Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីអប់រំ៖ ទិវាគ្រូបង្រៀន គឺជាការរំលឹកគុណគ្រូបង្រៀនគ្រប់ជំនាន់ដែលបានផ្ទេរចំណេះដឹង

បានផុស

នៅ

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានលើកឡើងថា ការដែលយើងទាំងអស់គ្នាប្រារព្ធទិវាគ្រូបង្រៀន គឺដើម្បីរំឭកគុណគ្រូបង្រៀនគ្រប់ជំនាន់ ដែលបានខិតខំប្រឹងប្រែង តស៊ូលះបង់ក្នុងការបង្ហាត់បង្រៀន និងការផ្ទេរចំណេះដឹង តាមគ្រប់រូបភាព និងគ្រប់មធ្យោបាយដល់ក្មួយៗសិស្ស និស្សិត និងយុវជនគ្រប់ៗរូប។ លោកមាន​ប្រសាសន៍​បែបនេះ នាឱកាសអញ្ជើញថ្លែងសន្ទរកថា ក្នុងទិវាគ្រូបង្រៀន ៥ តុលា ២០២៥ ក្រោមប្រធានបទ “គ្រូបង្រៀនជាតួអង្គសំខាន់នៃបរិវត្តកម្មបញ្ញាសិប្បនិម្មិត (AI)” បានធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៅថ្ងៃទី ០៦​ តុលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកមានប្រសាសន៍ថា តាំងពីដើមរៀងមក ការរំឭកគុណគ្រូ និងការដឹងគុណគ្រូបានក្លាយទៅជាចលនាជាតិដ៏ផុសផុលមួយត្រូវបានស្តែងឡើងតាមរយៈការជួបជុំសិស្ស ឬអតីតសិស្សជាមួយគ្រូបង្រៀន ឬគ្រូបង្រៀនចូលនិវត្ត ដើម្បីប្រារព្ធទិវារំឭកគុណគ្រូនៅតាមសាលារៀន ក៏ដូចជាការបង្កើតឱកាសនានា ដើម្បីសួរសុខ ទុក្ខ និងជួបជុំជាមួយគ្រូបង្រៀន តាមគ្រប់រូបភាព។

នៅឆ្នាំនេះ ការប្រារព្ធទិវាគ្រូបង្រៀន នៅថ្នាក់ជាតិបាន និងកំពុងប្រព្រឹត្តទៅក្រោម ប្រធានបទ “គ្រូបង្រៀនជាតួអង្គសំខាន់នៃបរិវិត្តកម្មបញ្ញាសិប្បនិម្មិត” ដើម្បីបង្ហាញអំពីទិសដៅ គោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការកសាងមូលដ្ឋានគ្រឹះរបស់គ្រូបង្រៀន ឆ្លើយតបទៅនឹងបរិវិត្តកម្មវិស័យអប់រំនៅកម្ពុជា ផ្តោតលើការប្រើប្រាស់ និងការចេះទាញយក អត្ថប្រយោជន៍ជាអតិបរិមានៃការរីកចម្រើនបច្ចេកវិទ្យាអប់រំ (EdTech) និងបញ្ញាសិប្បនិម្មិត (AI) ក្នុងការលើកកម្ពស់គុណភាពអប់រំ តាមរយៈការអភិវឌ្ឍបំណិនឌីជីថលដល់គ្រូបង្រៀននៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថលក្នុងតំបន់ និងពិភពលោកដែលនឹងនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានយ៉ាងច្រើនដល់វិស័យអប់រំនៅកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ លោក ហង់ជួន ណារ៉ុន បានវាយតម្លៃខ្ពស់ចំពោះគណៈគ្រប់គ្រង គ្រូឧទ្ទេស និងលោកគ្រូ អ្នកគ្រូនៃវិទ្យាស្ថានជាតិអប់រំ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ វិទ្យាស្ថានគរុកោសល្យ បាត់ដំបង និងសាលារៀនជំនាន់ថ្មី ដែលបានជំរុញនវានុវត្តន៍ក្នុងការងារបង្រៀន និងរៀនឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការធ្វើសមាហរណកម្មបច្ចេកវិទ្យាអប់រំ (EdTech) និងបញ្ញា សិប្បនិម្មិត (AI) ក្នុងការបង្រៀននៅកម្ពុជា។ នវានវុត្តន៍នេះជាកាតាលីករពន្លឿនបរិវិត្តកម្ម បច្ចេកវិទ្យាឌីជីថល និងការធ្វើសមាហរណកម្មប្រព័ន្ធអប់រំកម្ពុជាចូលទៅក្នុងតំបន់ និងពិភពលោក ស្របតាមកំណែទម្រង់ការអប់រំឌីជីថលរបស់ក្រសួងអប់រំ យុវជន និងកីឡា។

គ្រូបង្រៀនគឺជាភ្នាក់ងារដ៏សំខាន់ ក្នុងការលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស។ ការបង្កើនគុណភាព និងឧត្តមភាពរបស់គ្រូបង្រៀន គឺជាកត្តាគន្លឹះ ដោយក្រសួងនឹងបន្តកំណែទម្រង់សាលាគរុកោសល្យ ពោលគឺការប្រែក្លាយសាលា​គរុកោសល្យ ឱ្យក្លាយទៅជាមជ្ឈមណ្ឌល ឧត្តមភាពក្នុងការបណ្តុះបណ្តាល និងវិក្រឹតការគ្រូបង្រៀនគ្រប់កម្រិត ដើម្បីធានាបាននូវ គុណភាព និងឧត្តមភាព ឆ្លើយតបនឹងតម្រូវការក្នុងបរិបទថ្មីនេះ។

ការអភិវឌ្ឍគ្រូបង្រៀន ត្រូវការនូវគោល​នយោបាយអប់រំគ្រូបង្រៀនដែលគ្រប់ជ្រុងជ្រោយ និងឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃ តម្រូវការអប់រំជាតិ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការលើកកម្ពស់ឋានៈរបស់គ្រូបង្រៀននៅក្នុងសង្គម។ ហេតុដូចនេះហើយ ទើបគោលនយោបាយស្តីពី គ្រូបង្រៀន ត្រូវបានអភិវឌ្ឍ និងកែលម្អជាបន្តបន្ទាប់ ដើម្បីទាក់ទាញ និងលើកទឹកចិត្តអ្នកមានសមត្ថភាពឱ្យប្រកបវិជ្ជាជីវៈជាគ្រូបង្រៀន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម