពីគំរូវីរៈភាពនៃភាពជាអ្នកដឹកនាំ លើការងារប្រែប្រួលអាកាសធាតុ លើឆាកអន្តរជាតិ ស្របតាមសមត្ថភាព និងធនធានរបស់ខ្លួន។
២. ការពង្រឹងការងារបន្ស៊ាំនឹងអាកាសធាតុ៖ យើងបានសង្កត់ធ្ងន់លើភាពធន់ក្នុងវិស័យកសិកម្ម សុខភាពមនុស្ស ទឹកនិងអនាម័យ (WASH) ហេដ្ឋារចនាសម្ព័ន្ធ ជីវភាពរស់នៅនិងប្រព័ន្ធអេកូឡូស៊ី ការគ្រប់គ្រងគ្រោះមហន្តរាយ និងហានិភ័យអាកាសធាតុ កិច្ចគាំពារសង្គម សេវាសង្គម និងកិច្ចគាំពារកុមារ ប្រព័ន្ធស្បៀង និងការគ្រប់គ្រងគុណភាពខ្យល់ ដោយយកចិត្តទុកដាក់ជាពិសេសលើសហគមន៍ងាយរងគ្រោះ ស្ត្រី កុមារ និងយុវជន។
៣. ការពង្រឹងមធ្យោបាយនៃការអនុវត្ត ៖ យើងបានគិតគូរអំពីតម្រូវការ ហិរញ្ញវត្ថុជាក់លាក់ ការផ្ទេរបច្ចេកវិទ្យា ការកសាងសមត្ថភាព និងការចូលរួមពីគ្រប់ភាគីទាំងអស់ ហើយយើងសូមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែខ្លាំង ជាពិសេសការផ្តល់ហរិញ្ញប្បទានតាមតម្រូវការ ដើម្បីប្រែក្លាយការប្តេជ្ញាចិត្តរបស់យើងឱ្យទៅជាសកម្មភាពជាក់ស្តែង និងផលប្រយោជន៍ពិតប្រាកដចំពោះប្រជាជន៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


